ភ្នំពេញៈ ក្រសួង​ការពារជាតិ (​ទ័ព​) បាន​ក្លាយ​ជា​ក្រុមទី​ ២ ដែល​អាច​យកឈ្នះ​លើ​ក្រុម​ចំណូល​ថ្មី ខេត្ត​កំពង់ចាម​រហូត​ដល់ ១១-០ គឺ​ដូចគ្នា​បេះបិទ​ទៅ​នឹង​ក្រុម​អង្គរថាយហ្គឺរ ដែល​បាន​លត់​ខេត្ត​កំពង់ចាម ១១-០ ដែរ កាលពី​សប្តាហ៍​មុន​នៅក្នុង​ការប្រកួត​លីក​កំពូល​កម្ពុជា​នេះ ប៉ុន្តែ​ជ័យជម្នះ​ដ៏ធំ​នេះ វា​បាន​ផ្តល់​ទាំង​ភាព​រីករាយ និង​ក្តីកង្វល់​ដល់​ក្រុម​ទ័ព ចំណែក​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​បាន​បន្ត​ចាញ់​ជា​លើក​ទី​ ៣​។

លោក ភា សុភ័ក្ត្រា គ្រូបង្វឹក​ក្រុម​ទ័ព​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា​៖ « ការសម្រេច​ទី​ដ៏ច្រើន​ជាមួយ​ក្រុម​ខេត្ត​កំពង់ចាម​លើក​នេះ វា​មិនមែន​ជា​ការកំណត់​គោលដៅ​សម្រាប់​ការប្រកួត​របស់​យើង​នោះទេ ហើយ​ក៏​មិនមែន​ជា​ការជំរុញ ឬ​ដាក់​បន្ទុក​ផ្លូវចិត្ត​ក្រុម និង​កីឡាករ​ថា​ត្រូវតែ​ស៊ុត​បញ្ចូល​ទី​ឲ្យ​ច្រើន​គ្រាប់​បែបនេះ​នោះ​ដែរ តែ​អ្វី​ដែល​យើង​ចង់​បាន គឺ​ ៣ ​ពិន្ទុ​ជាមួយ​នឹង​ប្រសិទ្ធភាព និង​គុណភាព​នៃ​ការសម្រេច​ទី​របស់​យើង​»​។

យ៉ាងណា​ក៏ដោយ​សម្រាប់​ការយក​ឈ្នះ​ក្រុម​ខេត្ត​កំពង់ចាម ១១-០ នៅ​កីឡដ្ឋាន​ស្តាតចាស់​របស់ខ្លួន​កាលពី​យប់​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ​ក៏​បាន​បន្សល់ទុក​នូវ​ក្តីកង្វល់​ចំពោះ​ក្រុម​ទ័ព​ផងដែរ ព្រោះ​កីឡាករ​សំខាន់​ ២ ​នាក់​របស់​ក្រុម​នេះ​បាន​ជួប​នឹង​បញ្ហា​ដោយ​ក្នុង​នោះ​ខ្សែការពារ ខែ​ក ខេមរិន្ទ មាន​បញ្ហា​របួស ខណៈ ស ពិសិដ្ឋ បាន​ទទួល​កាត​លឿង​ ១ ដែល​លោក សុភ័ត្ត្រា គិត​ថា វា​ជា​រឿង​ខាតបង់​មួយ​ដោយសារ​វា​អាច​នឹង​ធ្វើឲ្យ ស ពិសិដ្ឋ អវត្តមាន​នៅក្នុង​ការប្រកួត​ណា​មួយ​នៅពេល​ខ្សែការពារ​រូបនេះ​ទទួល​បាន​កាត​លឿង​ម្តងទៀត​។

លោក ភា សុភ័ត្ត្រា បាន​បន្ថែម​ថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ជាមួយ​ការប្រកួត​ដោយ​រក​បាន​គ្រាប់​បាល់​ច្រើន ប៉ុន្តែ​ខ្ញុំ​ក៏​មិន​សូវ​ជា​រីករាយ​ដែរ ព្រោះ​កីឡាករ​សំខាន់​យើង​ ២ ​នាក់​មាន​បញ្ហា គឺ ខេមរិន្ទ មាន​របួស​ចង្កេះ ឯ ពិសិដ្ឋ បាន​ទទួល​កាត​លឿង​ទាំង​មិន​សម​ទំនង​ទៅ​នឹង​ទំហំ​នៃ​ការប៉ះទង្គិច ហើយ​នេះ​ជា​ឧបសគ្គ​សម្រាប់​ការរៀបចំ​ប្រកួត​ក្រោយ​ដែល​ខ្ញុំ​មិន​មាន​ការរំពឹង​ខ្ពស់​ឡើយ ហើយ​យើង​ក៏​កាន់​តែ​មិន​អាច​លេង​បែប​ប្រយុទ្ធ ដើម្បី​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​ទៀត​នោះ​ដែរ ព្រោះ​គ្រូ​គេ​ផ្សេងៗ​ក៏​មាន​របៀប​រៀបចំ​ការលេង​ផងដែរ​»​។

ជាមួយ​នឹង​ជ័យជម្នះ​ដ៏ធំ​នេះ​ខ្សែប្រយុទ្ធ Bata រកបាន​ ៣ ​គ្រាប់​តែម្នាក់ឯង ដើម្បី​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​នៃ​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ជា​បណ្តោះអាសន្ន​គឺ​ ៦ ​គ្រាប់ ចំណែក​ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង ក៏​រក​បាន​ ៣ ​គ្រាប់​តែម្នាក់ឯង​ជា​លើកដំបូង​ផង​ដែរ ខណៈ Bisan Goerge និង Obi រក​បាន​ ២ ​គ្រាប់​ដូចគ្នា ហើយ​ ១ ​គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ​វ័យក្មេង ណារ៉ុង កក្កដា ហើយ​ការរក​បាន​ ៣ ​ពិន្ទុ​បន្ថែម​នេះ​បាន​ធ្វើឲ្យ​ក្រុម​ទ័ព មាន​ ៧ ​ពិន្ទុ​ជាមួយ​ការ​ឈ្នះ​ ២ និង​ស្មើ​ ១ ​ប្រកួត​។

យ៉ាងណា​ក៏ដោយ​លោក ភា សុភ័ក្ត្រា មិន​បាន​ចាត់ទុក​ការឈ្នះ​ខេត្ត​កំពង់ចាម ១១-០ នេះ​ជា​ការបើក​ផ្លូវ​ដ៏សំខាន់​ជួយ​ឲ្យ​ក្រុម​ទ័ព​ទៅ​ប្រជែង​យក​ពាន​លេខ​ ១ ​នោះទេ​។ លោក​បាន​បញ្ជាក់​ថា​៖ «​វា​មិនអាច​ទេ ព្រោះ​កម្រិត​គូប្រកួត​រដូវកាល​នេះ​មាន​ចំណុច​ខ្លាំង​ខុសៗ​គ្នា គឺ​ក្រុម​ខ្លះ​ខ្លាំង​ប្រយុទ្ធ ក្រុមខ្លះ​ខ្លាំង​ការពារ ខ្លះ​មាន​តុល្យភាព ឬ​លំនឹង​ទាំង​ប្រយុទ្ធ និង​ការពារ ហើយ​ក្រុម​ខ្លះ​ទៀត​ពូកែ​លេង​បាល់​រៀបចំ​។ ហេតុនេះ​យើង​ក៏​កាន់តែ​មិន​ភ្លេច​ខ្លួន​ជាមួយ​រឿង​ប្រយុទ្ធ​តែមួយ​មុខ គ្រាន់តែ​ថា​យ៉ាង​ហោចណាស់​ក៏​យើង​អាច​មាន​លទ្ធភាព​រក​គ្រាប់​បាល់​ស្ទើរ​គ្រប់​ការប្រកួត​ក៏​ថា​បាន​»​។

សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​នោះ​ដែរ​ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​បាន​យកឈ្នះ​ក្រុម​សូលទីឡូ​អង្គរ ២-១ ដើម្បី​ទទួល​បាន​ ៣ ​ពិន្ទុ​ជា​លើកដំបូង បន្ទាប់ពី​ចាញ់​ ២ ​ប្រកួត​កន្លងមក ប៉ុន្តែ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី បន្ត​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​អគ្គិសនី​កម្ពុជា ២-០ ធ្វើឲ្យ​អគ្គិសនី​កម្ពុជា​ពេល​នេះ​មាន​ ៦ ​ពិន្ទុ​៕