ភ្នំពេញៈ ​គ្រូ​បង្វឹក​ក្រុម​បឹងកេត លោក ហៅ​ សុជាតិ បាន​ចាត់​ទុក​ការ​ជួប​ក្រុម​វិសាខា​ក្នុង​​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ ​ល្ងាច​ម៉ោង ៦ ថ្ងៃ​ពុធ​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​ការ​ជួប​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អ៊ីចឹង​ដែរ ដែល​អាច​នឹង​មាន​ភាព​តានតឹង​ខ្លាំង​ចំពោះ​​បឹងកេត។

លោក ហៅ សុជាតិ ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​​ថា៖ ​«នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់​មួយ​​របស់​បឹងកេត ​ហើយ​ក៏​ជា​ការ​ប្រកួត​ដ៏​តានតឹង​មួយ​ផង​ដែរ ព្រោះ​យើង​ដឹង​ស្រាប់​ហើយ​ថា វិសាខា ជា​ក្រុម​មួយ​ដែល​សម្បូរ​ដោយ​កីឡាករ​ខ្មែរ​ល្អៗ ហើយ​មក​ដល់​ពេល​នេះ ជម្រើស​រើស ​១១ ​នាក់​ដំបូង​របស់​គាត់ ចង់​ជម្រើស​ជាតិ​ទាំង​អស់​ទៅ​ហើយ អ៊ីចឹង​ថ្ងៃ​ពុធ​នេះ យើង​ដូច​លេង​ជាមួយ​ជម្រើស​ជាតិ​អ៊ីចឹង ហេតុ​នេះ​យើង​នឹង​ព្យាយាម​រៀបចំ​ឲ្យ​បាន​ល្អ​បំផុត»។

គួរ​រឭក​ថា កីឡាករ​របស់​​វិសាខា រហូត​ដល់ ​១០ នាក់ ត្រូវ​បាន​​កោះ​ហៅ​ឲ្យ​ចូលរួម​នឹង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា មុន​ពេល​ជម្រុះ​ចោល ​៥ ​នាក់​វិញ គឺ​សល់​តែ ឆេង ម៉េង, កែន ច័ន្ទសុភ័ក្ត្រ, កែវ សុខផេង, កែវ សុខសិលា និង អ៊ុក សុវណ្ណ ​ដើម្បី​​ប្រកួត​ជាមួយ​ក្រុម​ហុងកុង និង​ក្រុម​បារ៉ែន កាល​ពី​ពេល​ថ្មីៗ​នេះ ខណៈ​បឹងកេត នៅ​សល់​តែ​សេត រ៉ូស៊ីប ម្នាក់​ប៉ុណ្ណោះ បាន​ជាប់​ក្នុង​បញ្ជី ​២៣ ​នាក់​ចុង​ក្រោយ បន្ទាប់​ពី​​មិត្ត​រួម​ក្រុម​របស់​គេ ៣ នាក់ ​ត្រូវ​បាន​ជម្រុះ​ចោល​វិញ​នោះ។

ទាក់ទង​ទៅ​នឹង​ការ​ជាប់​ក្នុង​ក្រុម​ជម្រើស​ជាតិ​នេះ លោក ហៅ សុជាតិ បាន​និយាយ​ថា៖ ​«វិសាខា មាន​ផល​ចំណេញ​ច្រើន​ជាង​យើង ដោយសារ​​វិសាខា មាន​កីឡាករ​ជម្រើស​ជាតិ​ច្រើន​ជាង ហើយ​ចំពោះ​យើង​មាន​ផល​ចំណេញ​តិចតួច​មែន​ទែន ដោយសារ​យើង​មាន​ជម្រើស​ជាតិ​តែ​ម្នាក់»។

យ៉ាង​ណា​ក៏​ដោយ គ្រូ​បង្វឹក​រូប​នេះ​បាន​បញ្ជាក់​ថា៖ ​«យើង​សង្កេត​ឃើញ​ហើយ​ថា កម្រិត​នៃ​ការ​លេង​វា​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា។ បឹងកេត មក​ដល់​ពេល​បច្ចុប្បន្ន កីឡាករ​មួយ​ចំនួន គាត់​មាន​វ័យ​កាន់​តែ​ចាស់ ហើយ​វិសាខា​សម្បូរ​កីឡាករ​ក្មេងៗ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ខ្ញុំ​គិត​ថា កីឡាករ​វ័យ​ចាស់​របស់​ខ្ញុំ អាច​នឹង​បំពេញ​តួនាទី​បាន​ល្អ និង​អាច​មាន​ឱកាស​ល្អ ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ តែ​ចំពោះ លទ្ធផល​យ៉ាង​ម៉េច យើង​មិន​អាច​និយាយ​បាន​មុន​ទេ គ្រាន់​តែ​ថា ការ​ប្រើ​កីឡាករ​ខ្មែរ​ដូច​គ្នា គឺ​ការ​លេង​ប្រយុទ្ធ និង​ការ​ការពារ​វា​មិន​គ្រោះ​ថ្នាក់​ខ្លាំង​ទេ សម្រាប់​ក្រុម​នីមួយៗ»។

ចំណែក លោក Tunji Akeep Ayoyinka គ្រូ​បង្គោល​ស្ដីទី​ក្លិប​វិសាខា បាន​ទទួល​ស្គាល់​ថា ការ​មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​ច្រើន និង​ជួយ​ឲ្យ​ក្រុម​របស់​លោក ទទួល​បាន​ផល​ចំណេញ​ច្រើន។

លោក​បាន​និយាយ​ថា៖​ «​កីឡាករ​យើង​មួយ​ចំនួន ​បាន​ជាប់​កាតព្វកិច្ច​ជម្រើស​ជាតិ ដូច្នេះ​យើង​គិត​ថា វា​ជា​ផល​ចំណេញ​មួយ​ដែរ ​សម្រាប់​ពួក​យើង ព្រោះ​ពួក​គេ​បាន​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ ទទួល​​បាន​បទពិសោធ​បន្ថែម​កាន់​តែ​ល្អ​ទៀត»។

គ្រូ​បង្វឹក​ជនជាតិ​នីហ្សេរីយ៉ា​រូប​នេះ បាន​បន្ថែម​ថា៖ ​«ចំពោះ​កីឡាករ​ដែល​នៅ​នឹង​ក្លិប ក៏​បាន​ប្រឹងប្រែង​យ៉ាង​មុតមាំ​ដែរ ហើយ​ពេល​អ្នក​ជាប់​ជម្រើស​ជាតិ ​វិល​មក​ក្លិប​វិញ យើង​ឃើញ​ថា ការ​លេង​ជាមួយ​គ្នា គឺ​ចុះ​សម្រុង​ល្អ​មែន​ទែន ដូច្នេះ​អ្នក​រាល់​គ្នា​បាន​ត្រៀម​រួច​រាល់​ទាំង​កម្លាំង​កាយ និង​កម្លាំង​ចិត្ត»។

យ៉ាង​ណា​ក៏​ដោយ​ខ្សែ​ការពារ​ជើង​ចាស់ ទៀន ទីនី ជា​ប្រធាន​ក្រុម​វិសាខា នៅ​តែ​មិន​ទាន់​ជឿ​ជាក់​ខ្ពស់។ ទីនី ​បាន​និយាយ​ថា៖​ «ទោះ​ក្រុម​វិសាខា មាន​កីឡាករ​ជាប់​ជម្រើសជាតិ​ច្រើន​មែន តែ​អារម្មណ៍​កីឡាករ​មិនមែន​ល្អ​រហូត​នោះ​ទេ ជួន​កាល​​កីឡាករ​យើង​ដែល​មិន​ធ្លាប់​បាន​លេង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ អាច​នឹង​​សម្ពាធ​ អ៊ីចឹង​យើង​មិន​អាច​សន្មត​បាន​ថា ការ​សម្បូរ​​កីឡាករ​ជម្រើស​ជាតិ យើង​អាច​​​ឈាន​ទៅ​ដល់​ការ​ឈ្នះ​គេ​បាន​នៅ​ឡើយ​ទេ»៕