The Phnom Penh Post Search

Search form

គ្រូ​បង្វឹក Ceres-Negros ​ថា កូន​ក្រុម​របស់​លោក ខំលេង​ទាំង​លំបាក ទម្រាំ​ឈ្នះ បឹងកេត ៤-០

Content image - Phnom Penh Post
​​ខ្សែ​ការពារ លី វ៉ាហេទ និង ស៊ុន សុវណ្ណរិទ្ធី របស់​​​ក្រុ​ម​បឹងកេត បាន​ព្យាយាម​បិទ Maraa On (ឆ្វេង) របស់​ក្រុម Ceres-Negros ក្នុងការ​ប្រកួត​កាល​ពី​យប់​ថ្ងៃ​ពុធ។ ស្រេង ម៉េងស្រ៊ុន

គ្រូ​បង្វឹក Ceres-Negros ​ថា កូន​ក្រុម​របស់​លោក ខំលេង​ទាំង​លំបាក ទម្រាំ​ឈ្នះ បឹងកេត ៤-០

ភ្នំពេញៈ ក្រុម​ខ្លាំង​របស់ ​ហ្វីលីពីន Ceres-Negros បាន​បន្ត​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ ​បឹង​កេត ៤-០ ក្នុងការ​ប្រកួត​ជម្រុះ​វគ្គ​ចែក​ពូល​ពាន​រង្វាន់ AFC Cup 2018 នៅ​ពហុកីឡដ្ឋានជាតិ កាល​ពី​យប់​ថ្ងៃ​ពុធ ម្សិល​មិញ ហើយ​ជ័យ​ជម្នះ​នេះ ​បាន​ជួយ​ឲ្យ Ceres ​ឈ្នះ​កៅ​អី​ឡើង​ទៅ​ប្រកួតនៅ​វគ្គ​បន្ត ​តំណាង​ឲ្យពូល F​ នេះ ដោយ​ស្វ័យ​ប្រវត្តិ បើ​ទោះ​បីជា​នៅ​សល់​ ១ ​ប្រកួត​ទៀត​ក៏​ដោយ។

បើ​ទោះ​បីជា​ការ​ប្រកួត​ជើងទី​ ២ ​នេះ Ceres ​រក​បាន​ត្រឹម ​៤ ​គ្រាប់ គឺ​ខុស​ពី​ការ​ប្រកួត​ជើង​ទី ​១ នៅ​លើ​ទឹក​ដី​របស់​ពួក​គេ ដែលបាន​យក​ឈ្នះ​ក្រុម​បឹង​កេត រហូត​ដល់ ៩-០ ប៉ុន្តែ​លោក Risto Vidakovic គ្រូ​បង្វឹក​ក្រុម Ceres-Negros បាននិយាយ​ថា កូន​ក្រុម​របស់​លោក បាន​ជួប​ការ​លំបាក​ច្រើន សម្រាប់​ការ​ប្រកួតនេះ ទាក់​ទង​ទៅ​នឹងអាកាសធាតុ និងទី​លាន តែ​លោក​មិន​បាន​និយាយ​ទៅ​ដល់ទម្រង់​លេង​របស់​បឹងកេត នោះ​ទេ។

លោក Risto Vidakovic ​បាន​និយាយ ក្នុងសន្និសីទ​កាសែត​ថា ការ​ប្រកួត​នៅ​ថ្ងៃ​នេះ កូន​ក្រុម​របស់​ខ្ញុំ ​គ្រប់​គ្រង​ការ​ប្រកួត​បានល្អ​តាំង​​ពី​ចាប់​ផ្តើម​រហូត​ដល់ ​ចប់​ការ​ប្រកួត។ ការ​ប្រកួតនេះ​មិនមែន​​ងាយស្រួល​នោះ​ទេ ព្រោះ​អាកាស​ធាតុ​នៅ​ទី​នេះ​ក៏​ក្តៅ ហើយ​យើង​ត្រូវ​លេង​នៅ​លើ​ទី​លាន​ស្មៅសិប្បនិម្មិត ដែល​មាន​​កម្តៅជះ​​មក​ពី​ខាង​ក្រោមខ្លាំង»។

លោក​បាន​បន្ថែម​ថា៖ ​«បញ្ហា​ទាំង​នេះ បាន​ធ្វើ​ឲ្យ​កីឡាករ​របស់​យើងមានការ​លំបាកច្រើន ប៉ុន្តែ​​ខ្ញុំ​បាន​​​មើល​ឃើញ​ថា ​​កូន​ក្រុម​របស់​​ខ្ញុំ បាន​​​ព្យាយាម​​គ្រប់​គ្រងស្ថាន​ភាពនៃ​ការ​​ប្រកួត​បាន​ល្អ ដើម្បី​ទទួល​បាន​ជ័យជម្នះ​លើក​នេះ បើ​ទោះ​បីជា​ពួក​គាត់ បាន​ជួបនៅបញ្ហា​លំបាកជា​ច្រើន ​នៅ​លើ​ទី​លាន​ក៏​ដោយ»។

Content image - Phnom Penh Post
លោក Risto Vidakovic បាន​និយាយ​ថា ការ​យក​ឈ្នះក្រុម​បឹងកេត ៤-០ លើក​នេះ មាន​ការ​លំបាក​ច្រើន ទាក់​ទងទៅ​នឹង​អាកាស​ធាតុ និង​ទី​លាន។ ស្រេង ម៉េងស្រ៊ុន

តាម​រយៈ​ការ​ប្រកួត កាល​ពីយប់ថ្ងៃ​ពុធ​នោះ ​ម្សិល​មិញ​នោះ បឹង​កេត បង្ហាញ​ការ​លេង​បាន​ល្អ ជាង​ការ​ប្រកួត​នៅ​លើ​ទឹក​ដីហ្វីលីពីន ព្រោះ​ពួក​គេ ក៏​បាន​ឱកាស​វាយ​បក​បាន​ច្រើន​គួរ​សម​ផងដែរ គ្រាន់​តែ​ធ្វើ​មិនបាន​សម្រេច ជា​ពិសេស​ខ្សែ​ប្រយុទ្ធ​ជន​ជាតិ​ប្រេស៊ីល Maycon ប៉ុន្តែ​បញ្ហា​នេះ​ក៏​អាច​មក​ពី​គ្មាន​អ្នក​លេង​ត្រូវ​ជាមួយ​គេ​ ផងដែរ។

ផ្ទុយ​ពីនេះ ការ​វាយ​សម្រុក​យ៉ាង​ខ្លាំង​ និងជា​បន្ត​បន្ទាប់​របស់ Ceres នៅ​ចុង​តង់​នេះ​ បាន​ផ្តល់​ឱកាស​ឲ្យខ្សែ​ប្រយុទ្ធ​ពាក់​លេខ ​៧ Maraa On រក​បាន ​២ ​គ្រាប់​ជាប់ៗ​គ្នា នៅ​នាទីទី​ ៣៦ និង​ទី​ ៣៨ ហើយ Maraa On ដដែល​នេះ ​បាន​រក​ឃើញ​គ្រាប់​បាល់​ទី​ ៣ ​របស់​គេ នៅនាទីទី​ ៦៩ មុន​ពេលខ្សែ​ប្រយុទ្ធពាក់​លេខ ​៩ Uesato បាន​បន្ថែម ​១ ​គ្រាប់​ទៀត នៅនាទីទី​៨៤។

ការ​បន្ត​យក​ឈ្នះ​ក្រុមបឹងកេត ៤-០ ក្នុងការ​ប្រកួត​លើក​ទី​៥​នេះ ​បាន​ជួយ​ឲ្យ​ក្រុម Ceres-Negros បន្ត​ឈរ​នៅ​លេខ​ ១ ​ប្រចាំពូល​F ដោយ​មាន​ ១៣ ពិន្ទុ និង​បាន​កក់​កៅ​អី​នៅ​វគ្គ​បន្ត ដោយ​ស្វ័យ​ប្រវត្តិ ​ទោះបីជា ​នៅ​សល់ ​១ ​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏​ដោយ។

Content image - Phnom Penh Post

ចំណែក​ក្រុម Home United របស់​សិង្ហបុរី ​បាន​យក​ឈ្នះ​ក្រុម Shan United របស់​មីយ៉ាន់ម៉ា ៣-២ នៅ​លើ​ទឹក​ដី​របស់​ខ្លួន កាលពី​យប់​ថ្ងៃ​ពុធ នោះ​ដែរ ដើម្បី​បន្ត​ឈរ​នៅ​លេខ​រៀងទី​ ២ ដោយមាន​ ១០ ​ពិន្ទុ តែ Home United នៅ​មិន​ទាន់​ច្បាស់​​ថា អាច​នឹង​ក្លាយ​ជា​ក្រុម​លេខ ​២ ​ល្អ ដើម្បី​​បាន​ទៅ​វគ្គ​បន្ត​ឬយ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​ក្រុម​បឹងកេត និង Shan United ដែល​មាន ​៣ ពិន្ទុ​ក្នុង​ដៃ​ដូច​គ្នា​នោះ បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួតនេះ​ហើយ៕

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍