ក្រុង​ឡុងដ៍៖ លោក Frank Lampard ជឿ​ថា ក្រុម​តោខៀវ​ Chelsea របស់​គាត់​នឹង​ឡើង​ទៅ​វគ្គ​បន្ត ​ក្រោយ​ពី​បង្កើន​ស្មារតី​ប្រកួត​ពី​ការ​ត្រូវ​បាន​គេ​នាំ​មុខ​មុន​​ ៤-១ រហូត​តាម​ស្មើ​វិញ​ ៤-៤ ជាមួយ​ក្រុម​ Ajax ដែល​នៅ​សល់​គ្នា​ ៩ ​នាក់​ ជា​អ្វី​ដែល​គាត់​បាន​ពិពណ៌នា​ថា​ «​ជា​រា​ត្រី​ឆ្កួត​»​ មួយ​នៅ​កីឡដ្ឋាន​ Stamford Bridge។

ក្រុម​តោ​ខៀវ​ហាក់​ដូច​ជា​គ្មាន​​​សង្ឃឹម​នឹង​ឈ្នះ​នោះ​ទេ ​នៅ​ពេល​​​កីឡាករ​​ Tammy ​Abraham ​បាន​​ធ្វើ​ឲ្យ​​បាល់​ចូល​​ទី​ខ្លួន​ឯង​នៅ​​ក្នុង​​តង់​ទី ​១ ​ហើយ​កីឡាករ​​ Kepa ​Arrizabalaga បាន​បន្ថែម​ ​១ ​គ្រាប់ ​ពី​លើ​គ្រាប់​បាល់​​​របស់​កីឡាករ​ Quincy​ Promes​ និង​ការ​បញ្ចប់​យ៉ាង​ល្អ​ពី​កីឡាករ​ Donny​ Van​ der​ Beek​ ធ្វើ​​​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក​ហូឡង់​នាំ​មុខ​ ៤​-​១។

ទោះបី​ជា​យ៉ាង​ណា​ បន្ទាប់​ពី​ កីឡាករ​ Cesar ​Azpilicueta​ រក​បាន​គ្រាប់​ទី ​២ ​សម្រាប់​ក្លិប​ Chelsea ​ក្រុម​ភ្ញៀវ​​ Ajax ​បាន​នៅ​សល់​គ្នា​តែ​ ៩ ​នាក់​ដែល​ជា​ឱកាស​ល្អ​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​រក​បាន​គ្រាប់​បាល់​ទី ​៣ ​ដោយ​កីឡាករ​ Jorginho ​មុន​ពេល​កីឡាករ​ Reece James បាន​បន្ថែម​ ១ ​គ្រាប់​ទៀត ​ធ្វើ​ឲ្យ​លទ្ធផល​ស្មើ​គ្នា​ ៤-៤។​

លោក Lampard គ្រូ​បង្វឹក​ក្លិប​ Chelsea ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ Champions League ជាមួយ​ក្លិប​ Chelsea ក្នុង​អាជីព​ដ៏​អស្ចារ្យ​រយៈពេល ​១៣ ​ឆ្នាំ​នោះ ​បាន​និយាយ​ថា៖ «​ខ្ញុំ​មាន​រាត្រី​ឆ្កួតៗ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ និង​រាត្រី​អស្ចារ្យ​ផង​ដែរ​ ប៉ុន្តែ​វា​ពិត​ជា​ត្រឹមត្រូវ​នៅ​ទី​នោះ​»។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ស្មារតី ​និង​ទម្រង់​លេង​នៅ​ពេល​នេះ ​គឺ​ជា​អ្វី​ម្យ៉ាង​ដែល​ខ្ញុំ​ចូលចិត្ត​ ហើយ​ខ្ញុំ​គិត​ថា អ្នក​គាំទ្រ​របស់​យើង​ក៏​បែប​នោះ​ដែរ​។ យើង​ត្រូវ​តែ​បង្កើន​ទម្រង់​លេង​ជា​ការ​ពិត​ ប៉ុន្តែ​ជាមួយ​ស្មារតី​នោះ​ យើង​អាច​ឡើង​ទៅ​វគ្គ​បន្ត​ទៀត​»​។​​

ក្រុម​ទាំង ​២ ​នេះ ​ឥឡូវ​មាន​ ៧ ​ពិន្ទុ ​ដូច​គ្នា​ និង​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ពូល​ H ហើយ​​ក្រុម​ Valencia ក៏​មាន ​៧ ​ពិន្ទុ​ដែរ ​ប៉ុន្តែ​ឈរ​នៅ​លេខ ​៣ ​នៅ​ក្នុង​ពូល​នេះ​។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​​ថា៖ «​ខ្ញុំ​តែង​​មាន​អារម្មណ៍​ថា ពូល​នេះ​អាច​ជា​ពូល​តឹងតែង​មួយ​ ហើយ​យើង​ក៏​ស្ថិត​នៅ​​ក្នុង​ពូល​នេះ​ផង​ដែរ​ដូច្នេះ​ហើយ​​យើង​ពិត​ជា​មាន​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​»។​

ចំណែក​គ្រូ​បង្វឹក​ក្រុម Ajax លោក Erik Ten Hag បាន​និយាយ​ថា៖ «​យើង​កំពុង​ពិនិត្យ​មើល​ការ​ប្រកួត​នេះ​​ បន្ទាប់​មក​ក្នុង​រយៈពេល​តែ​មួយ​ភ្លែត​សោះ អ្វីៗ​បាន​ប្រែប្រួល​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​ជុំវិញ​​ទម្រង់​លេង​របស់​យើង​ គឺ​​យើង​សម​តែ​នឹង​ឈ្នះ​នៅ​រាត្រី​នេះ ​ប៉ុន្តែ​យើង​នៅ​សល់​គ្នា​តែ ​៩ ​នាក់ ​ប៉ុន្តែ​យើង​នៅ​តែ​មាន​អារម្មណ៍​ល្អ​នៅ​ពេល​យើង​មាន​ទម្រង់​លេង​បែប​វិជ្ជមាន​ដូច្នេះ​»៕ AFP/SN