ក្រុង​មុយនិច៖ គ្រូ​បង្វឹក​ក្លិប Bayern លោក Hansi Flick ហាក់​ជួប​​កង្វល់ ​ក្រោយ​ពី​​បាន​ខ្ជះខ្ជាយ​ឱកាស​ជា​ច្រើន​នៃ​បរាជ័យ ​២-១ ក្នុង​ទឹក​ដី​ខ្លួន​ឯង​ចំពោះ​ក្រុម Bayer Leverkusn នៅ​ក្នុង​ក្របខ័ណ្ឌ​ Bundesliga។​

កីឡាករ​ Leon Bailey រក​បាន ​១ ​គ្រាប់ ​បើក​ឆាក​សម្រាប់​ក្រុម​ភ្ញៀវ​ Leverkusen មុន​ពេល​កីឡាករ​ Thomas Muller រក​បាន ​១ ​គ្រាប់​វិញ ​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​ ប៉ុន្តែ​ក្នុង​នាទី ​៣៥ ​កីឡាករ​ Bailey បាន​បន្ថែម ​១ ​គ្រាប់​ទៀត ​ធ្វើ​ឲ្យ​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ ​២-១។​

លោក Flick បាន​និយាយ​ក្រោយ​ការ​ប្រកួត​នេះ​ថា៖ «ខ្ញុំ​ពិត​ជា​មិន​អាច​រិះគន់​ទម្រង់​លេង​របស់​ក្រុម​ខ្ញុំ​បាន​ទេ​នៅ​ថ្ងៃ​នេះ ព្រោះ​ពួក​គេ​លេង​បាន​ល្អ ​និង​ប្រឹង​​អស់​ពី​សមត្ថភាព​ហើយ​ ​ប៉ុន្តែ​នៅ​តែ​មិន​បាន​សម្រេច​ទៀត​»។​​​

ក្រុម Bayern បាន​ឈ្នះ ​៤ ​ប្រកួត ​ដោយ​គ្មាន​របូត ​១ ​គ្រាប់​សោះ​​តាំង​ពី​លោក Flick បាន​ចូល​ដឹកនាំ​ជំនួស​លោក Niko Kovac ​ពី​ដើម​ខែ​វិច្ឆិកា​ និង​បាន​ចាញ់​តែ ​១ ​លើក​គត់ ​ក្នុង​ក្នុង​ចំណោម​ជំនួប​ជាមួយ​ក្រុម​ Leverkusen ចំនួន ​២៩ ​លើក​ចុង​ក្រោយ ​ក្នុង​ទឹក​ដី​របស់​ខ្លួន៕​ AFP/SN