ក្រុងឡុងដ៍៖ អ្នកចាត់ការរបស់ក្រុមជម្រើសជាតិវេលស៍ និងជាអតីតកីឡាករឆ្នើមរបស់ក្រុម Manchester United លោក Ryan Giggs ត្រូវចាប់ខ្លួនពីបទសង្ស័យការធ្វើបាបរាងកាយ។ នេះបើតាមសេចក្ដីរាយការណ៍របស់បណ្ដាញសារព័ត៌មាននៅចក្រភពអង់គ្លេស កាលពីយប់ថ្ងៃចន្ទ។
សហព័ន្ធបាល់ទាត់ប្រទេសវេលស៍ (FAW) បានចេញសេចក្ដីប្រកាសរៀបរាប់ខ្លីៗថា៖ «FAW បានដឹងពីករណីមានការចោទប្រកាន់ពាក់ព័ន្ធនឹងអ្នកចាត់ការរបស់ក្រុមជម្រើសជាតិ គឺលោក Ryan Giggs។ FAW នឹងមិនអធិប្បាយអ្វីបន្ថែមទៀតឡើយ ក្នុងខណៈពេលនេះ»។
កាសែត The Sun បានឱ្យដឹងថា ប៉ូលិសត្រូវគេខលប្រាប់ឱ្យទៅផ្ទះរបស់លោក Giggs វ័យ ៤៦ ឆ្នាំ កាលពីយប់ថ្ងៃអាទិត្យ ក្រោយមានសេចក្ដីរាយការណ៍ថា មានការបង្កការរំខានមួយ។ លោក Giggs ត្រូវបាននាំខ្លួនយកទៅសួរចម្លើយពាក់ព័ន្ធនឹងបទសង្ស័យករណីរំលោភបំពាន និងធ្វើបាបរាងកាយ។
The Sun បានដកស្រង់នូវសេចក្ដីថ្លែងការណ៍របស់ប៉ូលិសនាក្រុងមេនឆេស្ទ័រ ដែលរៀបរាប់ថា៖ «ប៉ូលិសយើង ត្រូវបានគេខលមកប្រាប់ កាលពីម៉ោង ១០:០៥ នាទី នាយប់ថ្ងៃអាទិត្យ ពីការបង្កការរំខានមួយ។ ស្ត្រីម្នាក់វ័យខ្ទង់ចន្លោះ ៣០ ឆ្នាំ មានរងរបួសតិចតួច តែមិនចាំបាច់ទទួលការព្យាបាលឡើយ។ បុរសម្នាក់វ័យ ៤៦ ឆ្នាំ ត្រូវចាប់ខ្លួនពីបទសង្ស័យការបំពារបំពានលើរាងកាយ តាមមាត្រា ៤៧ និងបង្កគ្រោះថ្នាក់ដល់រាងកាយ តាមមាត្រា ៣៩»។
ពេលនេះ ប្រទេសវេលស៍ បានលុបចោលកម្មវិធីសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ នៅពេលលោក Giggs ត្រៀមកំណត់ឈ្មោះកីឡាករសម្រាប់ត្រៀមប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិអាមេរិក និងត្រៀមសម្រាប់ប្រកួតកម្មវិធី Nations League ទល់នឹងក្រុមសារ.អៀរឡង់ និងហ្វាំងឡង់ នៅចុងខែនេះ៕ AFP/VN