ក្រុងម៉ា្រឌីដ៖ គ្រូ​បង្វឹក​ក្លិប Real Madrid លោក Zinedine Zidane អាច​ជួប​ចរចា​​ជា​ថ្មី​ម្ដង​ទៀត​ជាមួយ​នាយក​កីឡា​នៅ​ក្លិប PSG គឺ​លោក Leonardo ក្រោយ​​​ប្រកាស​ពី​ការ​ស្រឡាញ់​របស់​គាត់​ចំពោះ​តារា​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe។​​

កីឡាករ Mbappe អាយុ ​២០ ​ឆ្នាំ ​មាន​បំណង​​ចេញ​ពី​ក្លិប​​លេង​នៅ​ក្របខ័ណ្ឌ​បារាំង​ Ligue 1​ដ៏​ធំ​មួយ​នេះ​ជា​ទី​ដែល​រូប​គេ​បាន​ក្លាយ​ជា​តារា​បាល់​ទាត់​តាំង​ពី​ទៅ​ដល់​ទី​នោះ​នៅ​ឆ្នាំ ​២០១៧​។​

លោក Zidane គឺ​ជា​គ្រូ​បង្វឹក​ម្នាក់​ដែល​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ជា​យូរ​មក​​ហើយ ​ដោយ​​បាន​និយាយ​​​ពី​ខែ​មុន​ថា វា​ជា​ក្ដី​សុបិន​របស់​កីឡាករ Mbappe ចង់​លេង​នៅ​ក្លិប​ Real Madrid។​​

ក្ដី​សុបិន​នោះ​បាន​ធ្វើ​ឲ្យ​លោក Leonardo ឆ្លើយ​តប​ថា៖ «​វា​បាន​រំខាន​ខ្ញុំ​បន្តិច​ហើយ​។ នេះ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​ជជែក​គ្នា​ពី​បញ្ហា​នេះ​ទេ​ព្រោះ​គាត់​នៅ​ជាប់​កុងត្រា​ជាមួយ​យើង​រយៈពេល ​២ ​ឆ្នាំ​កន្លះ​ទៀត។ វា​ដល់​ពេល​ត្រូវ​បញ្ឈប់​ហើយ​»។​​

ដោយ​និយាយ​នៅ​មុន​ពេល​ប្រកួត​គ្នា​រវាង​ក្លិប Real និង​ PSG ក្នុង​ក្របខ័ណ្ឌ Champions League កាល​ពី​ថ្ងៃ​អង្គារ​ នោះ​ លោក Zidane បាន​បញ្ជាក់​ជា​​ថ្មី​ម្ដង​ទៀត​ពី​ការ​ចង់​បាន​របស់​គាត់​ចំពោះ​អ្នក​នាំ​ជ័យ​ជម្នះ ​World Cup រូប​នេះ​។​

គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ថា៖ «​អ្នក​ដឹង​ហើយ​ថា ខ្ញុំ​បាន​ស្គាល់​គាត់​ជា​យូរ​មក​ហើយ​។ ខ្ញុំ​ពិត​ជា​ជាប់​ស្នេហ៍​នឹង​គាត់​ព្រោះ​គាត់​បាន​មក​ធ្វើ​ការ​សាកល្បង​នៅ​ទីនេះ​ជា​យូរ​មក​ហើយ​»។​​

គ្រូ​បង្វឹក​ Zidane បាន​បន្ថែម​ថា៖ «​នៅ​​ថ្ងៃ​អង្គារ ​គាត់​មក​ក្នុង​នាម​ជា​គូ​ប្រជែង​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ចំពោះ​​ខ្ញុំ​នោះ​ ​គឺ​ជា​​អ្វី​ដែល​យើង​នឹង​ធ្វើ​ ហើយ​​យើង​នឹង​រៀបចំ​សម្រាប់​រឿង​​នេះ​​។ យើង​ស្គាល់​កីឡាករ​រូប​នេះ​ ហើយ​យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​យក​​គេ​​ឲ្យ​បាន​»។​

កីឡាករ​ Mbappe​ អាច​លេង​ជា​មួយ​កីឡាករ​ Neymar​ នៅ​កីឡដ្ឋាន​ Santiago ​Bernabeu​ បន្ទាប់​ពី​កំពូល​តារា​ប្រេស៊ីល​ Neymar ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូងក្នុង​​រយៈពេល​មួយ​ខែ​ក្នុង​ក្របខ័ណ្ឌ​ Ligue 1 ដោយ​​ឈ្នះ​ក្រុម Lille ពី​ថ្ងៃ​សុក្រ​។

លោក​ Zidane​ ជឿ​ជាក់​ថា​ កីឡាករ​ទាំង ​២ ​នេះ​នឹង​ត្រូវ​ជាប់​ឈ្មោះ​ក្នុង​ការ​ចាប់​ផ្ដើម​​របស់​គ្រូ​បង្វឹក​​លោក Thomas Tuchel​ និង​រំពឹង​ថា​ នឹង​មាន​ការ​ធ្វើ​តេស្ត​ដ៏​ស្វិតស្វាញ​មួយ​នៅ​ក្នុង​​ពេល​ប្រកួត​នឹង​ក្រុម​មួយ​ដែល​គាត់​បាន​ដាក់​ចំណាត់​ថ្នាក់​នៅ​ក្នុង​ចំណោម​ក្លិប​ល្អ​បំផុត​នៅ​លើ​ពិភព​លោក​។

គ្រូ​បង្វឹក​ក្លិប Real រូប​នេះ​បាន​ពន្យល់​ថា៖ «​គ្មាន​អ្វី​គួរ​ឲ្យ​ផ្លាស់​ប្ដូរ​សម្រាប់​ខ្ញុំ​ទេ ​ពី​ព្រោះ​ខ្ញុំ​គិត​ថា Neymar និង ​Mbappe នឹង​ចូល​លេង​រួម​​គ្នា​។ យើង​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​​ក្រុម​​ទាំង​អស់​ទោះ​ជា​ស្ថិត​នៅ​​​​​​ក្នុង​ករណី​ណា​ក៏​ដោយ​»៕ APF/SN