ក្រុង​ឡុងដ៍៖ លោក Ole Gunnar Solskjaer បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ក្លិប Man Utd ដែល​មិន​សប្បាយ​ចិត្ត​នឹង​ក្រុម​ម្ចាស់​ក្លិប​នេះ​ថា ក្រុម​បិសាច​ក្រហម​ត្រូវ​តែ ​«​រួបរួម​គ្នា​» ​ក្រោយ​ពី​កូន​ក្រុម​របស់​គាត់​បាន​ជួយ​ឲ្យ​ក្រុម​នេះ​ឡើង​ទៅ​ជុំ​ទី ​៥ ​​នៃ​ការ​ប្រកួត​ FA Cup តាមរយៈ​ជ័យជម្នះ​ទៅ​លើ​ក្រុម Tranmere Rovers ៦-០។​

ក្រុម Man Utd បាន​ទៅ​ដល់​កីឡដ្ឋាន​​ Prenton Park ក្រោយ​ពី​បាន​ចាញ់​ជា​បន្ត​បន្ទាប់​ចំពោះ​ក្រុម​ Liverpool និង​ក្រុម​ Burnley ក្នុង​ក្របខ័ណ្ឌ​ Premier League ប៉ុន្តែ​ក្រុម​នេះ​បាន​ទទួល​ជ័យជម្នះ​វិញ ​នៅ​រយៈពេល ​៤ ​ថ្ងៃ ​ក្រោយ​ពី​នោះ​មក​​។​

ការ​រក​បាន​គ្រាប់​បាល់​របស់​កីឡាករ​ Harry Maguire, Diogo Dalot, Jesse Lingard, Phil Jones, Anthony Martial និង​ Mason Greenwood បាន​ជួយ​ឲ្យ​ក្រុម​ Man Utd មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​វិញ​ ហើយ​គ្រូ​បង្វឹក​ក្លិប​នេះ​បាន​សរសើរ​ចំពោះ​ទម្រង់​លេង​របស់​ក្រុម​គាត់​ក្រោយ​ពី​ពួក​គេ​បាន​ជួយ​ឲ្យ​ក្រុម​នេះ​ឡើង​ទៅ​វគ្គ​បន្ត​។​

លោក Solskjaer បាន​ប្រាប់​ BT Sport ថា៖ «​ប្រសិន​បើ​អ្នក​ចូល​ក្នុង​អន្ទាក់​នៃ​ការ​លេង​បាល់​វែង​​ និង​​ខំ​ប្រឹង​ប្រកួត​នោះ​ យើង​មិន​ស៊ាំ​នឹង​ទម្រង់​បែប​នោះ​ទេ​។ ពួក​គេ​នឹង​លេង​ល្អ​ជាង​យើង​ទៅ​ទៀត​ដូច្នេះ​ហើយ​យើង​គ្រាន់​តែ​សុំ​ឲ្យ​កូន​ក្រុម​យើង​លេង​តាម​ធម្មតា​ ហើយ​វា​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​គិត​ថា កូន​ក្រុម​ខ្ញុំ​លេង​បាល់​តាម​ទម្រង់​ធម្មតា​ប៉ុន្តែ​ពេល​ខ្លះ​​វា​ជា​ទម្រង់​លេង​ដ៏​អស្ចារ្យ​មួយ»។​​

លោក Solskjaer បាន​បន្ថែម​ទៀត​ថា៖ «​វា​មិន​ត្រឹម​តែ​​ក្រុម​ Tranmere ​ទេ​ដែល​មិន​ចង់​បរា​ជ័យ​ គឺ​នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​ចេះ​​រួប​រួម ​និង​បន្ត​ធ្វើ​ការ​ជាមួយ​គ្នា​ជា​បន្ត​ទៀត​»។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​រាល់​ការ​ប្រកួត​ដែល​អ្នក​ឈ្នះ ​គឺ​ជា​ការ​ប្រកួត​ដ៏​ល្អ​សម្រាប់​ទំនុក​ចិត្ត​របស់​អ្នក​ ហើយ​​រាល់​ពេល​ដែល​អ្នក​រក​បាន​គ្រាប់​បាល់​ និង​ទម្រង់​លេង​​ល្អ នោះ​​វា​គឺ​ជា​រឿង​​ល្អ​ទៅ​ហើយ​​»​។

គ្រូ​បង្វឹក​ដដែល​នេះ​បាន​បន្ត​ថា៖ «​ទម្រង់​លេង​គឺ​ជា​រឿង​សំខាន់ ​ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ប្រកាន់​វា​ខ្ជាប់​​ព្រោះ​ថា​នៅ​ពេល​អ្នក​លេង​បាន​ល្អ​ អ្នក​ពិត​ជា​មិន​ងាយ​មាន​កំហុស​ឡើយ»​​​។

កីឡាករ​ Maguire ដែល​រក​បាន​គ្រាប់​​បាល់​បើក​ឆាក​សម្រាប់​ក្រុម Man Utd និង​​បាន​ជួយ​ឲ្យ​កីឡាករ​ Lingard រក​បាន​គ្រាប់​បាល់​ទី ​៣ ​​សម្រាប់​ក្រុម​នេះ​​បាន​និយាយ​ថា គ្រាប់​បាល់​ដំបូង​របស់​រូប​គេ​សម្រាប់​​ក្រុម​នេះ​ គឺ​ជា​ការ​ស៊ុត​បាល់​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អ​។​

កីឡាករ​ Maguire បាន​និយាយ​ថា៖ «​វា​​ជា​ឱកាស​ដែល​បាន​កើត​ឡើង​យូរៗ​ម្ដងៗ​​។ ឆ្នាំ​នេះ​ខ្ញុំ​មាន​​ឱកាស​ច្រើន​ណាស់​​ ប៉ុន្តែ​ដូច​ជា​មិន​អាច​រក​បាន​គ្រាប់​បាល់​ទាល់​តែ​សោះ​។ ​វា​ពិត​ជា​ល្អ​ណាស់​ក្នុង​ការ​ជួយ​ក្រុម​នេះ​ឲ្យ​ឡើង​ទៅ​​វគ្គ​បន្ទាប់​ទៀត​»។​

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «​វា​ពិត​ជា​សំខាន់​ណាស់​ដែល​បាន​ឈ្នះ​ការ​ប្រកួត​នេះ ​ក្រោយ​ពី​យើង​បាន​មាន​ទម្រង់​លេង​មិន​ល្អ​ និង​បាន​លទ្ធផល​មិន​ល្អ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Burnley»។​

កីឡាករ​ដដែល​នេះ​បាន​បន្ថែម​ថា៖ «​យើង​បាន​កែ​ប្រែ​ទម្រង់​លេង​របស់​យើង ​ដើម្បី​ឆ្ពោះ​ទៅ​រក​លទ្ធផល​វិជ្ជមាន​សម្រាប់​ក្រុម​អ្នក​គាំទ្រ​​រហូត​ទាល់​តែ​យើង​បាន​ឡើង​ទៅ​​វគ្គ​បន្ត​បន្ទាប់​​ជា​អ្វី​មួយ​ដែល​យើង​នឹង​ត្រូវ​ធ្វើ​​បន្ត​ទៀត​»​៕ AFP/SN