ភ្នំពេញៈ គ្រូ​ប្រដាល់​ ក្លិប​ព្រែក​ឯង​កីឡា វ័យ​ ៦៩​ ឆ្នាំ លោក​ ម៉ាង​ ម៉ន​ និងគ្រូ​បង្វឹក​៦៨​ឆ្នាំ ​លោក ឈិន ​ក្វាន់​ចៃ ​​របស់​ក្លិប​មកុដ​រាជសីហ៍ ​បាន​អំពាវ​នាវ​ស្នើ​សុំ​សប្បុរស​ជន ​ជួយ​ត្រឹម​អង្ករ​ហូប ​ដើម្បី​ជួយ​ទ្រ​ទ្រង់​ជីវភាព​ប្រ​ចាំ​ថ្ងៃ ​បន្ទាប់​ពី​ការ​ប្រ​កួត​ប្រដាល់​គុន​ខ្មែរ​ប្រចាំ​សប្តាហ៍​ ត្រូវ​បាន​បិទ​ ដោយការរីក​រាល​ដាល​នៃ​​ជំងឺ​កូវីដ ១៩​។

​សម្រាប់​គ្រូ​ប្រ​ដាល់​ជើង​ចាស់​មួយ​ចំនួន ​មាន​មុខ​របរ​ខ្លះ​ ក្រៅ​ពី​ប្រដាល់ គឺ​​មាន​ផល​ប៉ះ​ពាល់​មធ្យមទេ​ ប៉ុន្តែ​សម្រាប់​​លោក ម៉ាង ម៉ន និង​លោក ឈិន ក្វាន់ចៃ ដែល​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​ហើយនោះ ​​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​​ថា ពួក​គាត់​គ្មាន​មុខ​របរ​អ្វី​ក្រៅ​ពី​ប្រ​ដាល់ ​ដើម្បី​រក​ប្រាក់​មក​បង្គ្រប់​ជីវភាព​ប្រ​ចាំ​ថ្ងៃ​នោះ​ឡើយ​ ខណៈ​ដែល​កន្លង​មក​ជីវភាព​ប្រចាំ​ថ្ងៃ​ បាន​ពី​ការ​បង្វឹក​កីឡា​ករ និង​បាន​មក​ពី​តម្លៃ​ពលកម្ម​ នៃ​ការ​ធ្វើ​​ជា​គណៈ​កម្មការ​ប្រ​កួត ​ក្នុង​១លើក​ជាង​១០​ដុល្លារ​។​

​លោក​ ម៉ាង ​ម៉ន ​ជា​ស្ថាបនិក​ក្លិប​ព្រែកឯង ​ដោយ​បាន​ប្រើ​ត្រកូល​ «ម៉ន» ​ទាំង​កូន​ និង​​ក្មួយ ហើយ​លោក​មាន​កូន​បង្កើត​ចំនួន​៦​នាក់​(​ស្រី​២​នាក់) ​ដែល​ពួកគេ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ទាំង​អស់។ ​សមត្ថ​ភាព​របស់​ពួកគេ​ សុទ្ធតែ​មាន​ឈ្មោះ​ល្បី​លំដាប់​ជួរ​មុខ​ ក្នុង​ពិភព​ប្រ​ដាល់​គុន​ខ្មែរ ​ក្នុង​អំឡុង​ឆ្នាំ​២០​១៣​ ដល់​ឆ្នាំ​២០​១៦ ​ខណៈ​បច្ចុប្បន្ន​ បាន​​ធ្លាក់​ចុះ​ជាង​ក្លិប​មួយ​ចំនួន​។​

កូន​បង្កើត​ឆ្នើម​ទាំង​៤នាក់​របស់​លោក ម៉ាង ម៉ន ​ដណ្តើម​បាន​ខ្សែក្រវាត់​ផ្សេងៗ​ពី​គ្នា ​គឺ​សុទ្ធ​តែ​ធ្លាប់​ឈ្នះ​​ខ្សែ​ក្រវាត់​ និង​ជើង​ឯក​ ដោយ​ក្នុង​នោះ​​ ម៉ន លីហួរ ​,ម៉ន សាម៉េត, ម៉ន​ វិរ័ត្ន ​និង​ រ៉េវ​ វិរៈ​ (​ជា​កូន​ច្បង​)​។

បន្ថែម​លើនេះ លោក​មាន​ក្មួយ​ៗជា​អ្នក​ប្រដាល់​ជាច្រើន​ទៀត​ផងដែរ ដូច​ជា ម៉ន គឹមឡុង, ម៉ន ​ ភិរម្យ, ​ម៉ន ​រិទ្ធី, ​ម៉ន ​សំណាង​, ម៉ន ​រដ្ឋា​,ម៉ន ​ចាន់​ដារ៉ា​,ម៉ន​ ខួច, ​ម៉ន​ ព្រំម៉ាញ​, ម៉ន​ វិរៈ និង ​ម៉ន ​បារាំង​ ជា​ដើម​ ប៉ុន្តែ​​ឈាន​មក​ដល់​បច្ចុប្បន្ន​សល់​តែ​ ម៉ន ​សាម៉េត ​និង​ម៉ន ​ព្រំ​ម៉ាញ ​ដែល​រក្សា​បាន​លំដាប់​ជួរ​មុខ ​នៅ​ប្រ​កួត​បាន​ល្អ​ គឺ​ក្រោយ​ពេលបិទ​ការ​ប្រ​កួត​ថ្មីៗ​នេះ​។​

បុរសកម្ពស់ ​១,៦០ ម៉ែត្រ មាន​​ចិត្ត​ធំ ​សម្បុរ​ខ្មៅ ​និង​ជា​អ្នក​និយម​ចូលចិត្ត​ការងារ​ប្រដាល់​ខ្លាំង​បំផុត លោក ម៉ាង ម៉ន ​បាន​ប្រាប់​ថា​៖ «​ពី​ដើម​ ខ្ញុំ​ជា​ក្មេង​ម្នាក់ ​មិន​បាន​រៀន​សូត្រ ​ឬ​ចូល​សាលារៀន​ទេ ​ដោយ​សារ​ជីតា​របស់​ខ្ញុំ ជា​គ្រូ​គុន​ម្នាក់​ល្បីល្បាញ​ (អ្នក​លេង​) ហេតុ​នេះ​​ខ្ញុំ​បាន​ដើរ​តាម​គាត់ ហើយ​​បាន​ហាត់​ប្រដាល់​ និង​បាន​ឡើង​ប្រដាល់​ម្តងម្កាល​តាម​ភូមិ នៅ​ពេល​មាន​បុណ្យទាន​ផ្សេងៗ គឺ​គ្មាន​សង្វៀន​ដូច​បច្ចុប្បន្ន​ទេ ​តែ​មាន​ប្រ​កួត​គ្នា​ជា​ធម្មតា​»​។

​លោក​ ម៉ាង ម៉ន ដែល​បាន​​ដឹក​នាំកូន​ចៅ​ ព្រម​ទាំង​ក្មួយ ​ឲ្យ​ចូល​ក្នុង​គន្លង​កីឡា​ទាំង​អស់​​នោះ បន្ត​ថា៖​«កាល​ពី​មុន​ឆ្នាំ១៩៩៦ ​ខ្ញុំ​មាន​មុខរបរ​ជា​អ្នក​ធ្វើ​ស្រែ​ប្រាំង​ និង​ជា​អ្នក​នេសាទ ​ដែល​ភាគ-​ច្រើន​មិន​សូវ​ស្គាល់​ផ្សារ​ ឬ​ទី​ក្រុង​ឡើយ​ ព្រោះ​ពេល​វេលា​ការ​រស់-​នៅ​របស់​ខ្ញុំ​​ភាគ​ច្រើន​នៅ​ឯ​ស្រែ ​និង​បឹង​ប៉ុណ្ណោះ»។​

«ប៉ុន្តែ​ក្រោយ​ពេល​ដែល​ប្រដាល់​ចាប់​ផ្តើម​មាន​សកម្ម​ភាព​រីក​ចម្រើន ​ព្រមទាំង​មាន​ទី​ផ្សារ​ប្រ​កួត និងមាន​ការ​​​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ ​ក្នុង​​ឆ្នាំ​ ១៩៩៧​ នោះ ​ខ្ញុំ​​បាន​ចាប់​ផ្តើម​ប្រកប​មុខ​របរ​លែង​ចង់​កើត​ ដោយ​ភាគ​ច្រើន​បោះ​បង់​ការងារ ​មក​មើល​ប្រដាល់ ​និង​បាន​ព្យាយាម​ស្វែងរក​អ្នក​គាំទ្រ​ បង្កើត​បាន​ក្លិប​ប្រដាល់​ជា​លើក​ដំបូង ​ឈ្មោះ​ថា ​ព្រែក​ឯង​កីឡា​ តែ​ក្រោយ​មក​​បន្ថែមឈ្មោះ​​ជា​ក្លិប​ទ័ព​ជើង​គោក​ការ​រិយាល័យ​ទី​៥​»។​

លោកបញ្ជាក់​ថា៖​«នៅ​ក្នុង​ឆ្នាំ​១៩៩៩ ​ក្តី​ប្រាថ្នា​របស់​ខ្ញុំ​ បាន​សម្រេច ​បោះ​បង់​ទាំង​ស្រុងពី​ការ​​នេសាទ ​និង​ធ្វើ​ស្រែ ​ដោយ​សារ​ដី​ស្រែ ​និង​បឹង​ ត្រូវ​បាន​គេ​ចាក់​លុប​ជា​បណ្តើៗ​ ហើយ​ការ​ចូល​ប្រឡូក​ក្នុង​សកម្មភាព​ប្រដាល់នេះ ​បាន​ជួយ​ជីវភាព​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​​​អាចរស់បាន ​ប៉ុន្តែ​ការ​ផ្អាក​ការប្រ​ដាល់ដោយ​បញ្ហា​ជំងឺ ឆ្លង​នេះ​ ធ្វើ​ឲ្យ​គ្រួ​សារ​ខ្ញុំ ​គ្មាន ចំណូល​អ្វី​ទាល់​តែ​សោះ​ ហេតុ​នេះ​ខ្ញុំ​សុំ​ដល់​ថ្នាក់​ដឹក​នាំ ​និង​សប្បុរស​ជន ​មេត្តា​ជួយ​ផ្តល់​ត្រឹម​អង្ករ​ គ្រាន់​បាន​ហូប​ ចំណែក​ឯ​ម្ហូប​គឺ​អាច​រក​បាន​ខ្លះ ​គឺ​ក្នុង​កីឡាករ ជា​កូន​ក្មួយ​សរុប​ ១០​ នាក់ ​ខ្ញុំ​អាច​ចាយ​សន្សំ​សំចៃ​ត្រឹម ​១០​ ០០០​រៀល ​ទៅ​ ២០​ ០០០ រៀល​ក្នុង​១​ថ្ងៃបាន»​។

លោក ម៉ាង ម៉ន (កណ្តាល) ពេល​ថតជាមួយកីឡាករ ដែល​ជា​កូន និងក្មួយៗ​របស់​លោក។ រូបថត សហ​ការី

បន្ថែម​លើ​នេះ អ្នក​ស្រី​ សែន​ លៀងហ៊ីម ​ដែល​ជា​ប្រពន្ធ លោក ម៉ាង ម៉ន ​បាន​រៀប​រាប់​ថា​៖ «​កាល​នៅ​ប្រ​កួត​ យើង​មាន​លុយ​ខ្លះ​ទ្រទ្រង់​ គឺ​ក្នុង​១​ថ្ងៃ ​ចំណាយ​សរុប​លើ​អ្នក​ហាត់​ចំនួន ១៥ ​នាក់ ​អស់​ថ្លៃ​ម្ហូប​ធម្មតា​៦​​ម៉ឺន​រៀល ​និង​អង្ករ​៥​គីឡូក្រាម​ ប៉ុន្តែ​ ឥឡូវ​​១​ថ្ងៃ​សុំបានតែ​ ១ ​ឬ​ ២ ​ម៉ឺន​រៀល ​ក៏​បាន​ដែរ គឺ​​ឲ្យ​តែ​មាន​អង្ករ​ដាំ​បាយ​សិន​ទៅ​ ​ព្រោះ​ទាំង​កូន​ និង​ក្មួយ​ៗ សុទ្ធ​តែ​គ្មាន​មុខ​របរ​អ្វី​ទេ​»។

​ដោយ​ឡែក លោក​ឈិន ​ក្វាន់ចៃ​ គ្រូ​បង្វឹក​ក្លិប​មកុដរាជ​សីហ៍ ​ដែល​​មានដើម​​កំណើត​ នៅ​​ខេត្ត​បាត់-​ដំបង និង​​ជា​អ្នក​បន្ត​មរតក​កីឡា​ប្រដាល់​ពី​ឪពុកគឺ​​លោក​តា ក្វាន់​ ​នោះ បាន​និយាយ​ថា​៖​«ខ្ញុំ​ធ្លាប់​ជា​អ្នក​ប្រដាល់​ឆ្នើម! ​ខ្ញុំ​គ្មាន​ចេះ​អក្សរ​អ្វី​មួយ​តួ ​គឺ​សូម្បី​តែ​សរសេរ ​ឬ​អាន​ឈ្មោះ​ខ្លួន​ឯង​ក៏​មិន​បាន​ផង ប៉ុន្តែ​ខ្ញុំត្រូវបាន​​សហព័ន្ធ ​ចាត់​ឲ្យធ្វើ​​ជា​អ្នក​កាន់​ថេរវេលា ​(វាយ​ជួង​) ​​ពេល​ប្រ​កួត​ដែល​ធ្វើ​ឲ្យ​ខ្ញុំ អាចទទួល​បាន​កម្រៃ​ខ្លះ​ពី​ការ​បង្ហាត់​សិស្ស​ផង និងជា​គណៈកម្មការផង ​ប៉ុន្តែ​ពេល​នេះ​ គេ​បិទ​ប្រដាល់ ​គឺ​លំបាក​ណាស់»​។​

ឪពុក​បង្កើត​របស់​កីឡាករ ឈិន ក្វាន់ង៉ុយ ​រូប​នេះ បាន​បញ្ជាក់​ថា៖​«ខ្ញុំ​ធ្លាប់​រត់​ម៉ូ​តូ​ឌុប ​តែ​ពេល​នេះ ​រត់​ក៏​គ្មាន​អ្នក​ជិះ​ទៀត​ហេតុ​នេះ​គ្មាន​អ្វី​ទី​ពឹង​ទេ ​គឺ​ស្នើ​សុំ​ពី​សប្បុរស​ជន ​ដើម្បី​បាន​អង្ករ​ហូប​ ​ព្រោះ​ចាស់​ហើយ​ មិន​ដឹង​ធ្វើ​អ្វី​កើត​ទេ ​ហើយ​ក៏​មិន​ដឹង​ថា ​ពេល​ណា​គេ​បើក​ការ​ប្រ​កួត​ប្រ​ដាល់​​វិញ​។ ​អត់​អ្វី​ហូប​ហើយ ​បន្ថែម​គ្មាន​ថ្លៃ​ឈ្នូល​ផ្ទះ​ទៀត​ ហើយពឹង​លើ​របរ​រត់​ម៉ូតូ​ ឥឡូវ​ខ្សត់​អ្នក​ជិះ​ណាស់»​។

គួរ​បញ្ជាក់​ថា ​មន្ត្រី​បច្ចេកទេស​កីឡា​ប្រដាល់​មួយ​ចំនួន ដែល​ជា​មន្ត្រីចូលនិវត្តន៍​ពី​ក្រប​ខ័ណ្ឌ​រដ្ឋ​នោះ មាន​ប្រាក់​ខែ​ខ្លះ ​ប៉ុន្តែ​គ្រូ​ប្រដាល់​ជើង​ចាស់​មួយ​ចំនួន ​ដែល​មាន​អាយុ​ពី​ខ្ទង់​៦០​ ទៅ​៧០ឆ្នាំ​គឺ​មាន​ជីវភាព​លំបាក​សឹង​តែ​រក​បាយ​ហូប​មិន​បាន ​ដែល​នេះ​គឺ​ជា​រឿង​ពិត​ក្នុង​ពេល​បច្ចុប្បន្ន​។ ​

រីឯ​អតីត​អ្នក​ប្រដាល់​ឆ្នើមៗពី​មុនៗ​ដែល​​ប្រកួត​លែង​កើត​ បាន​ធ្លាក់​ខ្លួន​ក្រី​ក្រ​លំបាក​បំផុត​ ធ្វើ​ឲ្យ​​សហព័ន្ធ​ប្រ​ដាល់​ផ្ទាល់​ បាន​យឹត​យោង​មក​ធ្វើ​គណៈកម្មការ​​ខ្លះ​ តែ​ពេល​នេះ​បិទ​ប្រដាល់​​ទៀត៕​