ភ្នំពេញ៖ គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​ប៉ាគីស្ថាន ​លោក José Antonio Nogueira ​​បានបង្ហាញ​ការ​សោក​ស្តាយ​ខ្លាំង ខណៈ​ក្រុម​របស់​លោក​បាន​មក​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ២-០ ក្នុងការ​ប្រកួត​ជើង​ទី​១​នៃ​​វគ្គ​​​ជម្រុះ​ World Cup 2022 និង​ Asian Cup 2023 ជុំ​ទី​១​ ក្នុង​​តំបន់​អាស៊ី នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​គ្រូ​កម្ពុជា លោក Felix Dalmas ក៏​មិន​ទាន់ស្កប់​ចិត្តនឹង​ជ័យ​ជម្នះ​នេះ​ប៉ុន្មាន​ដែរ។

លោក José Antonio Nogueira បាន​មើល​ឃើញ​ថា ក្រុម​ជម្រើសជាតិប៉ាគីស្ថាន សម​នឹង​ទទួល​បាន​ជ័យ​ជម្នះ នៅ​ក្នុងការ​ប្រកួត​លើក​នេះ ប៉ុន្តែ​​លោក​បាន​សរសើរ​ទៅ​ដល់​អ្នក​ចាំ​ទី កែវ សុខសិលា ដែល​បាន​បំផ្លាញ​ឱកាសមាស ក្នុងការ​រក​បាន​គ្រាប់បាល់​​​របស់​​ក្រុម​ប៉ាគីស្ថាន តាម​រយៈការ​សង្រ្គោះ​បាល់​បាន​យ៉ាង​ល្អ​របស់​គេ។

គ្រូ​បង្វឹក​រូប​នេះ ​បាន​និ​យាយនៅ​ក្នុងសន្និសីទកាសែត ក្រោយការ​ប្រកួត​ថា៖ ​«យើង​បាន​វាយបកជាច្រើនលើក ហើយនៅ​តង់​ទី​២ យើង​បាន​ទទួល​ឱកាស​មាសចំនួន​២​ដង ដែល​សម​នឹង​​រក​​បានគ្រាប់​បាល់ ប៉ុន្តែ​អ្នក​ចាំទី​របស់​ក្រុម​កម្ពុជា បាន​ជួយ​សង្រ្គោះ​បាល់​នោះ​ដ៏​គួរ​ឲ្យ​អស្ចារ្យ»។

លោក José Antonio Nogueira ​បាន​បន្ថែម​ថា៖ ​«​​រយៈ​ពេល​ ១០ នាទី ​បន្ទាប់​ពី​អ្នក​ចាំទី​សង្រ្គោះ​បាល់​ដ៏​អស្ចារ្យនោះ​មក ក្រុមកម្ពុជា ចាប់ផ្ដើមលេងបានកាន់តែល្អ តាម​រយៈការយល់ដឹង​លើ​​ការបញ្ជូនបាល់​ និង​ទាត់បាល់​បញ្ចូលទី ដែល​ជា​គ្រាប់​បាល់​ដ៏​ល្អ ស្រប​ពេល​​​យើងមានកំហុស នៅតំបន់ការពារ​នោះ។ យើង​បាន​ព្យាយាម​រហូត​ដល់​ទី​បញ្ចប់ ប៉ុន្តែ​ជាអកុសលយើងរបូត២គ្រាប់ នៅ​ថ្ងៃនេះ»។

ជាមួយ​លទ្ធ​ផល​ស្មើ ០-០ នៅ​ក្នុងតង់​ទី​១ ក្រុម​ប៉ាគីស្ថាន បាន​បង្កើត​ឱកាស​មាស​ចំនួន​២​លើក ដែល​ស្ថិត​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់តែ​ម្តង ប៉ុន្តែ​អ្នក​ចាំ​ទី​មក​ពី​ក្លិប​វិសាខា កែវ សុខសិលា បាន​​លោត​ចេញ​មក​សង្រ្គោះ​បាន​ទាំង​២​លើក ដ៏​គួរ​ឲ្យ​សរសើរ​បំផុត ហើយ​នៅនាទីទី​៨១ សៀង ចន្ធា ដែល​ទើប​បាន​ដាក់​ឲ្យចូល​លេង បាន​ស៊ុតបំប៉ោង​សំណាញ់​ក្រុម​ប៉ាគីស្ថាន យ៉ាង​ល្អ មុន​ពេលកីឡាករ​ជើង​ចាស់ គួច សុកុម្ភៈ បាន​បន្ថែម​១​គ្រាប់​ទៀត នៅនាទីទី​៨៤។

​ការ​យក​ឈ្នះ​ក្រុម​ជម្រើសជាតិ​ប៉ាគីស្ថាន ២-០ សម្រាប់​ការ​ប្រកួត​ជើង​ទី​១ នៅ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​នេះ ​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ ដែលខំ​ប្រឹង​តាមដាន​ការ​ប្រកួត​ទាំង​កណ្តាល​ភ្លៀង​នោះ មាន​ការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ជ័យ​ជម្នះនេះ​ ក៏​បាន​លុប​បំបាត់ចោល​ នូវការ​រិះ​គន់​មួយ​ចំនួនពី​អ្នក​គាំ​ទ្រ ជុំវិញ​ការ​ជ្រើសរើស​កីឡាករក្មេងៗ​ឲ្យ​ចូល​រួម​ច្រើន សម្រាប់​ការ​ប្រមូល​ផ្តុំ លើក​នេះ​ផងដែរ។

លោក Felix Dalmas គ្រូ​បង្វឹកក្រុម​ជម្រើសជាតិ​​កម្ពុជា នៅ​មិន​ទាន់​ពេញ​ចិត្ត​នឹងជ័យជម្នះនេះ​ប៉ុន្មាន​ទេ ព្រោះ​ក្រុម​កម្ពុជា ត្រូវ​ទៅ​ប្រកួត​ជើង​ទី​២ ជាមួយ​ក្រុម​ប៉ាគីស្ថាន នៅ​​ក្រៅ​ទឹក​ដី​វិញ នា​ថ្ងៃ​ទី​១១ ខែមិថុនា ខាងមុខ​នេះ។ លោក​បាន​និយាយ ក្នុងសន្និសីទ​កាសែត ក្រោយការ​ប្រកួត​​ថា៖ «ពួក​យើង​នៅ​មិន​ទាន់​ពេញចិត្ត​នឹង​លទ្ធ​ផល នៅ​ថ្ងៃ​នេះ​ទេ គឺ​យើង​ចង់​ឃើញ និងទទួល​បាន​លទ្ធ​ផល​ល្អៗ​បន្ថែម​ទៀត គឺ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ​គ្រប់​គ្រង​ស្ថាន​ភាពនៃ​​ការ​ប្រកួតក្រោយ ឲ្យ​ដូច​នឹងការ​ប្រកួត​នេះដែរ​ ព្រោះ​យើង​តែង​តែ​ចង់​បាន​លទ្ធ​ផល​ល្អ សម្រាប់​ប្រទេស​កម្ពុជា»។

ទោះ​បីជា​យ៉ាង​ណា គ្រូ​បង្វឹក​ជនជាតិ​អាហ្សង់​ទីន​លោក Felix Dalmas ​បាន​លើក​ឡើង​ថា ការ​ឈ្នះ ២-០ នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​រិះ​គន់​មក​លើ​ការ​សម្រេច​ចិត្ត​របស់​លោក​បាន​សប្បាយ​ចិត្ត។ លោក​បញ្ជាក់​ថា៖​ «បើ​ទោះ​បីជា​មាន​អ្នក​គាំ​ទ្រ​មួយចំនួន​បាន​រិះ​គន់​ទៅ​ដល់​ការ​​សម្រេច​ចិត្ត​របស់​ខ្ញុំ ប៉ុន្តែ​ការ​រិះ​គន់​នេះ ដោយ​សារ​តែ​គាត់​ខ្វល់ និង​ចង់​ឲ្យ​​ក្រុម​កម្ពុជា មានការ​រីក​ចម្រើន និង​ធ្វើ​បាន​ល្អ ហេតុនេះ ខ្ញុំ​មិន​ផ្តោតសំខាន់​ទៅ​លើ​ការ​រិះ​គន់​ទាំង​នោះ​ទេ ហើយ​​ខ្ញុំសង្ឃឹម​ថា អ្នក​ទាំង​អស់​នោះ នឹង​​សប្បាយ​រីក​រាយ នៅ​ពេល​ដែល​ឃើញ​ក្រុម​កីឡាករ​របស់​យើង​ធ្វើ​បាន​ល្អ និង​ទទួល​បាន​ជ័យជម្នះ​នៅ​​ថ្ងៃ​នេះ»៕