ភ្នំពេញៈ ក្រុមយុវជន​សាលា​បាល់​ទាត់​ជាតិ​អាយុ​ក្រោម​ ១៨ ឆ្នាំ ​បាន​​វាយ​បក​យក​ឈ្នះ​ក្រុម​គិរីវង់​អេហ្វស៊ី ២-១ ដ៏​គួរ​ឲ្យកត់​សម្គាល់ ដើម្បី​លើក​ពាន​ថ្នាក់​ខេត្ត នៃ​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​សម្តេច​ ហ៊ុន សែន លើក​ទី​ ១២ ឆ្នាំ ២០១៨ នៅ​កីឡដ្ឋាន​ស្តាត​ចាស់ កាល​ពី​យប់​ថ្ងៃ​ពុធ ម្សិល​មិញ។

យ៉ាង​ណា​ក៏​ដោយ លោក ផាន់ ចាន់ផាត គ្រូ​បង្វឹក​ក្រុម​គិរីវង់ អេហ្វស៊ី ​​បាន​មើល​ឃើញ​ថា ​ការ​ចាញ់​ក្រុម​យុវជន​ថ្នាល​កម្ពុជា ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ដោយ​សារ​កូនក្រុម​របស់​លោក ​មានការ​បារម្ភពេក និង​ខំ​ប្រឹង​ពេក ទើប​ធ្វើ​ឲ្យ​ធ្លាក់​កម្លាំង និង​​​បែកទម្រង់​លេង នាំ​ឲ្យ​ក្រុម​យុវជន​ថ្នាល​កម្ពុជា អាច​រក​បាន ​២ ​គ្រាប់​​យ៉ាង​ឆាប់​រហ័ស។

លោក ផាន់ ចាន់ផាត បាន​​ប្រាប់​មុន​នេះ​បន្តិច​ថា៖ ​«​នៅពេល​ដែល​យើងរក​បាន​គ្រាប់​បាល់​នាំ​មុខ​គេហើយ យើងបែរជា​មាន​ភាព​ច្របូក​ច្របល់​នៅ​តំបន់​កណ្តាល ​ហើយការ error (បែកទម្រង់​លេង) មួយ​ភ្លាតៗនេះ នាំ​ឲ្យ​គេ​រក​បាន​គ្រាប់​បាល់​ ២ ​គ្រាប់​យ៉ាង​លឿន​។ ម្យ៉ាង​ទៀត ​​ក្រុម​របស់​គេ សុទ្ធ​តែ​កីឡាករ​ជម្រើស​ចេញ​ពី​ទូ​ទាំង​ប្រទេស មក​ប្រមូល​ផ្តុំ​នៅ បាទី ប៉ុន្តែ​យើង​ជ្រើស​រើស​ចេញ​ពី​​តំបន់ខេត្ត​តែមួយ​​ អ៊ីចឹង​គុណ​ភាព​ យើង​លេង​បាន​ប៉ុណ្ណឹង វាល្អ​ហើយ»។

គ្រូ​បង្វឹក​រូ​បនេះ​បាន​បន្ថែម​ថា៖ ​«​ការ​បណ្តាល​ឲ្យ​មាន​​ការ​លេង error នេះ​ដោយ​សារ​តែ​កីឡាករ​របស់​យើងមាន​ការ​បារម្ភ​ពេក និង​​ខំ​ប្រឹងខ្លាំង​​ពេក ធ្វើ​ឲ្យ​​មួយៗ​​បាត់​បង់​កម្លាំង និង​បច្ចេក​ទេស ហើយ​ម្យ៉ាង​ទៀត​ នៅ​តាកែវ មានភ្លៀង​ច្រើន ធ្វើ​ឲ្យ​ការ​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់​របស់​យើង​​បាន​ជួប​បញ្ហា ដោយ​សារ​កីឡាករ​​ម្នាក់ៗ​​នៅ​តាម​ផ្ទះ និងមាន​ការងារធ្វើ​រៀងៗ​ខ្លួន ខុស​ពី​ក្រុម​យុវជន​ថ្នាល ដែល​មានការ​​ប្រមូល​ផ្តុំ​​ជុំ​គ្នា​តែ​ម្តង។ ហេតុ​នេះ​យើង​ត្រូវ​តែ​ប្រឹង​ប្រែងបន្ថែម​ទៀត ដើម្បី​ត្រៀម​ការ​ប្រកួតវគ្គ​ខ្វែង​​ថ្នាក់​ជាតិ ជា​បន្ត​ទៀត»។

​តាម​រយៈ​ការ​ប្រកួត នៅ​កីឡដ្ឋាន​ស្តាត​ចាស់ កាល​ពី​យប់​ថ្ងៃ​ពុធ​នោះ ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​របស់​ក្រុម​គិរីវង់អេហ្វស៊ី អ៊ិន វិច្ឆិការ បាន​រក​គ្រាប់​បាល់​នាំ​មុខ​ឲ្យក្រុម​មាន​មូល​ដ្ឋាននៅ​ទីរួម​ខេត្ត​តាកែវ​មួយនេះ តាំង​ពីនាទីទី​​ ៥ ប៉ុន្តែ​ការ​បញ្ជូន​បាល់​យ៉ាង​ស្អាត​របស់ សៀន ចន្ធា បាន​ផ្តល់​ឱកា​ស​ឲ្យ ឡុង ម៉េងហាវ ស៊ុតបាល់​បំប៉ោង​សំណាញ់​ក្រុមគិរីវង់ បាន ​១ ​គ្រាប់​វិញ នៅនាទីទី​ ២៤។

បន្ថែម​លើ​នេះ ឡុង ម៉េងហាវ ដដែល បាន​​លើក​បាល់​ឲ្យ សៀន សុភក្ត្រា តែត​​បញ្ចូល​ទីបាន​ ១ ​គ្រាប់​ទៀត នៅនាទីទី​ ៤៩ ដើម្បី​យក​ឈ្នះ​ក្រុមគិរីវង់ ២-១ លើក​នេះ។ លទ្ធផល​នេះ ​បាន​ជួយ​ឲ្យក្រុម​U18​ កម្ពុជា លើក​​ពាន​ហ៊ុនសែន​ថ្នាក់​ខេត្ត មួយនេះ​ អម​ជាមួយ​ប្រាក់​រង្វាន់​ ១៥ ​លាន​រៀល ខណៈ​ក្រុម​​លេខ ​២ គិរីវង់អេហ្វស៊ី បាន​​​ប្រាក់​រង្វាន់​ត្រឹម​តែ ​​៧,៥ ​លាន​រៀល​ទេ។

ក្រៅ​ពី​ការ​ឈ្នះ​ពាន​នេះ កីឡាករ ហ៊ុល គឹមហ៊ុយ បាន​ទទួល​ពាន​អ្នក​ចាំ​ទី​ល្អជាង​គេ ឯ​លោក Musashi Mizushima គ្រូ​បង្វឹក​ក្រុម U18 បាន​ទទួល​ពាន​ជា​គ្រូ​បង្វឹក​ឆ្នើម ហើយ​អ្នក​ទាំង​២ ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ក្នុង​ម្នាក់ ៥០​ ម៉ឺន​រៀលដូច​គ្នា ខណៈ​ខ្សែ​ប្រយុទ្ធ កែវ ណារ៉ូ ​របស់​ក្រុម​យុវជន​ក្រសួងការពារជាតិ ជាប់​ឈ្មោះ​ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ប្រចាំ​ការ​ប្រកួត​ថ្នាក់​ខេត្តនេះ ហើយ​គេ​ក៏​ទទួលបាន​ប្រាក់ ៥០​ ម៉ឺន​រៀល​ដែរ។

បន្ទាប់ពី​ការ​ប្រកួតនេះ ​ក្រុម ​U18 កម្ពុជា និងក្រុមគិរីវង់​អេហ្វស៊ី នឹង​ត្រូវ​បន្ត​ទៅ​ប្រកួតនៅ​វគ្គ​​ខ្វែង ​១៦​ក្រុម​ថ្នាក់​ជាតិ​ ​ហើយ​វគ្គ​នេះ​​បាន​ចាប់​ឆ្នោត​រួច​ហើយ ដោយ​ក្នុងនោះ U18 កម្ពុជា ត្រូវ​ប៉ះ​ក្រុម​​ខេត្តកោះកុង ហើយ​គិរីវង់​អេហ្វស៊ី ត្រូវ​ជួប​ក្រុមប៉ូលិស។ ចំណែក​​ក្រុម​វិសាខា ត្រូវប្រឈម​ជាមួយ​ក្រុមព្រះខ័នរាជស្វាយ​រៀង ស្រប​ពេល​បឹង​កេត ​ជួប​ក្រុមវេស្ទើន ហើយ​សូល​ទីឡូអង្គរ ប៉ះ​ក្រុម​អង្គរថាយហ្គឺរ ខណៈ​ណាហ្គាវើល ជួប​ក្រុម​ខេត្តកំពត និង​​ក្រុម​ការពារជាតិ ត្រូវតទល់​នឹង​ក្រុម​អាស៊ីអឺរ៉ុប៕

[img