ទីក្រុង​ឡុងដ៍៖ លោក Mikel Arteta មាន​មោទនភាព​ចំពោះ​​យុវកីឡាករ​ក្រុម​កាំភ្លើង​ធំ​របស់​គាត់ ​ក្រោយ​ពី​ក្រុម​ Arsenal បាន​កក់​កៅអី​សម្រាប់​ជុំ​ទី ​៥ ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ FA Cup ជាមួយ​ជ័យជម្នះ​ទៅ​លើ​ក្រុម​ Bournemouth នៅ​ក្នុង​លទ្ធផល​ ២-១ ពី​រាត្រី​ថ្ងៃ​ចន្ទ​។​

ក្រុម​ភ្ញៀវ​ Arsenal ​ជា​ម្ចាស់​ជើងឯក FA Cup ​១៣ ​ជំនាន់​ ​បាន​ឈ្នះ​ ២-១ នៅ​កីឡដ្ឋាន​ Vitality ដោយ​កីឡាករ​ Bukayo Saka និង​ Eddie Nketiah មុន​ពេល​ដាក់​ជំនួស​កីឡាករ​ Sam Surridge។​

អ្នក​រក​បាន​គ្រាប់​បាល់​ទាំង ​២ ​នាក់ ​របស់​ក្លិប​ Arsenal នេះ​​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​​ក្នុង​ភាព​ជា​យុវវ័យ​ក្នុង​រាត្រី​មួយ​ដែល​ជម្រើស​ការពារ​របស់​លោក Arteta ត្រូវ​បាន​បំផ្លាញ​កាន់​តែ​ខ្លាំង​ដោយ​ធ្វើ​ឲ្យ​កីឡាករ​ Shkodran Mustaff រង​របួស​។​

លោក Arteta ដែល​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេង​កាល​​ពី​ថ្ងៃ​ចន្ទ​នោះ​បាន​ទទួល​ស្គាល់​ថា ក្លិប​នេះ​នឹង​ត្រូវ​​ផ្តោត​លើ​ទីផ្សារ​ដោះដូរ​កីឡាករ ​ដើម្បី​បង្កើន​សមត្ថភាព​ក្រុម​នេះ ​ដោយសារ​តែ​ការ​ធ្វើ​ដំណើរ​នៅ​ជុំ​ទី ​៥ ​ទៅ​កាន់​ទឹក​ដី​ក្រុម​ Portsmouth បាន​បន្ថែម​កាល​វិភាគ​របស់​ពួក​គេ​ថែម​ទៀត​។​​

គ្រូ​បង្វឹក​ក្រុម​កាំភ្លើង​ធំ​រូប​នេះ​បាន​ប្រាប់​ BBC Sport ថា៖ «​ពិត​ជា​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​​​។ វា​តែងតែ​លំបាក​នៅ​ពេល​មក​ដល់​ទី​នេះ ​និង​ឈ្នះ​​ ហើយ​យើង​ធ្វើ​វា​បាន​សម្រេច​ជាមួយ​ក្រុម​យុវជន​ផង​ដែរ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ចំពោះ​ពួក​គេ​យ៉ាង​ខ្លាំង​ ហើយ​ខ្ញុំ​គិត​ថា ពួក​គេ​​កំពុង​តែ​រីក​ចម្រើន​យ៉ាង​ពិត​ប្រាកដ​ព្រោះ​ពួក​គេ​មាន​ឆន្ទៈ​ និង​​ស្រេក​ឃ្លាន​​ដោយ​ផ្ដោត​តែ​ពី​ការ​ធ្វើ​ឲ្យ​កាន់​តែ​ល្អ​ប៉ុណ្ណោះ​»។​​​

លោក Arteta ​បាន​បន្ថែម​ថា៖ «​យើង​ តែង​ធ្វើ​ការ​​វិភាគ​គូ​ប្រជែង ​និង​បាន​​​ព្យាយាម​បង្កើត​ស្ថានភាព​ដែល​​អំណោយ​ផល​សម្រាប់​កីឡាករ​របស់​យើង​»​។

គ្រូ​បង្វឹក​ក្លិប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ប្រវត្តិ​របស់​ពួក​គេ​ក្នុង​រយៈពេល​ពីរ​បី​សប្ដាហ៍​ចុង​ក្រោយ។ ​យើង​បាន​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​នៅ​ប៉ុន្មាន​នាទី​ចុង​ក្រោយ​»។​

គ្រូ​បង្វឹក​ដដែល​នេះ​បាន​បន្ត​ថា៖ ​«ប្រវត្តិ​របស់​យើង​ជាមួយ​ក្លិប​នេះ ​គឺ​មាន​ច្រើន​សម្រាប់​ក្លិប​នេះ​ ហើយ​យើង​ត្រូវ​តែ​បោះ​ជំហាន​បន្តិច​ម្ដងៗ​»។​

ជុំវិញ​ការ​រង​របួស​របស់​កីឡាករ​ Mustafi និង​ក្ដី​សង្ឃឹម​ក្នុង​ការ​នាំ​មក​នូវ​កម្លាំង​ចិត្ត​ថែម​ទៀត​នោះ​ លោក Arteta បាន​បន្ថែម​ថា៖ «​យើង​នឹង​ត្រូវ​វាយ​តម្លៃ​គាត់ ​ប៉ុន្តែ​នៅ​ពេល​ Mustafi ត្រូវ​ចេញ​ពី​ទីលាន​ ជា​ធម្មតា​វា​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ​»។​

លោក Arteta បាន​បន្ថែម​ទៀត​ថា៖ «​យើង​កំពុង​មើល​​ទីផ្សារ​ព្រោះ​​យើង​កំពុង​ស្វែងរក​អ្វីៗ​ជាមួយ​ធនធាន​ដែល​យើង​មាន​ ហើយ​យើង​នឹង​ប្រាប់​អ្នក​នៅ​ពេល​យើង​មាន​ព័ត៌មាន​ថ្មីៗ​បន្ត​ទៀត​»។​​

ចំណែក​គ្រូ​បង្វឹក​ក្លិប Bournemouth លោក Eddie Howe បាន​និយាយ​ថា៖ «​យើង​មាន​បញ្ហា​បច្ចេកទេស​។ យើង​បាន​ផ្លាស់ប្ដូរ​ប្រព័ន្ធ​លេង ​២-៣ ​លើក​ផង​ដែរ ​​ប៉ុន្តែ​យើង​នៅ​តែ​មិន​អាច​សង្គ្រោះ​ការ​ប្រកួត​នេះ​បាន​ដដែល​»។

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​យើង​ស្ថិត​នៅ​លេខ ​២ នៅ​​ក្នុង​ការ​ប្រកួត​នេះ​​បើ​ប្រៀប​ធៀប​នឹង​គុណភាព​ក្រុម​ ​ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​បង្កើន​ទម្រង់​លេង​ឲ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត​»៕ AFP/SN​