ភ្នំពេញៈ ក្រុមណាហ្គាវើល នឹងត្រូវប្រើកីឡដ្ឋានស្តាតចាស់ ដើម្បីវាយបកទៅលើក្រុមគិរីវង់សុខសែនជ័យក្នុងការប្រកួតកាត់សេចក្តីជើងទី ២ វគ្គ ១៦ ក្រុម ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី ១៣ ឆ្នាំ ២០១៩ នាល្ងាចម៉ោង ៦ ថ្ងៃព្រហស្បតិ៍នេះ ចំណែកក្រុមវិសាខាក៏នឹងត្រូវប្រើកីឡដ្ឋានរបស់ខ្លួន ដើម្បីទប់ទល់ក្រុមអគ្គស្នងការនគរបាលជាតិ (ប៉ូលិស) ដែលពួកគេបានយកប្រៀបខ្លាំងនៅជើងទី ១ ផងដែរ។
ការប្រើកីឡដ្ឋានគិរីវង់សុខសែនជ័យនៅទីរួមខេត្តតាកែវក្នុងការយកឈ្នះក្រុមណាហ្គាវើល ២-០ ក្នុងជើងទី ១ កាលពីថ្ងៃទី ៣ ខែកក្កដាបានធ្វើឲ្យក្រុមគិរីវង់ កំពុងមានប្រៀបខ្លាំងទៅលើក្រុមណាហ្គាវើល ប៉ុន្តែគ្រូបង្វឹកណាហ្គាវើលនៅតែមានការជឿជាក់ថា ក្រុមរបស់លោកមានលទ្ធភាពវាយបកតាមស្មើ ឬយកឈ្នះវិញបាន គឺកុំឲ្យតែមានភ្លៀងមករំខានដូចការប្រកួតជើងទី ១។
លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានប្រាប់ថា៖ «អ្វីដែលជាកត្តាសំខាន់សម្រាប់ការប្រកួតជើងទី ២ នេះគឺខ្ញុំបារម្ភទៅលើភ្លៀង ព្រោះភ្លៀងបានធ្វើឲ្យក្រុមយើងជួបបញ្ហា និងចាញ់នៅជើងទី ១ ម្តងហើយ។ បើគ្មានភ្លៀង វានឹងមិនប៉ះពាល់អ្វីដល់ការប្រកួតនេះទេ គឺក្រុមខ្ញុំអាចមានលទ្ធភាពតាមស្មើ ២ គ្រាប់មកវិញ ឬក៏អាចលើសគ្រាប់បាល់វិញ»។
នៅពេលរំឭកទៅដល់ការចាញ់ក្រុមគិរីវង់ ២-០ នៅក្រៅទឹកដីលោក មាស ចាន់ណា បានបញ្ជាក់ថា៖ «ទីលានក្រុមគិរីវង់ ស្អាត អាចទទួលយកបាន ប៉ុន្តែបញ្ហាសំខាន់គឺភ្លៀង ហើយនៅពេលភ្លៀងធ្លាក់មក និងមានដក់ទឹកនោះគឺធ្វើឲ្យយើងមានការពិបាកលេងមែនទែន»។
លោកបានបន្ថែមថា៖ «យើងជាក្រុមរក្សាបាល់បានច្រើន តែនៅពេលមានភ្លៀង ធ្វើឲ្យការបញ្ជូនបាល់របស់យើងមានបញ្ហាគឺបញ្ជូនទៅជាប់តែទឹក ចំណែកក្រុមគេជាអ្នកឃ្លៀរបាល់ ដោយទាត់ឡើងទៅលើគឺវាខុសប្លែកពីយើង អ៊ីចឹងហើយបើគ្មានភ្លៀង យើងនៅតែមានឱកាសវាយបកបានវិញ បើទោះជាក្រុមរបស់យើងសម្បូរដោយក្រុមយុវជនវ័យក្មេងក៏ដោយ»។
គួររំឭកថា ណាហ្គាវើល ធ្លាប់បានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រចំនួន ៦ ដង តែធ្លាប់ឈ្នះបានជើងឯកតែម្តងទេ គឺកាលពីឈ្នះ ២០១៣ ក្រោយយកឈ្នះក្រុមក្រសួងការពារជាតិ។ ប៉ុន្តែលើកនេះ ណាហ្គាវើល កំពុងជួបក្តីបារម្ភដែលមិនទាន់ប្រាកដថា អាចឡើងផុតវគ្គ ១៦ ក្រុមនេះ ឬយ៉ាងនោះទេ ព្រោះក្រុមគិរីវង់កំពុងមានទឹកចិត្តប្រកួតខ្លាំង។
លោក ផាន់ ចាន់ផាត គ្រូបង្វឹកក្រុមគិរីវង់សុខសែនជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីយប់ម៉ោង ៧ ម្សិលមិញថា៖ «យើងត្រៀមខ្លួនរួចរាល់អស់ហើយ ហើយយើងក៏មានទំនុកចិត្តផងដែរ តែការលេងបានល្អឬយ៉ាងណានោះគឺវាអាស្រ័យទៅលើការលេងរបស់កីឡាករផ្ទាល់នៅលើទីលាន អ៊ីចឹងចប់ ៩០ នាទីសិន ទើបយើងដឹងច្បាស់ពីលទ្ធផល»។
ជាមួយគ្នានេះលោក ផាន់ ចាន់ផាត ក៏ចង់ឲ្យការប្រកួតនេះមានភ្លៀងមករំខានផងដែរ ដោយលោកបានបញ្ជាក់ថា៖ «បើមានភ្លៀង វាអាចប៉ះពាល់ដល់បច្ចេកទេសក្នុងការលេងដូចគ្នា ព្រោះវាពិបាកលេង ប៉ុន្តែបើភ្លៀងមែន វាល្អសម្រាប់យើង ដោយសារវាអាចធ្វើឲ្យក្រុមណាហ្គាវើលពិបាកលេង និងពិបាកក្នុងការរកគ្រាប់បាល់ ចំណែកយើងមាន ២ គ្រាប់នាំមុខក្នុងដៃរួចទៅហើយ អ៊ីចឹងការប្រកួតនេះយើងផ្តោតទៅលើការការពារច្រើនជាង ដើម្បីរក្សាការនាំមុខរបស់យើង»។
ចំណែកក្រុមវិសាខានឹងត្រូវប្រកួតកាត់សេចក្តីជើងទី ២ ជាមួយក្រុមម្ចាស់ជើងឯកឆ្នាំ ២០១៤ និងជាជើងឯករងឆ្នាំ ២០១៨ ប៉ូលិសនាល្ងាចម៉ោង ៦ ថ្ងៃនេះដែរ ប៉ុន្តែជ័យជម្នះ ៦-០ កាលពីជើងទី ១ បានជួយឲ្យ វិសាខា មានប្រៀបលើក្រុមប៉ូលិសស្ទើរ ១០០ ភាគរយទៅហើយ សម្រាប់ការទទួលបានឱកាសឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ព្រោះគេជឿថាប៉ូលិសមិនអាចកែប្រែការចាញ់នេះបានទេ។
ទ័ព និងសូលទីឡូអង្គរ ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយដោយឡែកក្រុមក្រសួងការពារជាតិ (ទ័ព) នឹងក្រុមសូលទីឡូអង្គរ បានក្លាយជាទី ៥ និងទី ៦ ដែលត្រូវឡើងទៅកាន់ការប្រកួតវគ្គបន្តជាមួយក្រុមបឹងកេត ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង និងក្រុមអង្គរថាយហ្គឺរ ដែលក្រុមទាំង ៤ នេះបាននឹងកំពុងអង្គុយចាំនៅវគ្គ ៨ ក្រុមចុងក្រោយនេះ។
ការឈ្នះកៅអីដើម្បីឡើងទៅកាន់ការប្រកួតវគ្គ ៨ ក្រុមរបស់ក្រុមអង្គរថាយហ្គឺរ បន្ទាប់ពីក្រុមនេះបានបញ្ចប់ការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមក្នុងលទ្ធផល ៥-៥ ជាមួយក្រុមម្ចាស់ផ្ទះខេត្តរតនគិរី បន្ថែមទៅលើការឈ្នះ ១០-១ ក្នុងជើងទី ១ នោះ។ ចំណែកក្រុមទ័ពបានបន្តយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៣-២ ក្នុងជើងទី ២ កាលពីម្សិលមិញនោះដែរគឺបន្ថែមទៅលើការឈ្នះ ៣-១ កាលជើងទី ១ ដើម្បីជួយឲ្យពួកគេឡើងទៅវគ្គបន្តដោយការរំពឹងទុក៕