ភ្នំពេញ៖ ​គ្រូ​ប្រដាល់​សកល​ជនជាតិ​គុយបា លោក Rolando Castellano Rodriguez ដែល​ធ្លាប់​ទទួល​បាន​ប្រាក់​ខែ​ជាង ​២ ០០០ ​ដុល្លារ ​ក្នុង ​១ ខែៗ សម្រាប់​ការ​បង្វឹក​ក្រុម​ប្រដាល់​សកល​ជម្រើសជាតិ​កម្ពុជា​នោះ ​នៅ​តែ​បន្ត​សហការ​ជាមួយ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​ ទោះ​ជា​លោក​បាន​ផុត​កិច្ច​សន្យា​ជាមួយ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា អស់​​រយៈ​ពេល​ជាង ​៨ ​ឆ្នាំ​ហើយ​ក៏​ដោយ​។

បើ​ទោះបី​ជា​ការងារ​ស្ម័គ្រ​ចិត្ត​ជា​គ្រូ​បង្វឹក​នេះ មិន​ទទួល​ប្រាក់​ឈ្នូល​ដូច​កាល​ពី​អតីតកាល​ក្ដី ប៉ុន្តែ​ដោយសារ​​​​ការ​ស្រឡាញ់​ចូលចិត្ត​កីឡាករ ​និង​​​ប្រទេស​កម្ពុជា ​​លោក​ Rolando Castellano បាន​​សម្រេច​ចិត្ត​នៅ​បន្ត​ជា​គ្រូ​បង្វឹក​ដដែល ​ដោយ​ទទួល​បាន​កម្រៃ​ប្រចាំ​ខែ​ដូច​គ្រូ​បង្វឹក​ក្នុង​ស្រុក​ គឺ​ប្រហែល ​១,៩ ​លាន​​រៀល។

ជាមួយ​គ្នា​នេះ លោក​ Rolando Castellano សុខ​ចិត្ត​បន្ថែម​ការ​បង្វឹក​តាម​ក្លិប​ឯកជន​នានា​ ដោយ​ទទួល​បាន​កម្រៃ​តាម​ការ​យោគយល់​បន្តិច​បន្តួច​ ដើម្បី​ជីវភាព​សាមញ្ញ​ប៉ុណ្ណោះ។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​ នៅ​ក្នុង​បទសម្ភាស​​ជាមួយ ​ភ្នំពេញ ​ប៉ុស្តិ៍​ ​លោក​ Rolando Castellano ​ប្រាប់​ថា​ លោក​នឹង​បន្ត​កិច្ចការ​ជា​គ្រូ​បង្វឹក​តាម​របៀប​នេះ​ ចំនួន ​១០ ​ឆ្នាំ​បន្ត​ទៀត​ ដើម្បី​ជួយ​ឱ្យ​ប្រដាល់​សកល​កម្ពុជា​មាន​ភាព​រីក​ចម្រើន​។​

គ្រូ​បង្វឹក​វ័យ ​៥០ ​ឆ្នាំ ​លោក​ Rolando Castellano បាន​​អះអាង​ថា៖ «​បច្ចុប្បន្ន​ក្រៅ​ពី​បង្វឹក​ឱ្យ​ក្រុម​ជម្រើស​ជាតិ ​ក្នុង​រយៈពេល​ប្រមូល​ផ្តុំ​​ ខ្ញុំ​បាន​ទៅ​បង្វឹក​ឱ្យ​ក្លិប​ប្រដាល់​ឯកជន​នានា​ ក្នុង​ប្រទេស​កម្ពុជា ​ហើយ​ទទួល​បាន​កម្រៃ​​មិន​កំណត់​នោះ​ទេ​ គឺ​តាម​គេ​ឱ្យ​ ​ព្រោះ​ការងារ​នេះ ​ខ្ញុំ​ចង់​ធ្វើ​ និង​ស្រឡាញ់​ ដើម្បី​ឱ្យ​តែ​មាន​កីឡាករ​ឡើង​ប្រកួត​មាន​គុណភាព​ល្អ ​គឺ​ខ្ញុំ​​ពេញ​ចិត្ត​ណាស់​ទៅ​ហើយ»​។

លោក​បាន​បន្ថែម​ថា៖ ​«ការងារ​នេះ​ខ្ញុំ​ពេញ​ចិត្ត ​ដោយ​មិន​គិត​ពី​ប្រាក់​ចំណូល​ជា​ធំ​នោះ​ទេ​ ប៉ុន្តែ​ទទួល​បាន​មក​វិញ​ដោយ​សមរម្យ​ផង​ដែរ​ ​ព្រោះ​គេ​តែងតែ​ផ្តល់​ឱ្យ​ខ្ញុំ​បាន​សមរម្យ ​អាច​រស់បាន​ក្នុង​ជីវភាព​សាមញ្ញ​នៅ​ប្រទេស​កម្ពុជា​។​ ​កាល​ខ្ញុំ​ជា​កីឡាករ ​នៅ​​ប្រទេស​គុយបា​ ខ្ញុំ​ធ្លាប់​ឈ្នះ​មេដាយ​ និង​ពាន​ទាំង​អស់​ ទាំង​ថ្នាក់​ជាតិ ​និង​អន្តរជាតិ ​មាន​កម្រិត​តំបន់ ​និង​ទ្វីប​សរុប​ចំនួន ​១៥ ​មេដាយ​»។

លោក​បាន​ទម្លាយ​ថា៖ ​«ក្នុង​ឋានៈ​ជា​គ្រូ​បង្វឹក ​ដែល​រដ្ឋាភិបាល​គុយបា បញ្ជូន​មក​បង្វឹក​នៅ​ក្រៅ​ប្រទេស ​គឺ​មាន​ប្រាក់​ខែ​ជិត ​៣ ​០០០ ​ដុល្លារ​ឯណោះ​ ប៉ុន្តែ​មាន​ការ​បែងចែក​ច្រើន​មិន​មែន​បាន​មក​យើង​ជា​សាមី​ខ្លួន​ទាំង​អស់​នោះ​ឡើយ​​។​ ចំណែក​ស្ថានភាព​រស់នៅ​របស់​ខ្ញុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ទោះ​បី​ជា​ប្រាក់​ចំណូល​បាន​តិច​ គឺ​បាន​ផ្ទាល់​ទាំង​អស់​មក​ដល់​ដៃ​ខ្ញុំ​ ហើយ​​បន្ថែម​លើ​នេះ ខ្ញុំ​ចង់​ជួយ​កីឡាករ​ប្រ​ដាល់​សកល​កម្ពុជា ​ឱ្យ​មាន​ភាព​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ​ ដោយ​​ខ្ញុំ​ចង់​នៅ​បន្ត ​១០ ​ឆ្នាំ​ទៀត​​»​។​

លោក​ ប៊ុយ ​សុភ័ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​បាន​ប្រាប់​ថា សហព័ន្ធ​ក៏​ដូចជា​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​ពេញ​ចិត្ត​​ចំពោះ​វត្តមាន​របស់​លោក​គ្រូ Rolando Castellano​។ ​​ស្នាដៃ​របស់​គាត់ ​ទទួល​បាន​លទ្ធផល​ល្អ​ ដោយ​សហការ​ជាមួយ​គ្រូបង្វឹក​​ក្នុង​ស្រុក ​គឺ​លោក ​វ៉ែន ​សុផល​ ​នាំ​ឱ្យ​ប្រដាល់​សកល​កម្ពុជា​ទទួល​បាន​មេដាយ​ពី​អន្តរជាតិ​ជា​បន្ត​បន្ទាប់ ពិសេស​ធ្លាប់​​ឈ្នះ​មេដាយ​ប្រាក់ ​១​ ពី​​ស៊ីហ្គេម​ឆ្នាំ ​២០១៥ ​នៅ​សិង្ហបុរី​ ឈ្នះ​មេដាយ​សំរឹទ្ធ ​៣ ​ឆ្នាំ ​២០១៧ ​នៅ​​ម៉ាឡេស៊ី​ និង​ស៊ីហ្គេម ​ឆ្នាំ ​២០១៩​ នៅ​ហ្វីលីពីន​បាន​សំរឹទ្ធ​ចំនួន ​៥​។​

លោក ​ប៊ុយ ​សុភ័ណ្ឌ ​បន្ថែម​ថា​៖ «នៅ​លើ​ពិភព​លោក​ គ្រូ​បង្វឹក​ប្រដាល់​សកល​គេ​ ចែក​ជា ​៣ ​កម្រិត ​គឺ​ផ្កាយ ​១​ ផ្កាយ ២​ និង​ផ្កាយ ​៣​ ហើយ​កម្រិត​ផ្កាយ ​១ ​ដែល​ចេញ​មក​បង្វឹក​ក្រៅ​ប្រទេស​ក៏​មាន​តម្លៃ​ពលកម្ម​​​ចាប់​ពី​ខ្ទង់ ​៣ ០០០ ​ដុល្លារ​ ​ក្នុង ​១ ​ខែ​ និង​មាន​បន្ថែម​ការ​ស្នាក់នៅ​ទៀត​ផង​​។ ​ចំណែក​លោក ​ Rolando Castellano ​ដែល​ស្ម័គ្រ​ចិត្ត​ជា​គ្រូ​បង្វឹក​ឱ្យ​ក្រុម​ជម្រើស​ជាតិ​សព្វ​ថ្ងៃ គាត់​ទទួល​បាន​ប្រហែល​ជិត ​៥០០ ​ដុល្លារ​ប៉ុណ្ណោះ​ ក្នុង ​១ ​ខែ ​ក្នុង​អំឡុង​ពេល​ប្រមូល​ផ្តុំ​ក្រុម​ជម្រើស​ជាតិ​ប្រចាំ​ឆ្នាំ​ ហើយ​​នេះ​​ជា​ការ​លះបង់​​មួយ​ដ៏​​ល្អ​របស់​គាត់ ​ដែល​ស្រឡាញ់​ប្រដាល់​សកល​កម្ពុជា​»៕