ភ្នំពេញៈ សិក្ខាកាម​ចំនួន ៣៥ នាក់ (ស្រី ១២ នាក់) មក​ពី ១១ ក្លិប ដែល​ភាគ​ច្រើន​ជា​អត្តពលិក​ស្ថិត​ក្រោម​ចំណុះ​របស់​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា បាន​បន្ថែម​ជំនាញ​ថ្មី​មួយ​ទៀត គឺ​គ្រូបង្វឹក​មូលដ្ឋាន និង​អាជ្ញា​កណ្តាល បន្ទាប់​ពី​អ្នក​ទាំង​នេះ ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ពី​គ្រូបង្វឹក​មក​ពី​ជប៉ុន និង​កូរ៉េខាងត្បូង កាល​ពី​ចុង​ឆ្នាំ ២០១៨ កន្លង​មក​នេះ។

បើទោះបីជា​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កម្រិត​មូលដ្ឋាន និង​អាជ្ញាកណ្តាល​ថ្នាក់​ជាតិ​កីឡា​សូហ្វតិន្នីស​កម្ពុជា​នេះ បាន​ធ្វើ​ឡើង​ត្រឹម ៤ ថ្ងៃ គឺ​ចាប់​ផ្តើម​ពី​ថ្ងៃ ២៨ និង​បាន​បញ្ចប់​នៅ​ថ្ងៃទី ៣១ ខែ​ធ្នូ ឆ្នាំ ២០១៨ ប៉ុន្តែ​ក្រោម​ការ​បង្ហាត់​បង្ហាញ​ដោយ​ផ្ទាល់​ពី​លោក គីម ហ្គាន់​ជុង ជា​អនុ​ប្រធាន​អាជ្ញា​កណ្តាល​របស់​សហព័ន្ធ​កីឡា សូហ្វតិន្នីស​កូរ៉េខាងត្បូង និង​លោក ម៉ាសា​តូ អូហ្គីវ៉ារ៉ា គ្រូបង្វឹក​ក្រុម​យុវជន​មក​ពី​ជប៉ុន បាន​ធ្វើ​ឲ្យ សិក្ខាកាម​ភាគ​ច្រើន មាន​ការ​យល់​ដឹង​បាន​ច្រើន។

តាម​របាយការណ៍​រប​ស់លោក ជា សែន​វិស្សុត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា បាន​ឲ្យ​ដឹង​ថា វគ្គ​បណ្តុះ​បណ្តាល​នេះ មាន​ការ​សិក្សា​ទៅ​លើ​បច្ចេកទេស​មូលដ្ឋាន, ប្រវត្តិ​សង្ខេប​របស់​កីឡា​សូហ្វតិន្នីស, ការ​បណ្តុះ​បណ្តាល​ឧបនិស្ស័យ​ក្មេងៗ​កម្រិត​បឋម​សិក្សា, ហ្វឹកហាត់​កម្លាំង​កាយ​សម្បទា និង​បច្ចេកទេស ជំនាញ​មូល​ដ្ឋាន​គ្រឹះ (អនុវត្ត​ផ្ទាល់​លើ​ទីលាន) រៀបចំ​ផែនការ​ហ្វឹកហាត់ និង​សិក្សា​បទ​បញ្ជា​នៃ​ការ​ប្រកួត ហើយ​តាមរយៈ​ការ​សិក្សា​នេះ គឺ​សិក្ខាកាម មាន​ការ​យល់​ដឹង​ពី ៧០ ភាគរយ​ទៅ ៨៥ ភាគរយ លើ​ចំណុច​មូលដ្ឋាន​ទាំង ៦ នេះ។

ជាមួយគ្នានេះ លោក គីម ហ្គា​ន់​ជុង លោក ម៉ាសា​តូ អូ​ហ្គី​វ៉ា​រ៉ា និង​លោក ជា ប៊ុនហេង អនុ​ប្រធាន​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា ដែល​ជា​គ្រូឧទ្ទេស​ម្នាក់​ដែរ ក្នុង​វគ្គ​នេះ បាន​ធ្វើការ​វាយ​តម្លៃ​ជារួម​ថា សិក្ខាកាម ៥០ ភាគរយ ទទួល​បាន​និទ្ទេស​ល្អ ៣៥ ភាគរយ មធ្យម និង ១៥ ភាគរយ និទ្ទេស​ក្រោម​មធ្យម។

លោក ជា សែន​វិស្សុត បាន​បន្ថែមថា៖ «វគ្គ​បណ្តុះបណ្តាល ៤ ថ្ងៃ​នេះ ទទួល​បាន​ជោគ​ជ័យ ហើយ​ដំណើរការ​នៃ​ការ​សិក្សា​ប្រព្រឹត្ត​ទៅ​បាន​រលូន និង​ទាន់​ពេល​វេលា ដែល​បាន​កំណត់​ក្នុង​កម្មវិធី​សិក្សា ប៉ុន្តែ​បើ​សិន​ជា​ក្រសួង អប់រំ យុវជន និង​កីឡា ព្រមទាំង សប្បុរស​ជន ក្រុមហ៊ុន​នានា ចូលរួម​សហការ​ឧបត្ថម្ភ​បន្ថែម​នោះ វគ្គ​បណ្តុះ​បណ្តាល​ឆ្នាំ ២០១៩ នឹង​កាន់​តែ​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​ឆ្នាំ ២០១៨ ជា​មិន​ខាន»។

ចំណែក លោក ជា ប៊ុនហេង បាន​ថ្លែងថា៖ «សូ​ហ្វ​តិ​ន្នី​ស​របស់​យើង ទើប​តែ​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​គ្រូបង្វឹក​កម្រិត​មូលដ្ឋាន និង​អាជ្ញា​កណ្តាល​ថ្នាក់​ជាតិ ប៉ុន្តែ​យើង​នឹង​ព្យាយាម​បើក​ឲ្យ​មាន​វគ្គ​បណ្តុះ​បណ្តាល​បន្ថែម​ទៀត ជាពិសេស​យើង​នឹង​ជំរុញ​ឲ្យ​ធនធាន​របស់​យើង​ឈាន​ទៅ​ដល់​ការ​សិក្សា​វគ្គ​អាជ្ញា​កណ្តាល​អន្តរជាតិ ព្រោះ​មក​ដល់​ពេ​លនេះ សហព័ន្ធ​យើង​នៅ​មិន​ទាន់​មាន​អាជ្ញា​កណ្តាល​អន្តរជាតិ នៅ​ឡើយ​ទេ»៕