ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនបានរៀបចំសិក្ខាសាលា ស្តីពីការរៀបចំផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺនរបស់គ្រូបង្វឹកក្រុមជម្រើសជាតិ និងគ្រូបង្វឹកថ្នាល ២០២០ មកពីសហព័ន្ធកីឡាជាតិចំនួន ៣៥ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិកាលពីព្រឹកថ្ងៃពុធ ដោយមានមានរយៈពេល ៤ ថ្ងៃ ហើយវគ្គនេះ ជាផែនការប្រចាំឆ្នាំដែលមានលក្ខណៈវិវឌ្ឍន៍ជឿនលឿនតាមវិទ្យាសាស្ត្រកីឡា ប៉ុន្តែបានធ្វើយឺតយ៉ាវជាងបណ្តាឆ្នាំកន្លងទៅ ដោយបញ្ហាពន្យារពេលប្រមូលផ្តុំ ព្រោះកូវីដ ១៩។
ជំនួបក្នុងវគ្គដែលមានគ្រូបង្វឹកជាសិក្ខាកាម ៧៥ នាក់ និងគ្រូឧទ្ទេសជាច្រើននាក់នោះ ត្រូវបានបានបើកក្នុងលក្ខណៈស្ងាត់ៗរិតបន្តឹង ដោយរក្សាបាននូវគម្លាត ដើម្បីការពារកូវីដ ១៩ ហើយអ្នកជំនាញសំខាន់ៗ ដែលចូលជាគ្រូឧទ្ទេសក្នុងវគ្គនេះមាន លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC លោក កែវ សារ៉េត គ្រូជំនាញច្បាប់កីឡា ពិសេសច្បាប់បាល់ទាត់ លោកវេជ្ជបណ្ឌិត ស្តើង ជា គណៈកម្មការពេទ្យអម NOCC លោក ព្រំវណ្ណារឿន ជំនាញផ្នែកការប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា លោក រ៉ា ម៉ា ជំនាញផ្នែកប្រើប្រាស់ឧបករណ៍ជំនួយសាច់ដុំ លោកបណ្ឌិត ឃុន ម៉ៅ ជំនាញ ផ្នែកអាហារូបត្ថម្ភសម្រាប់កីឡាករ កីឡាការិនី និងលោក លន់ ចន្ទូ ជំនាញផ្នែកសញ្ញានៃចិត្តវិទ្យាកីឡា។
លោក ប៉ុន សុខ នាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា ឆ្នាំ ២០២០ នេះការប្រមូលផ្តុំក្រុមជម្រើសជាតិ គឺយឺតជាងផែនការ ដោយបញ្ហាជំងឺឆ្លងកូវីដ ១៩ ជាលក្ខណៈសកលលោក ប៉ុន្តែពេលនេះក្រុមជម្រើសជាតិ ទាំងក្រុមធំ និងក្រុមថ្នាល បានប្រមូលផ្តុំអស់ហើយ។ យ៉ាងណាក៏ដោយ ដើម្បីពង្រឹងសមត្ថភាពបំប៉នបច្ចេកទេសគ្រូបង្វឹកឲ្យទទួលបានបទពិសោធថ្មីៗនោះ យើងបើកវគ្គសិក្ខាសាលានេះ ផ្តល់ជូនគ្រូបង្វឹក គ្រូជំនួយ ៧៥ នាក់ រយៈពេល ៤ ថ្ងៃ ដើម្បីឲ្យការបង្វឹករបស់គាត់ទទួលបានលទ្ធផលល្អ គុណផលល្អ។
លោក ប៉ុន សុខ បានបន្ថែមថា៖ «គោលបំណងសំខាន់ របស់មជ្ឈមណ្ឌលយើង គឺបណ្តុះបណ្តាលអត្តពលិកជម្រើសជាតិ ឲ្យទទួលបានជំនាញពីគ្រូបង្វឹកនូវបទពិសោធ បច្ចេកទេសថ្មីៗបន្ថែមទៀត ក្នុងសម័យកីឡាទំនើប ដោយសម្រួចទៅរកព្រឹត្តិការណ៍កីឡាធំៗចំនួន ២ នៅចំពោះមុខ គឺការឆ្ពោះទៅដណ្តើមមេដាយជូនជាតិនៃការប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ ២០២១ និងត្រៀមស៊ីហ្គេមជាប្រវត្តិសាស្ត្រលើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ»។
ចំណែក លោក វ៉ាត់ ចំរើន ជាគ្រូឧទ្ទេសផ្នែកច្បាប់កីឡា និងផែនការយុទ្ធសាស្រ្តក្នុងការដឹកនាំគ្រប់គ្រង ព្រមទាំងរៀបចំព្រឹត្តិការណ៍កីឡាបានថ្លែងថា គិតមកដល់បច្ចុប្បន្ន កីឡាបានឈាន និងវិវឌ្ឍមកដល់គោលដៅ គឺសុខភាពរាងកាយ និងការអប់រំ ហេតុនេះនៅតាមសហព័ន្ធកីឡាជាតិនីមួយៗ គួរស្វែករក ឬភ្ជាប់ជាមួយខ្សែបណ្តោយ ជាមួយសហព័ន្ធអន្តរជាតិតាមរយៈគណៈកម្មាធិការជាតិ ខណៈដែលច្បាប់ និងលក្ខខណ្ឌការប្រកួត ឬការបង្វឹក ត្រូវបានកែសម្រួលតាមបែបវិទ្យាសាស្ត្រ ក្នុងនោះអូឡាំពិកកម្ពុជាមានមធ្យោបាយជួយសម្របសម្រួលជូន។
លោកបានបន្តថា៖ «នៅក្នុងទស្សនៈរបស់អូឡាំពិកអន្តរជាតិ គឺកីឡាឈានទៅកាត់ចោលឲ្យបាននូវហិង្សា ឬគ្រោះថ្នាក់ក្នុងកីឡា ដើម្បីឆ្ពោះទៅរកសុខភាព ការអប់រំ មិត្តភាព សហប្រតិបត្តិការ និងសាមគ្គីភាព នៅលើភិភពលោក ហើយកីឡានៅតែប្រែប្រួលលក្ខខណ្ឌកាន់តែល្អ អ៊ីចឹងការសិក្សា គឺនៅតែថ្មីជានិច្ច»៕