ភ្នំពេញៈ គ្រូបង្វឹក និងគ្រូជំនួយលើប្រភេទកីឡាចំនួន ៣៤ រួមទាំងគ្រូបង្វឹកក្រុមជនពិការត្រូវបានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងសហព័ន្ធកីឡាជាតិ កោះហៅឲ្យមកចូលរួមសិក្ខាសាលាស្តីពីការរៀបចំផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺនរបស់គ្រូបង្វឹកក្រុមជម្រើសជាតិ ដើម្បីឲ្យពួកគាត់ទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតមុននឹងត្រូវចូលរួមបំពេញភារកិច្ចក្នុងនាមជាគ្រូវបង្វឹកក្នុងការប្រមូលផ្តុំទាំងក្រុមជម្រើសជាតិ និងក្រុមថ្នាលជម្រើសជាតិខាងមុខនេះ។
តាមរបាយការណ៍របស់លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា វគ្គសិក្ខាសាលានេះមានគ្រូបង្វឹក គ្រូជំនួយសរុប ១៦៥ នាក់ដែលមកពីសហព័ន្ធកីឡាជាតិទាំង ៣៤ និងគ្រូបង្វឹកកីឡាជនពិការចំនួន ១០ នាក់ ហើយវគ្គនេះមានរយៈពេល ៣ ថ្ងៃដោយបានចាប់ផ្តើមពីព្រឹកថ្ងៃចន្ទ នឹងគ្រោងបញ្ចប់នៅល្ងាចថ្ងៃពុធខាងមុខ។
លោក ប៉ុន សុខ បានបញ្ជាក់ថា៖ «ការបើកឲ្យមានវគ្គសិក្ខាសាលានេះគឺយើងមានគោលបំណងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបង្ហាត់ និងការហាត់របស់ក្រុមជម្រើសជាតិ និងក្រុមថ្នាលឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសមានន័យថាមានផែនការល្អហើយត្រូវអនុវត្តផែនការនោះឲ្យបានត្រឹមត្រូវទៀត ទើបការហាត់ និងការបង្ហាត់បានទទួលលទ្ធផលល្អ ហើយគុណផលកើនឡើងក្នុងការប្រកួតស៊ីហ្គេមនៅហ្វីលីពីនឆ្នាំ ២០១៩ នេះ ពិសេសការត្រៀមលក្ខណៈឆ្ពោះទៅស៊ីហ្គេម ២០២៣ នៅកម្ពុជា និងការចូលរួមប្រកួតអន្តរជាតិនានាទៀត»។
គួរបញ្ជាក់ថាការប្រមូលផ្តុំក្រុមជម្រើសជាតិឆ្នាំ ២០១៩ នេះមានរយៈពេល ៧ ខែដោយនឹងចាប់ផ្តើមពីថ្ងៃទី ២៦ ខែមេសាដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ចំណែកក្រុមថ្នាលជម្រើសជាតិមានរយៈពេល ៨ ខែដោយចាប់ផ្តើមពីថ្ងៃទី ១ ខែឧសភាដល់ថ្ងៃទី ៣១ ខែធ្នូ។ នៅក្នុងការប្រមូលផ្តុំនេះគឺទាំងក្រុមធំ និងក្រុមថ្នាលជម្រើសជាតិសុទ្ធតែមានការបែងចែកជា ៣ ដំណាក់កាលដូចគ្នាហើយនៅក្នុងដំណាក់កាលនីមួយៗនឹងមានការប្រជុំបច្ចេកទេស និងវាយតម្លៃដោយប្រកួតធ្វើតេស្ត ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេសគុណផលរបស់កីឡាផងដែរ។
ជាមួយគ្នានេះលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដែលជាគណៈធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលាកាលពីព្រឹកថ្ងៃចន្ទនោះ បានជំរុញឲ្យគ្រូបង្វឹក និងគ្រូជំនួយទាំងអស់យកចិត្តទុកដាក់រៀនសូត្រ ដើម្បីទទួលបានបទពិសោធ និងបច្ចេកទេសថ្មីៗពីគ្រូឧទ្ទេសសម្រាប់យកទៅបង្ហាត់ហ្វឹកហ្វឺនដល់អត្តពលិកក្រុមជម្រើសជាតិឲ្យមានគុណភាពល្អ ដើម្បីអាចប្រជែងយកមេដាយជូនជាតិនៅលើឆាកអន្តរជាតិ ពិសេសការប្រកួតស៊ីហ្គេម នៅហ្វីលីពីននាថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខ។
នៅក្នុងរយៈពេល ៣ ថ្ងៃនេះសិក្ខាកាមជាគ្រូបង្វឹក និងគ្រូជំនួយទាំង ១៦៥ នាក់នេះនឹងទទួលបានការបង្ហាត់បង្ហាញពីគ្រូឧទ្ទេសមានជំនាញចំនួន ៦ នាក់ ដោយក្នុងនោះលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC នឹងផ្តល់ចំណេះដឹងពីផែនការ និងវិធីសាស្ត្រហាត់ហ្វឹកហ្វឺនកីឡាកម្រិតខ្ពស់ហើយគ្រូបង្វឹកបាល់ទាត់លោក ប្រាក់ សុវណ្ណារ៉ា និងបង្ហាញពីផែនការហ្វឹកហ្វឺន។
ចំណែកលោកវេជ្ជបណ្ឌិត ស្តើង ជា នឹងបង្ហាញដល់សិក្ខាកាមទាំងអស់ពីបញ្ហារបបអាហារ និងភេសជ្ជៈសម្រាប់អត្តពលិក, ការបង្ការរបួសក្នុងកីឡា និងសង្គ្រោះបឋមរបស់គ្រូបង្វឹកព្រមទាំងការប្រឆាំងសារធាតុដូប៉ា។ រីឯលោក ព្រំ វណ្ណារឿន នឹងបង្ហាញពីការប្រឆាំងសារធាតុដូប៉ាតាមអនឡាញ ហើយលោក រ៉ា ម៉ា នឹងប្រាប់ពីឧបករណ៍ហាត់ជំនួយសាច់ដុំ ខណៈលោក ប៊ូ ជុំសេរី ជាអ្នកបង្ហាញពីតួនាទីជាគ្រូបង្វឹក និង ការអភិវឌ្ឍគុណផលកីឡា៕