ភ្នំពេញ៖ គ្រូបង្វឹកណាហ្គាវើល លោក មាស ចាន់ណា បានចាត់ទុកការវិលមកជួបក្រុមកំពុងឈរនៅលេខ ១ បឹងកេត ជាជំនួបដ៏តានតឹង ប៉ុន្តែលោកបានព្រលយថា ណាហ្គាវើល មិនខ្លាចខ្សែប្រយុទ្ធបឹងកេតនោះទេ ចំណែកក្រុមភ្នំពេញក្រោន នឹងយកទម្រង់លេងជោគជ័យ ដើម្បីទៅជួបក្រុមម្ចាស់ផ្ទះ វិសាខា សម្រាប់ការប្រកួតលីកកំពូលកម្ពុជាឆ្នាំ ២០២០ នៅចុងសប្តាហ៍នេះ។
ក្រុមណាហ្គាវើលបានត្រឹមស្មើ ១-១ ជាមួយក្រុមបឹងកេត សម្រាប់ការប្រកួតជើងទី១ នៅក្រៅទឹកដី ប៉ុន្តែការប្រកួតលើកនេះ លោក មាស ចាន់ណា បានពោលពាក្យបែបបំភ័យទៅលើក្រុមម្ចាស់ផ្ទះ បឹងកេត ថា ក្រុមមួយនេះ អាចនឹងជួបការពិបាក បើសិនជា បឹងកេត កញ្ជ្រោលចង់ឈ្នះខ្លាំងពេក។
លោក មាស ចាន់ណា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ការប្រកួតនេះ វាត្រូវតែតានតឹងហើយ ដោយសារក្រុមឈរនៅចំណាត់ថ្នាក់ លេខ ១ ប៉ះជាមួយក្រុមឈរនៅលេខ ៦ ហើយម្យ៉ាងទៀត ក្រុមបឹងកេត កំពុងតែល្អ ប៉ុន្តែខ្ញុំគ្រាន់តែចង់និយាយថា បើបឹងកេត កញ្ជ្រោលចង់ឈ្នះខ្លាំងពេក ប្រហែលជាពិបាកហើយជាមួយ ណាហ្គាវើល»។
គ្រូបង្វឹករបស់ក្រុមណាហ្គាវើល រូបនេះបានបន្ថែមថា៖ «ក្រុមផ្សេងគេបារម្ភទៅលើខ្សែប្រយុទ្ធរបស់បឹងកេត ប៉ុន្តែចំពោះខ្ញុំមិនបារម្ភជាមួយខ្សែប្រយុទ្ធ បឹងកេតនោះទេ»។ ជាមួយគ្នានេះ លោក ចាន់ណា ក៏មិនចង់ឃើញការប្រកួតនេះ បញ្ចប់ដោយលទ្ធផលត្រឹមស្មើនោះដែរ ដោយលោកបញ្ជាក់ថា៖ «បើខ្ញុំស្មើ ក្រុមខ្ញុំ ឈរនៅលេខ ៦ ដដែលហ្នឹង ហើយបើខ្ញុំចាញ់ ក៏ឈរនៅលេខ ៦ តែបើខ្ញុំឈ្នះ ខ្ញុំអាចឡើងដល់លេខ ៣ អ៊ីចឹងរឿងអី ខ្ញុំត្រូវលេងទប់ ដើម្បីស្មើ គឺយើងត្រូវការឈ្នះ ដើម្បីប្រជែងយកលេខ ៣»។
ចំណែក លោក គឹម ភក្តី គ្រូបង្វឹកស្តីទីរបស់បឹងកេត មិនអាចទាក់ទងសម្ភាសបានទេ។ យ៉ាងណាក៏ដោយ ការប្រកួត ៨ លើកចុងក្រោយនេះ លោក ភក្តី បានដឹកនាំក្រុមបឹងកេត ឈ្នះទាំង ៨ លើក ហើយការជួប ណាហ្គាវើល លើកនេះ បឹងកេត ត្រូវការឈ្នះខ្លាំង ដើម្បីបន្ថែមឱកាសឈ្នះពាននារដូវកាលនេះ ពីការប្រជែងរបស់ព្រះខ័នរាជស្វាយរៀង។
ការបរាជ័យក្រោមស្នាដៃក្រុមភ្នំពេញក្រោន ២-១ កាលពីសប្តាហ៍មុន បានធ្វើឲ្យក្រុមស្វាយរៀង បានថមថយឱកាសមួយកម្រិត ដោយមានត្រឹម ៣១ ពិន្ទុដដែល តិចជាង បឹងកេត ដែលមាន ៣៥ ពិន្ទុ។ ចំណែកការប្រកួតលើកនេះ ស្វាយរៀង ត្រូវជួបក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ (ទ័ព) ដែលពួកគេ ធ្លាប់ឈ្នះ ២-០ កាលពីជើងទី១ ប៉ុន្តែឱកាសឈ្នះ ៣ ពិន្ទុ នៅមិនទាន់ប្រាកដដូចគ្នា។
ដោយឡែកក្រុមភ្នំពេញក្រោន ដែលទើបបានឡើងទៅឈរនៅលេខ ៣ មាន ២៥ ពិន្ទុនោះ បានត្រៀមយកទម្រង់លេងជោគជ័យ ពេលពួកគេយកឈ្នះក្រុមស្វាយរៀងនោះ ទៅលេងជាមួយក្រុមកំពុងឈរនៅលេខ ៥ មាន ២៣ ពិន្ទុ វិសាខា សម្រាប់ជំនួបលើកនេះ ខណៈជំនួបជើងទី១ ភ្នំពេញក្រោន បានស្មើ វិសាខា ២-២ នៅលើទឹកដីខ្លួនឯង។
លោក ស៊ុំ វណ្ណា គ្រូបង្វឹកក្រុមភ្នំពេញក្រោន ប្រាប់ថា៖ «យើងនឹងព្យាយាមធ្វើទៅតាមអ្វីដែលយើងបានធ្វើ (ពេលលេងជាមួយ ក្រុមស្វាយរៀង) ដើម្បីជួបក្រុមវិសាខាលើកនេះ ព្រោះជំនួបទាំង ៥ ក្រុម ក្នុងតំបន់ Top6 ក្នុងជើងទី២ នេះ សុទ្ធតែជាក្រុមខ្លាំង»។
ដោយឡែក សម្រាប់ការប្រកួតរវាងក្រុមចំណាត់ថ្នាក់លេខទាំង ៧ (ក្រុមឈរនៅលេខ ៧ ដល់លេខ ១៣) ត្រូវបានគេមើលឃើញថា ក្រុមមាន ២៤ ពិន្ទុ អង្គរថាយហ្គឺរ នឹងទទួលបានលេខ ៧ លើគេ ប៉ុន្តែនៅសប្តាហ៍នេះ ពួកគេត្រូវជួបក្រុមម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យ ដែលកំពុងឈរនៅលេខ ៨ មាន ១៤ ពិន្ទុ ខណៈជំនួបជើងទី១ អង្គរថាយហ្គឺរ បានឈ្នះ ២-០ នៅក្នុងទឹកដី៕
កម្មវិធីប្រកួតនៅថ្ងៃសៅរ៍
-សូលទីឡូអង្គរ v យុវជនបាទី កីឡដ្ឋាន SRU ៣:៣០
-ណាហ្គាវើល v បឹងកេត កីឡដ្ឋានស្តាតចាស់ ៦:០០
-វិសាខា v ភ្នំពេញក្រោន កីឡដ្ឋានព្រីនស៍ ៦:០០
៣ ប្រកួតនៅថ្ងៃអាទិត្យ
-គិរីវង់ v អង្គរថាយហ្គឺរ កីឡ.គិរីវង់សុខសែនជ័យ ៣:៣០
-អាស៊ីអឺរ៉ុប v នគរបាលជាតិ កីឡដ្ឋាន AEU ៣:៣០
-ទ័ព v ស្វាយរៀង កីឡដ្ឋានស្តាតចាស់ ៦:០០