The Phnom Penh Post Search

Search form

គ្រូ​បឹងកេត​ថា យើង​ប្រើ​អស់​ក្បាច់​ហើយ តែ​មិន​ឈ្នះ Ceres

Content image - Phnom Penh Post
ខ្សែ​ប្រយុទ្ធ Maycon របស់​បឹង​កេត បាន​ព្យាយាមជម្នះការ​បិទ​ពី​សំណាក់​ខ្សែ​ការពារ​ក្រុម​ Ceres។ ស្រេង ម៉េងស្រ៊ុន

គ្រូ​បឹងកេត​ថា យើង​ប្រើ​អស់​ក្បាច់​ហើយ តែ​មិន​ឈ្នះ Ceres

ភ្នំពេញៈ គ្រូបង្វឹក​ក្រុម​បឹងកេត លោក កែវ កុសល បាន​សារភាព​ថា ក្រុម​របស់​លោក បាន​ខំ​ប្រឹង​អស់​ពី​លទ្ធផល និង​ប្រើ​គ្រប់​មធ្យោបាយ​ហើយ ប៉ុន្តែ​នៅ​តែ​មិន​គេច​មិន​ផុត​ពី​ការ​បរាជ័យ ក្រោម​ស្នាដៃ​ក្រុម​ខ្លាំង​របស់​ហ្វីលីពីន Ceres-Negros ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​វគ្គ​ចែក​ពូល​ពាន​រង្វាន់ AFC Cup 2018 នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​ពុធ។

លោក កែវ កុសល បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា៖ «លទ្ធផល​នេះ​វា​មិន​អាក្រក់​ពេក​ទេ ព្រោះ​កាល​មុន យើង​ចាញ់​គេ ៩-០ តែ​លើក​នេះ យើង​ចាញ់​គេ ៤-០ ហើយ​តាម​ពិត​យើង​មិន​មែន​ចង់​ចាញ់​គេ​នោះ​ទេ គឺ​យើង​ទាម​ទារ​ស្មើ ឬ​អាច​ចង់​យក​ឈ្នះ​គេ​ទៅ​ទៀត ប៉ុន្តែ​សមត្ថភាព​របស់​យើង នៅ​មាន​កម្រិត គឺ​យើង​បាន​ប្រឹង​ប្រែង និង​ប្រើ​គ្រប់​មធ្យោបាយ​ហើយ តែ​បាន​ត្រឹម​ប៉ុណ្ណឹង»។

លោក​បន្ថែម​ថា៖ «យើង​បាន​ខំ​ហ្វឹកហាត់​ខ្លាំង និង​ត្រៀមខ្លួន​បានល្អ ទាំង​កម្លាំងកាយ ចិត្ត ការ​ប្តេជ្ញា​និង​ការ​សាមគ្គី​ក្នុង​ក្រុម គឺ​យើង​បាន​លះបង់​អស់​ហើយ ប៉ុន្តែ​យើង​បាន​តែ​ប៉ុណ្ណឹង។ ហេតុនេះ​យើង​មិន​បាន​គិត​អ្វី​ជា​ចំណុច​អវិជ្ជមាន​នោះ​ទេ គឺ​យើង​មាន​តែ​សរសើរ​ដល់​កូន​ក្រុម​របស់​យើង ដែល​ខំប្រឹង​លេង​បាន​ល្អ​ជាង​មុន មាន​ការ​រីក​ចម្រើន​ជាង​គេ ហើយ​យើង​ក៏មាន​ឱកាស ៤ ទៅ ៥ ដង​ផង​ដែរ តែ​យើង​ធ្វើ​មិន​បាន​ល្អ»។

តាមរយៈ​ការប្រកួត កាលពី​យប់​ថ្ងៃ​ពុធ​នោះ ម្សិលមិញ​នោះ បឹងកេត បង្ហាញ​ការលេង​បាន​ល្អ​ជាង​ការ​ប្រកួត​នៅ​លើ​ទឹកដី​ហ្វីលីពីន ដែល​ពួកគេ​បាន​ចាញ់ ៩-០។ បឹងកេត ក៏បាន​បង្កើត​ឱកាស​ផងដែរ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Maycon និង Julius ធ្វើ​មិន​បាន​សម្រេច។ ផ្ទុយ​ពី​នេះ ការ​វាយ​សម្រុក​ជា​បន្ត​បន្ទាប់​របស់ Ceres បាន​ផ្តល់​ឱកាស​ឲ្យ​ខ្សែ​ប្រយុទ្ធ​ពាក់​លេខ ៧ Maraa On រក​បាន ៣ គ្រាប់​តែ​ម្នាក់​ឯង នៅ​នាទី​ទី ៣៦ ទី ៣៨ និង​នាទី​ទី ៦៩ ហើយ ១ គ្រាប់​ទៀត​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Uesato នៅ​នាទី​ទី ៨៤។

លោក កែវ កុសល បាន​មើលឃើញថា គុណភាព​លេង​របស់​បឹងកេត នៅក្រោម​ក្រុម Ceres។ លោក​និយាយ​ថា៖ «ចំណុច​ចាញ់​ប្រៀប​របស់​យើង ផ្តើម​ចេញ​ពី​សមត្ថភាព​របស់​កីឡាករ​ម្នាក់ៗ គឺ​មូលដ្ឋាន​គ្រឹះ​របស់​កីឡាករ​ម្នាក់ៗ យើង​នៅ​ក្រោម​គេ លើក​លែង​តែ​កីឡាករ​បរទេស Julius, Mizuno និង Maycon ដែល​មាន​កម្រិត​លេង​ប្រហាក់​ប្រហែល​គេ ពិសេស Maycon គឺ​លេង​ចង់​លើស​ខាង​គេ​ផង ប៉ុន្តែ​សរុប​ជារួម​ទៅ យើង​នៅ​ខ្វះ​ខាត ហើយ​កាយ​សម្បទា និង​កម្លាំង​របស់​យើង​ក៏​នៅ​ក្រោម​ខាង​គេ​ដែរ»។

ចំណែក​ក្រុម Home United របស់​សិង្ហ​បុរី បាន​យកឈ្នះ​ក្រុម Shan United របស់​មីយ៉ាន់ម៉ា ៣-២ នៅ​លើ​ទឹកដី​របស់​ខ្លួន កាល​ពី​យប់​ថ្ងៃ​ពុធ នោះ​ដែរ។ តាម​លទ្ធផល​នេះ ក្រុម Ceres បន្ត​ឈរ​លេខ ១ ប្រចាំ​ពូល F មាន ១៣ ពិន្ទុ និង​បាន​ទៅ​វគ្គ​បន្ត​ស្វ័យ​ប្រវត្តិ ទោះ​សល់ ១ ប្រកួត​ទៀត។

ប៉ុន្តែ Home United ដែល​បន្ត​ឈរ​នៅ​លេខ ២ មាន ១០ ពិន្ទុ នៅ​មិនទាន់​ច្បាស់​ថា អាច​នឹង​ក្លាយជា​ក្រុម​លេខ ២ ល្អ បាន​ទៅ​វគ្គ​បន្ត ឬ​យ៉ាង​ណា​នោះ​ទេ ខណៈ​ក្រុម​បឹងកេត និង Shan United មាន ៣ ពិន្ទុ​ដូច​គ្នា បាន​ធ្លាក់​ហើយ៕

អត្ថបទគួរចាប់អារម្មណ៍