ភ្នំពេញ៖ លោក​ ហែម​ លំផាត់​ គ្រូ​ជម្រើស​ជាតិ​កីឡា​ហែល​ទឹក​ និង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កីឡា​ហែល​ទឹក​ជនពិការ​ផង​នោះ​ បាន​ទទួល​មរណភាព​កាល​ពី​វេលា​ម៉ោង ១​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី ១៥ ​ខែ​កក្កដា​ ក្នុង​វ័យ​ ​៤៩ ​ឆ្នាំ ដោយ​រោគាពាធ​ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត។​

លោក ​ហែម ​លំផាត់​ ​ទទួល​មរតក​ជំនាញ​កីឡា​ហែល​ទឹក​ពី​លោក ​ហែម ​ថុន ជា​ឪពុក ដោយ​លោក​មាន​អាជីព​ជា​កីឡាករ​​​​ហែល​ទឹក​ និង​បាន​ក្លាយ​ខ្លួន​ជា​គ្រូ​បង្វឹក​​ជាង ​១០ ​ឆ្នាំ​ហើយ ​និង​ជា​គ្រូ​បង្វឹក​ក្រុម​ជនពិការ​តាំង​ពី​ឆ្នាំ ​២០១១​។ យោង​តាម​ប្រវត្តិ​ និង​បទពិសោធ​ ​លោក​ ហែម លំផាត់ មាន​ស្នាដៃ​ក្នុង​វិស័យ​កីឡា​ហែល​ទឹក​នេះ​ល្អ​គួរ​សម​ ពិសេស​ប្រវត្តិ​នៃ​ការ​ឆ្លង​កាត់​សកម្មភាព​កីឡា​សំខាន់ៗ​ គឺ​ពី​ឆ្នាំ ​១៩៨៦​ ដល់​ឆ្នាំ ​១៩៩៨ ​លោក​ធ្លាប់​ទៅ​បណ្តុះបណ្តាល​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ ហើយ​នៅ​ឆ្នាំ ​១៩៩២ គឺ​​ក្រោយ​បញ្ចប់​ការ​សិក្សា​ លោក​បាន​​ចូល​រៀន​សាលា​គរុកោសល្យ​​អប់រំកាយ និង​កីឡា​ជំនាន់​ទី ​៤ ​(​បច្ចុប្បន្ន​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​ និង​កីឡា​)​។

នៅ​ឆ្នាំ ​១៩៩៥​ លោក ហែម លំផាត់ ​បាន​ចូលរួម​ការ​​ប្រកួត​កីឡា​អាស៊ាន​លើក​ទី ​១៨​ ​នៅ​ឈៀង​ម៉ៃ ​ប្រទេស​ថៃ​ ហើយ​​ឆ្នាំ ​១៩៩៦​ លោក​ចូល​រួម​ការ​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​បំផុត ​គឺ​អូឡាំពិក​​ហ្គេម​នៅ​សហរដ្ឋ​អាមេរិក​។ ឆ្នាំ ​២០១៧​ លោក​ទៅ​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម​នៅ​លើក​ទី ​១៩​ ប្រទេស​ប៊្រុយណេ​ ​និង​ជា​បន្ត​បន្ទាប់​លោក​បាន​បន្ត​ការងារ​ជា​គ្រូ​បង្វឹក ​ព្រម​ទាំង​ជា​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​។​

តាម​ការ​ឲ្យ​ដឹង​ពី​ លោក​ យី ​វាសនា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា​ គឺ​លោក​ ហែម​ លំផាត់ មាន​អាការ​ឈឺ​ពោះ ១ សប្ដាហ៍​មក​ហើយ​ បន្ទាប់​មក​គ្រួសារ​លោក​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ទើប​ដឹង​ថា​ គាត់​ធ្លាយ​ក្រពះ ហើយ​​គ្រូ​ពេទ្យ​ក៏​បាន​ព្យាបាល​ និង​ដេរ​ក្រពះ​រួច​ហើយ ប៉ុន្តែ​នៅ​តែ​មាន​ឈាម​ហូរចូល​ក្រពះ​នាំ​ឲ្យ​​ធ្វើ​ទុក្ខ​ខ្លាំង​រហូត​លោក​ទទួល​មរណភាព​តែ​ម្តង​។​ តាម​ក្រុម​គ្រួសារ​ឲ្យ​ដឹង​ថា ​គាត់​មាន​បញ្ហា​​លើស​សម្ពាធ​ឈាម​ផង​ដែរ​​។

ជាមួយ​គ្នា​នេះ ​លោក​ទេសរដ្ឋមន្ដ្រី​ ស៊ុន ចាន់ថុល​ ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក ដែល​បាន​ខ្នះខ្នែង​ជួយ​មើល​ថែ​ លោក​ ហែម​ លំផាត់ ពេល​​ចូល​មន្ទីរ​ពេទ្យនោះ បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​លើ​ការ​ចំណាយ​ក្នុង​ការ​រៀបចំ​បុណ្យ​សព​លោក ​ហែម លំផាត់ ដែល​កំពុង​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី ​នៅ​គេហដ្ឋាន ​ផ្ទះលេខ ១៨៩ តាម​បណ្ដោយ​ផ្លូវ ២០០៤ ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ​​។ ​តាម​កម្មវិធី​គ្រោង​ដង្ហែ​សព​ទៅ​បូជា​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ហើយ​លោក​ ហែម ​លំផាត់​ មាន​កូន ​៣ នាក់​ ក្នុង​បន្ទុក​ផង​ដែរ​។

លោក យី វាសនា បាន​បញ្ជាក់​ថា៖ ​«មរណភាព​របស់​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កីឡាហែល​ទឹក​ លោក ហែម លំផាត់ បាន​ធ្វើ​ឲ្យ​គ្រួសារ​កីឡា​ហែលទឹក​ទាំង​ប្រភេទ​កីឡា​អូឡាំពិក ​និង​ប៉ារ៉ាឡាំពិក មាន​ការ​សោកស្ដាយ​ជា​ខ្លាំង ព្រោះ​ជា​ការ​បាត់បង់​ធនធាន​គ្រូ​បង្វឹក​ដ៏​ឆ្នើម ​ដែល​ធ្លាប់​បង្វឹក​ និង​ផលិត​បាន​ធនធាន​កីឡាករ​កីឡាការិនី​ល្អៗ​ជាច្រើន​នាក់ ​ដើម្បី​ចូល​រួម​ប្រកួត​ទាំង​ថ្នាក់​ជាតិ​ និង​អន្ដរជាតិ»​៕