The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គ្រូបង្វឹក Spurs ជំរុញ​ឲ្យ​កូន​ក្រុម​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី

គ្រូបង្វឹក Spurs ជំរុញ​ឲ្យ​កូន​ក្រុម​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី

Content image - Phnom Penh Post
ខ្សែប្រយុទ្ធ Son (​បៃតង​) ស៊ុត​បាល់​ក្នុង​ការប្រកួត​ជាមួយ​ក្រុម Man City នៅ​កីឡដ្ឋាន Etihad​។ រូប AFP

គ្រូបង្វឹក Spurs ជំរុញ​ឲ្យ​កូន​ក្រុម​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី

ក្រុងឡុងដ៍ៈ លោក Mauricio Pochettino គ្រូបង្វឹក​ក្រុម Spurs បាន​ប្រាប់​ឲ្យ​កូនក្រុម​របស់​គាត់​ចាប់យក​ឱកាស​នេះ​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ ខណៈ​ពួកគេ​ព្យាយាម​យក​ឈ្នះ​វិញ​ក្នុង​ការប្រកួត​ជើង​ទី​ ២ ​វគ្គ​ ៤ ​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​ក្រោយពី​ចាញ់​ក្រុម Ajax ១-០ ​ក្នុង​ទឹកដី​ខ្លួនឯង​ក្នុង​ជើង​ទី​ ១​។

លោក Pochettino ជឿ​ថា​ក្រុម Spurs នៅតែ​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ទោះ​ជា​បាន​ចាញ់​ក្រុម Ajax ក្នុង​ជើង​ទី​ ១ ក្នុង​ទឹកដី​ខ្លួនឯង​កាលពី​សប្ដាហ៍​មុន​ក៏ដោយ​។

អ្នកវិភាគ និង​អ្នកគាំទ្រ​បាន​អះអាង​ថា​ក្រុម Spurs បាន​បាត់បង់​ឱកាស​ក្រោយពី​ធ្វើឲ្យ​ក្រុម Ajax នាំមុខ​ ១ ​គ្រាប់​មុន​ដែល​ត្រូវ​តាម​យក​ឈ្នះ​វិញ​ក្នុង​ទីក្រុង​អាំស្ទែរដាំ​។

ការប្រកួត​ចុងក្រោយ​របស់​ក្រុម Spurs គឺ​ចាញ់​ក្រុម Bournemouth១-០ កាលពី​ថ្ងៃ​សៅរ៍​ធ្វើឲ្យ​ក្រុម​នេះ​ធ្លាក់​ចំណាត់ថ្នាក់​នៅក្នុង​ក្របខ័ណ្ឌ Premier League​។

នោះ​គឺជា​បរាជ័យ​លើក​ទី​ ៣ ​ជាប់ៗ​គ្នា​ក្នុង​ការប្រកួត​ទាំងអស់​របស់​ក្រុម Spurs​។

ប៉ុន្តែ​វា​ជា​សំណាង​ល្អ​ដែល​ក្រុម Spurs នៅតែ​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​ ៤ ​នៃ​ក្របខ័ណ្ឌ Premier League ដែល​មាន​ឱកាស​បាន​លេង​ក្នុង​ក្របខ័ណ្ឌ Champions League នៅ​រដូវកាល​ក្រោយ​ទោះ​ជា​ក្រុម Arsenal បាន​ឈ្នះ​ ១ ​ប្រកួត​ចុងក្រោយ​ទៀត​ក៏ដោយ​។

ជុំវិញ​ការប្រកួត​វគ្គ​ ៤ ​ក្រុម​ចុងក្រោយ​នេះ​វិញ​ក្រុម Tottenham ដែល​ព្យាយាម​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្របខ័ណ្ឌ​អឺរ៉ុប​លើក​ទី​ ១ ​តាំងពី​បាន​លើក​ពាន UEFA Cup ឆ្នាំ​ ១៩៨៤ ​នេះ​គឺ​ពិបាក​នឹង​តាម​យក​ឈ្នះ​ក្រុម Ajax នៅ​ក្រៅ​ទឹកដី​នេះ​ខ្លាំងណាស់​ដោយសារ​ទី​ ១ ​គឺ​ក្រុម Ajax បាន​នាំ​មុខ​ ១ ​គ្រាប់​មុន​ទៅ​ហើយ និង​ទី​ ២ ​ក្រុម​នេះ​មាន​កីឡាករ​វ័យក្មេង​ច្រើន​។

ក្រោយពី​បាន​ផ្ដួល​ក្រុម Real Madrid និង​ក្រុម Juventus រួច​ហើយ​ក្រុម Ajax បាន​បង្ហាញ​ភាពខ្លាំង​របស់​ខ្លួន​ទៅលើ​ក្រុម Spurs ក្នុង​ជើង​ទី​ ១ តាមរយៈ​ការស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Van de Beek​។

ក្នុង​ការប្រកួត​ជើង​ទី​ ១ ​នោះ ក្រុម Spurs គ្មាន​កម្លាំងចិត្ត​សោះ​ដោយសារ​គ្មាន​វត្តមាន​ខ្សែប្រយុទ្ធ Son និង​ខ្សែប្រយុទ្ធ Harry Kane​។

ប៉ុន្តែ​ក្នុង​ជើង​ទី​ ២ ​នេះ​លោក Pochettino នឹង​ដាក់​ខ្សែប្រយុទ្ធ Son ឲ្យ​ចូល​លេង​វិញ​ក្នុង​ក្ដីសង្ឃឹម​ថា​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​រូបនេះ​អាច​នឹង​ជួយ​ក្រុម​របស់​គាត់​បង្កើត​ប្រវតិ្តសាស្ត្រ​ថ្មី​មួយ​។

លោក Pochettino បាន​និយាយ​ថា​៖ «​យើង​មាន​ការប្រកួត​ចុងក្រោយ​ ២ ​ប្រកួត​ទៀត​នៅ​ចំពោះ​មុខ​យើង គឺ​ទី​ ១ ​ជាមួយ​ក្រុម Ajax និង​ទី​ ២ ​ជាមួយ​ក្រុម Everton ប៉ុន្តែ​អ្វីៗ​គឺ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​យើង​ដែល​ត្រូវ​មាន​ជំហរ​ល្អ​មួយ​នៅ​ចុងរដូវកាល​នេះ​»៕ SN

អត្ថបទគួរចាប់អារម្មណ៍