ក្រុង​ឡុងដ៍៖ ក្រុម​បិសាច​ក្រហម​ Man Utd និង​ក្រុម​ Sheffield United បាន​ប្រកួត​ស្មើ​គ្នា​ ៣-៣ នៅ​កីឡដ្ឋាន​ Bramall Lane របស់​ក្លិប​ម្ចាស់​ផ្ទះ​ Sheffield ​ពី​ថ្ងៃ​អាទិត្យ​ដោយ​ក្រុម​ម្ចាស់​ផ្ទះ​រក​បាន​​គ្រាប់​បាល់​ចុង​ក្រោយ ​ដើម្បី​តាម​ស្មើ​វិញ​បន្ទាប់​ពី​ក្រុម​ភ្ញៀវ​រក​បាន​គ្រាប់​ទី​ ​៣ ​នៅ​រយៈពេល​តែ​ ៧ ​នាទី​មុន​ការ​បញ្ចប់​។

ក្រុម​របស់​លោក​ Ole Gunnar Solskjaer ត្រូវ​បាន​ក្រុម​ម្ចាស់​ផ្ទះ​​នាំ​មុខ ​២ ​គ្រាប់​មុន​ ដែល​រក​បាន​ដោយ​កីឡាករ​​ John Fleck និង​កីឡាករ​ Lys Mousset ប៉ុន្តែ​នៅ​នាទី​ទី ​៧២ ​និង​ទី ​៧៧​ កីឡាករ​ Brandon Williams និង​ Mason Greenwood រក​បាន​ម្នាក់ ​១ ​គ្រាប់ ​ដើម្បី​លុប​ចោល​ការ​នាំ​មុខ​របស់​ក្រុម​ម្ចាស់​ផ្ទះ​នោះ​មុន​ពេល​កីឡាករ ​Rashford បាន​បន្ថែម ​១ ​គ្រាប់​ទៀត ​នៅ​នាទី​ទី ​៧៩ ​​ដើម្បី​ជួយ​ឲ្យ​ក្រុម​ភ្ញៀវ​នាំ​មុខ​​ក្រុម​ម្ចាស់​ផ្ទះ​វិញ​ម្ដង​។​

ប៉ុន្តែ​នៅ​នាទី​ទី ​៩០ ​ក្រុម​ម្ចាស់​ផ្ទះ​​រក​បាន ​១ ​គ្រាប់​ទៀត ​ដោយ​កីឡាករ​ Oliver McBurnie ដើម្បី​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​តាម​ស្មើ​ក្រុម​ភ្ញៀវ​វិញ ៣-៣។​

លទ្ធផល​នេះ​មាន​ន័យ​ថា ក្លិប Man Utd ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី ​៩ ​នៃ​ក្របខ័ណ្ឌ Premier League ដោយ​តាម​ពី​ក្រោយ ​៩ ​ពិន្ទុ ​នៃ​ក្រុម​ Chelsea ដែល​ឈរ​នៅ​លេខ ​៤​ ខណៈ​ក្លិប​ Sheffield ស្ថិត​នៅ​លេខ ​៦​ ដោយ​នាំ​មុខ ​១ ​ពិន្ទុ​។​​

លោក Solskjaer គ្រូ​បង្វឹក​ក្លិប Man Utd បាន​ប្រាប់​​ Sky Sports ថា៖ «​នៅ​ពេល​អ្នក​តាម​ពី​ក្រោយ​ ២-០ អ្នក​ត្រូវ​ប្រឹងប្រែង​លេង​រហូត​​តាម​ស្មើ​ ហើយ​អាយុ​មធ្យម​នៃ​ការ​រក​បាន​គ្រាប់​បាល់​ ​គឺ​តិច​ជាង​ ​២០ ឆ្នាំ​​ ជា​អ្វី​​ដែល​យើង​មាន​មោទនភាព​បំផុត​»។​​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​វា​ជា​បទពិសោធន៍​អស្ចារ្យ​មួយ​សម្រាប់​យុវ​កីឡាករ​ព្រោះ​វា​មិន​ងាយ​ស្រួល​តាម​ស្មើ​នៅ​កន្លែង​បែប​នេះ​​ទេ​​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​វា​ជា​អារម្មណ៍​ក្ដុកក្ដួល​ ហើយ​យើង​ពិត​ជា​សប្បាយ​ចិត្ត​​។ ទោះ​ជា​យើង​លេង​មិន​បាន​ល្អ​ភាគ​ច្រើន​​ពិត​មែន​ប៉ុន្តែ​យើង​អាច​ទប់ទល់​បាន ​និង​បាន​បង្ហាញ​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​។ យើង​ត្រូវ​ធ្វើ​វា​ឥឡូវ​នេះ​សម្រាប់​ការ​ប្រកួត​ទាំង​ស្រុង​។ យើង​ដឹង​ថា យើង​អាច​ធ្វើ​បាន​ ហើយ​យើង​ត្រូវ​តែ​បង្ហាញ​ឲ្យ​គេ​ឃើញ​»។​

នៅ​ថ្ងៃ​អាទិត្យ​នោះ​​ដែរ ​​ក្លិប Marseille បាន​វិល​ទៅ​ឈរ​នៅ​លេខ ​២ ​ម្ដង​ទៀត ​នៃ​ក្របខ័ណ្ឌ​ Ligue 1 នៅ​ពេល​ពួក​គេ​បាន​ឈ្នះ​ក្រុម Toulouse ២-០ ដែល​នៅ​សល់​គ្នា​តែ ​១០ ​នាក់​។​​

ក្នុង​ការ​ប្រកួត​នៅ​ទីក្រុង​ Toulouse ប្រទេស ​បារាំង​ ក្រុម​ម្ចាស់​ផ្ទះ​ត្រូវ​បាន​កាត់​បន្ថយ​សមាជិក​នៅ​សល់​គ្នា​តែ ​១០ ​នាក់ ​នៅ​ពេល​ខ្សែ​បម្រើ​ស្លាប​ស្ដាំ​ Steven Moreira បាន​បង្ក​កំហុស​ទៅ​លើ​កីឡាករ​ Bouna Sarr និង​ទទួល​បាន​កាត​ក្រហម​ក្រោយ​ពី​អាជ្ញា​កណ្ដាល​បាន​​​ពិនិត្យ​មើល​វីដេអូ​ជំនួយ​អាជ្ញា​កណ្ដាល​​រួច​ហើយ​។​

ក្រុម Marseille បាន​គ្រប់គ្រង​បាល់​ភាគ​ច្រើន​​​ ​ប៉ុន្តែ​ទើប​តែ​​បំបែក​បាន​​ទម្រង់​លេង​របស់​ក្លិប Toulouse ​​នៅ​​នាទី​ទី ​៧៦ ​ដែល​កីឡាករ​​​​ Dario Benedetto រក​បាន​គ្រាប់​បាល់​ទី ​១ ​មុន​ពេល​កីឡាករ​ Nemanja Radonjic បាន​បន្ថែម ​១ ​គ្រាប់​ទៀត​នៅ​នាទី​ទី ​៧៩ ​​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ ២-០។​

គ្រូ​បង្វឹក​ក្លិប Marseille លោក Andre Villas-Boas បាន​និយាយ​ថា៖ «​យើង​លេង​បាន​ល្អ​ ហើយ​ជ័យ​ជម្នះ​នេះ ​គឺ​ស័ក្តិសម​បំផុត​»។​

លោក Villas-Boas បាន​បន្ថែម​ទៀត​ថា៖ «​យើង​រក្សា​បាន​ចំណាត់​ថ្នាក់​លេខ ​២​ ហើយ​យើង​ត្រូវ​តែ​បន្ត​ទៅ​មុខ​បែប​នេះ​ទៀត​»៕ AFP/SN