ភ្នំពេញ: គ្រូបង្វឹក​ក្រុម​ណាហ្គាវើល លោក មាស ចាន់ណា បាន សម្តែង​ការបារម្ភ និង​បាក់​ទឹកចិត្ត​ផង​ដែរ ទៅលើ​ការធ្លាក់ចុះ​ទម្រង់​លេង​របស់​កូនក្រុម ដោយ​លេង​បណ្តែតបណ្តោយ​ទៅ​តាម​អារម្មណ៍​បែប​ជា​កីឡាករ​ខ្វះ​ការអប់រំ​ផ្នែក​បាល់ទាត់​ដែល​ធ្វើឲ្យ​ក្រុម​ណាហ្គាវើល ចាញ់​ក្រុម Tampines Rovers រហូត​ដល់ ៥-១ ក្នុង​ការប្រកួត​ជម្រុះ​ប្រចាំ​ពូល​ F នៃ​ពានរង្វាន់ AFC Cup 2019 កាលពី​យប់​ថ្ងៃ​អង្គារ​។

តាមរយៈ​ការប្រកួត​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ​កាលពី​យប់​ថ្ងៃ​អង្គារ​នោះ​លោក មាស ចាន់ណា បាន​សរសើរ​ទៅ​លើ​ឆន្ទៈ​លេង​របស់​ក្រុម ដែល​ធ្វើ​បាន​ល្អ​នៅ​ដើម​តង់​ទី​ ១ ដែល​នាំ​ឲ្យ គួច ដានី រកបាន​គ្រាប់​នាំមុខ​នៅ​នាទី​ទី​ ២៤ ប៉ុន្តែ​ការប្រចាំ​គ្នា​ចេញ​ទៅ​យក​បាល់​របស់​អ្នកចាំទី ស៊ូ យ៉ាទី និង​ខ្សែ​ការពារ ញឹម សុវណ្ណារ៉ា បាន​ធ្វើឲ្យ​បាល់​ដែល​លើក​ចូល​ដោយ​ខ្សែប្រយុទ្ធ​កាណាដា Jordan Webb ធ្លាក់​នៅ​ចំ​ពី​មុខ​របស់​អ្នក​ទាំង​ ២ រួច​លោត​ចូល​ទី​យ៉ាង​ស្រួល​នៅ​នាទី​ទី​ ៤៤​។

លោក មាស ចាន់ណា បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​ក្រោយ​ការប្រកួត​ថា​៖ «​នៅ​តង់​ទី​ ១ យើង​ធ្វើ​បាន​ល្អ​រហូត​ដល់​ជាង ៣០ ​នាទី​ដែល​ធ្វើឲ្យ​ក្រុម Tampines Rovers សឹងតែ​រក​ឱកាស​គ្រប់គ្រង​បាល់​មិន​បាន ប៉ុន្តែ​ជា​អកុសល​គេ​បាន​ទាត់​ចូល​យើង ដោយសារ​ការប្រចាំ​គ្នា ហើយ​ចាប់ពី​តង់​ទី​ ២ ​ទៅ​គឺ​យើង​មាន​បញ្ហា​ខ្លាំង​មែនទែន ព្រោះ​ការប្រមូល​អារម្មណ៍​របស់​យើង​មិន​បាន​ចប់​ចុង ចប់​ដើម​»​។

លោក​បាន​បន្ថែម​ថា​៖ «​ការប្រកួត​ពី​នាទី​ទី​ ១ ដល់​នាទី​ទី​ ៤០ គឺ​ការប្រមូល​អារម្មណ៍​របស់​យើង​បាន​ខ្លាំង ប៉ុន្តែ​ចុងក្រោយ​ពេល​ដែល​ក្ដៅ​តិចតួច ហត់​តិចតួច ចាប់ផ្ដើម​ធ្លាក់​ការប្រមូល​អារម្មណ៍ ហើយ​បើ​ធ្លាក់​ការប្រមូល​អារម្មណ៍​តែ​ ៥ ​វិនាទី ឬ​ ១០ ​វិនាទី​គឺ​គេ​អាច​ទាត់​ចូល​យើង​បាន​ហើយ​»​។

ក្រោយ​តាម​ស្មើ ១-១ នៅក្នុង​តង់​ទី​ ១ ក្រុម Tampines Rovers បាន​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ម្ចាស់ផ្ទះ ណាហ្គាវើល ជា​បន្តបន្ទាប់​នៅ​តង់​ទី​ ២ នឹង​រក​បាន​ ៤ ​គ្រាប់​បន្ថែម​ទៀត​ហើយ​គ្រាប់បាល់​ដែល​ធ្វើឲ្យ​អ្នកគាំទ្រ​បាក់​ទឹកចិត្ត​បំផុត​នោះ គឺ​គ្រាប់​ទី​ ៤ កីឡាករ​ Delimedjac និង​គ្រាប់​បាល់​ទី​ ៥ ​របស់​ខ្សែប្រយុទ្ធ ជប៉ុន Ryutaro Megumi ព្រោះ​គ្រាប់​ទាំង​ ២ ​នេះ​បាន​កើតឡើង​ក្នុង​នាទី​បន្ថែម ៩០+៤ ដូចគ្នា​។ រីឯ​គ្រាប់​បាល់​ទី​ ២ រកបាន​ដោយ Mehmedovic នៅ​នាទី​ទី​ ៥៧ មុន​ពេល Jordan Webb បាន​រកឃើញ​គ្រាប់​បាល់​ទី​ ២ ​របស់​គេ​នៅ​នាទី​ទី​ ៦៦​។

តាមរយៈ​ការ​ចាញ់​ក្រុម Tam-pines Rovers ៥-១ ជាមួយ​ទម្រង់​លេង​បែប​បែក​អារម្មណ៍​នេះ​លោក មាស ចាន់ណា បាន​បន្ថែម​ថា​៖ «​កីឡាករ​កម្ពុជា​មួយ​ចំនួន​ធំ ខ្វះ​ការអប់រំ​ផ្នែក​បាល់ទាត់​មាន​ន័យ​ថា​នៅក្នុង​បាល់ទាត់​គេ​មាន​ការអប់រំ​ផ្នែក​ចិត្តសាស្ត្រ​ក្នុង​ការលេង​គឺ​ពេល​ទាត់​ចូល​គេ ឬ​ក៏​មិន​ចូល​យើង​នៅតែ​រក្សា​ជំហរ​របស់​យើង​ខ្លាំង ផ្ទុយ​ទៅ​វិញ​បើ​ខ្វះ​ការអប់រំ​នេះ​គឺ​ពេលណា​យើង​មាន​ឱកាស តែ​ទាត់​គេ​អត់​ចូល គឺ​ចាប់ផ្ដើម​មាន​ការធ្លាក់​អារម្មណ៍ និង​ទម្លាក់​ការយក​ចិត្ត​ទុកដាក់​»​។

គ្រូបង្វឹក​វ័យ​ ៣៩ ​ឆ្នាំ​លោក មាស ចាន់ណា កំពុង​មាន​ការបារម្ភ​ថា​ការខ្វះ​ការប្រមូល​អារម្មណ៍​ក្នុង​ការលេង​នេះ វា​នឹង​ធ្វើឲ្យ​ក្រុម​ម្ចាស់​ជើងឯក ណាហ្គាវើល អាច​នឹង​មិន​ទទួល​បាន​លេខ​ ៦ ក្នុង​លីក​កំពូល​កម្ពុជា​នៅ​ឆ្នាំនេះ​ផង​។ លោក​បាន​បញ្ជាក់​ថា​៖ «​ដំបូង​ខ្ញុំ​គិត​ថា​វា​ប្រហែល​ជា​មិនអាច​ប៉ះពាល់​ទេ តែ​ពេល​នេះ​វា​ប៉ះពាល់​ហើយ ហើយ​បើ​ពួកគាត់​នៅ​តែ​មាន​ស្ថានភាព​បែបនេះ​ទៀត​នឹង​ប៉ះពាល់​ ១០០ ​ភាគរយ​។ បើសិន​ជា​នៅ​តែ​មាន​ស្ថានភាព​បែប​នេះ​គឺ​សូម្បីតែ​ឈរ​លេខ​ ៦ ​ក្នុង​តារាង​លីក​កំពូល​ក៏​ឈរ​មិន​បាន​ផង ព្រោះ​ឥឡូវនេះ​ម្នាក់ៗ​សឹង​តែ​ខ្ជិល​ដើរ​ទៅ​ផ្ទះ​ទៀត​ផង​»៕