ភ្នំពេញ: កីឡាករ​ប្រដាល់​កម្ពុជា​ឈុត សេរី​វ៉ាន់​ថង មកពី​ក្លិប​រាហ៊ូ​ខេត្ត​បាត់ដំបង នឹង​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ Theap Kao ក្នុងការ​ប្រកួត​គុន​ខ្មែរ​លក្ខណៈ​អន្តរជាតិ​វគ្គ​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក Carabao រដូវ​កាល​ទី ៦ ទម្ងន់ ៥៧ គីឡូក្រាម​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍ (SEA TV) នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី ២៣ ខែ​មិថុនា ឆ្នាំ ២០១៨។

ជាមួយគ្នានេះ​កីឡាករ​ធន់ មករា មកពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ នឹង​ជួប​អ្នក​ប្រដាល់​ថៃ Phach Yaksou ដើម្បី​ប្រជែង​យក ៣ ពិន្ទុ​ដូចគ្នា។

សម្រាប់​ការប្រកួត​ថ្ងៃ​សៅរ៍​នេះ គ្រូបង្វឹក​របស់​កីឡាករ​ឈុត សេរី​វ៉ាន់​ថង បាន​អះអាង​ថា កូន​សិស្ស​របស់​លោក នឹង​ឈ្នះ​កីឡាករ​ថៃ​ក្នុង​ទំនុក​ចិត្ត ៨០ ភាគរយ។

សម្រាប់​គូ​ប្រដាល់​រវាង​ឈុត សេរីវ៉ាន់ថង និង Theap Kao ស្ថិតនៅក្នុង​ជំនួប​គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់ ខណៈ​ដែល​ក្នុង​អំឡុង​វគ្គ​ជម្រុះ​ដណ្តើម​ពិន្ទុ​មួយ​លើក​កន្លង​មក បាន​បញ្ចប់​ដោយ​ការ​ឈ្នះ​ដៃគូ​មាន ៣ ពិន្ទុ​ក្នុង​ដៃ​ដូចគ្នា ហើយ​ជា​កីឡាករ​ដែល​មាន​ប្រភេទ​ក្បាច់​សម្រុក​ខ្លាំង​ដូចគ្នា។

លោក​ឈុត សារី ដែលជា​គ្រូបង្វឹក និង​ជា​ឪពុក​បង្កើត ហ៊ាន​អះអាង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា៖ «ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា កូន​ខ្ញុំ​នឹង​ឈ្នះ​ថៃ Theap Kao ៨០ ភាគរយ»។

លោក​ញាណ សុធី នាយក​គ្រប់-គ្រង​ប្រដាល់​ប្រចាំ​សង្វៀន SEA TV បាន​និយាយ​ថា៖ «មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​ទាំង​មាឌ ទាំង​កម្ពស់ ហើយ​បទពិសោធ​ឡើង​សង្វៀន​គឺមាន​ប្រហាក់​ប្រហែល​គ្នា ដោយ​ទឹក​ចិត្ត​ប្រកួត​ខ្លាំង​ដូចគ្នា»។

កីឡាករ​ថៃ Theap Kao ធ្លាប់​ប្រកួត​បាន​ចំនួន ៥៨ លើក ឈ្នះ ៥១ លើក ចាញ់ ៧ លើក មិន​ដែល​ស្មើ ចំណែក​កីឡាករ​ឈុត សេរី​វ៉ាន់ថង ធ្លាប់​ប្រកួត​បាន​ចំនួន ៥៥ លើក ឈ្នះ ៤៨ លើក ចាញ់ ៦ លើក និង​ស្មើ ១ លើក។ កាល​ពី​ប្រកួត​លើក​មុន ឈុត សេរីវ៉ាន់ថង បាន​វាយ​ឈ្នះ Phach Yaksou ដោយ​ពិន្ទុ ទទួល​បាន ៣ ពិន្ទុ ចំណែក Theap Kao ឈ្នះ​ធន់ មករា មាន ៣ ពិន្ទុ​ដូចគ្នា។

ក្នុងការ​ប្រកួត​ដែល​ត្រូវបាន​រំពឹងទុក​ថា នឹង​ជក់ចិត្ត​នេះ លោក​ឈុត សេរី បាន​ឲ្យ​ដឹងថា៖ «កូន​ខ្ញុំ​ហ្វឹកហាត់ និង​ត្រៀម​ប្រកួត​បាន​ល្អ ហើយ​មាន​ភាព​ជឿ​ជាក់​ថា នឹង​ទទួល​បាន​ជ័យ​ជម្នះ​ដល់​ទៅ ៨០ ភាគរយ»។

លោក​បាន​អះអាងថា៖ «ខ្ញុំ​ជា​អ្នក​ប្រដាល់​ម្នាក់​តាំងពី​ជំនាន់​ជាមួយ​អេ ភូ​ថង គឺ​ស្រឡាញ់​កិត្តិយស​ខ្លាំង​ណាស់ ហើយ​ការ​ប្រកួត​ចង់​បាន​បំផុត​គឺ​ឈ្នះ ចំណែក​ឯ លុយ​កាក់​ជា​រឿង​ក្រោយ​បន្ទាប់​បន្សំ​ទេ ប៉ុន្តែ​លទ្ធផល​នៃ​ការ​ប្រកួត​គឺ​សុំ​ឲ្យ​កាត់​ក្តី​មាន​ភាព​សុក្រឹត និង​យុត្តិធម៌​ផង»។

ចំណែក​គូ​ប្រដាល់​ដណ្តើម៣ពិន្ទុ​មួយគូ​ទៀត​គឺ​អ្នក​ប្រដាល់​កម្ពុជា​ធន់ មករា មកពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ នឹង​ជួប​អ្នក​ប្រដាល់​ថៃ Phach Yakso។

ធន់ មករា ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ប៉ុន្តែ របៀប​វាយ​របស់គេ​ល្អ​ខ្លាំង ព្រមទាំង រហ័សរហួន ហើយ​កម្លាំង និង​ទឹកចិត្ត​ប្រកួត​របស់​គេ​ក៏​ខ្លាំង និង​មាន​ចិត្តធំ​ណាស់​ដែរ។ ធន់ មករា ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​កាល​ពី​ខែ​មុន​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ៥។

ប្រវត្តិ​ប្រកួត​របស់គេ​មាន​ចំនួន ៥០ លើក​ឈ្នះ ៤៥ លើក ចាញ់ ៣ លើក និង​ស្មើ ២ លើក ចំណែក​កីឡាករ​ថៃ Phach Yaksou មាន​ប្រវត្តិ​ប្រកួត​ចំនួន ៦១ លើក ឈ្នះ ៥០ លើក ចាញ់ ១០ លើក និង​ស្មើ​ពិន្ទុ ១ លើក។

លោក​ធន់ សុភា គ្រូបង្វឹក​ធន់ មករា បាន​និយាយថា៖ «មករា ហ្វឹកហាត់​បានល្អ ហើយ​ខ្ញុំ​ពិតជា​សង្ឃឹម​ឈ្នះ​លើ​កីឡាករ​ថៃ Phach Yaksou ៩០ ភាគរយ»៕