ភ្នំពេញៈ គ្រូពេទ្យ​ប្រចាំ​សង្វៀន​ប្រដាល់​បាន​ទទូច​សុំ​ឲ្យ​គណៈកម្មការ​ផ្គូផ្គង ពិនិត្យ​មើល​កីឡាករ​ដែល​សន្លប់​ផ្ទួនៗ​ដូចជា​ករណី បាង កាយ៉ាក ឲ្យ​ផ្អាក​ការប្រកួត​សិន ហើយ​ការលើក​ឡើង​បែប​នេះ បន្ទាប់ពី បាង កាយ៉ាក បាន​បន្ត​សន្លប់​ក្រោម​ផ្លែ​កែង​កីឡាករ​ថៃ Kaothap ក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ កាលពី​ថ្ងៃ​សៅរ៍​។

កីឡាករ បាង កាយ៉ាក ដែល​បាត់​មុខ​យូរ​មក​ហើយ​នោះ​ទើប​តែ​បាន​សន្លប់​ក្រោម​ស្នាដៃ​ជើង​ខ្លាំង​មកពី​អ៊ីរ៉ង់ Ghodratisraskan ត្រឹម​ទឹក​ទី​ ៣ សម្រាប់​ការប្រកួត​នៅ​សង្វៀន CNC កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ហើយ​ការវិល​មក​ជួប​ថៃ Kaothap លើក​នេះ កាយ៉ាក ចង់​ឈ្នះ​ខ្លាំង​បំផុត ដើម្បី​ស្តារ​ភាព​ល្បី​របស់​គេ​ឡើងវិញ ប៉ុន្តែ​គេ​បែរ​ជា​បន្ត​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ត្រូវ​បាន Kaothap វាយ​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​ ២ ​ប៉ុណ្ណោះ​។

តាម​លទ្ធផល​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា សមត្ថភាព និង​កម្រិត​វិជ្ជគុន​របស់ បាង កាយ៉ាក គឺ​បាន​ធ្លាក់​ចុះ​ឆ្ងាយ​ជាង​មុន ខណៈ​ដែល​កម្លាំងកាយ​ក៏​គេ​មើល​ឃើញ​ថា ធ្លាក់​ចុះ​សឹង​តែ​ ៥០ ​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​លើក​មុនៗ ព្រោះ​កាល​ប៉ុន្មាន​ឆ្នាំ​មុន​ក្នុង​ប្រភេទ​ទម្ងន់​ ៥៧ ​គីឡូក្រាម បាង កាយ៉ាក សឹងតែ​រក​កីឡាករ​ក្នុង​ស្រុក​មាន​សមត្ថភាព​ប្រកួត​ជាមួយ​គេ​មិន​បាន គឺ​មាន​តែ​កីឡាករ​មកពី​ថៃ​ប៉ុណ្ណោះ ដែល​ស័ក្តិសម​ជាមួយ​គេ​។

យ៉ាងណា​មិញ​សម្រាប់​ការប្រកួត​លើក​នេះ បាង កាយ៉ាក មិន​សូវ​អស្ចារ្យ​ឡើយ ដោយសារ​តែ​ស្នៀត​ល្អ​ប្រចាំកាយ​របស់​គេ​គឺ​ក្បាច់​ជង្គង់​ហាក់បី​ដូច​ចេញ​មិន​បាន​ល្អ គឺ​សឹងតែ​គ្មាន​ឱកាស​សោះ​។ មិន​តែ​ប៉ុណ្ណោះ កាយ៉ាក ត្រូវ​បាន​ថៃ Kaothap វាយ​មួយ​កែង​បណ្តាល​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ក្នុង​ទឹក​ទី​ ២ ​តែម្តង​។

លទ្ធផល​បរាជ័យ​ឆាប់​រហ័ស​បែប​នេះ​អាច​ធ្វើឲ្យ បាង កាយ៉ាក កាន់តែ​ឃ្លាត​ឆ្ងាយ​ពី​ខ្សែ​ភ្នែក​របស់​មន្ត្រី​ផ្គូផ្គង ហើយ​ក៏​លំបាក​យឹតយោង​ឲ្យ​ប្រកួត​ទៀត ព្រោះ​សូម្បីតែ​បទបញ្ជា​របស់​គ្រូពេទ្យ​ប្រចាំ​សង្វៀន​ប្រដាល់​ថ្មីៗ​នេះ​បាន​ស្នើសុំ​ទៅ​មន្ត្រី​បច្ចេកទេស​សហព័ន្ធ​សុំ​ឲ្យ​ផ្អាក​ការប្រកួត​កីឡាករ​ណា​ដែល​ចាញ់​ដោយ​សន្លប់​ផ្ទួនៗ​ចំនួន​ ២ ​លើក​ធ្ងន់ធ្ងរ​បែប​នេះ​ឲ្យ​សម្រាក​ ២ ​សប្តាហ៍​សិន​។

លោក ជឹម ផល្លា គ្រូពេទ្យ​ប្រចាំ​សង្វៀន​បាន​និយាយ​ថា​៖ «​សូម​ឲ្យ​គណៈកម្មការ​ផ្គូផ្គង​គ្រប់​សង្វៀន មេត្តា​ពិនិត្យ​កីឡាករ​ដែល​សន្លប់​ផ្ទួនៗ​ជាប់ៗ​គ្នា​អ៊ីចឹង ដោយ​ឲ្យ​ផ្អាក​ប្រកួត​សិន ហើយ​កីឡាករ​ផ្ទាល់​គួរ​តែ​មក​ពិនិត្យ​សុខភាព​ជាមួយ​គ្រូពេទ្យ​របស់​សហព័ន្ធ​ដោយ​មិន​គិត​ប្រាក់​អ្វី​ទាំងអស់​»​។

ចំណែក​លោកស្រី សាំង សុម៉ាលី ប្រពន្ធ អេ ភូថង ដែល​ជា​គ្រូបង្វឹក​បាន​និយាយ​ថា​៖ «​បាង កាយ៉ាក ខ្សោយ​ជាង​មុន​មែន ព្រោះ​សព្វថ្ងៃ​វា​មាន​ប្រពន្ធ ហើយ​ទើប​តែ​វិល​មក​ហ្វឹកហាត់​ឡើង​វិញ​មិន​ទាន់​បាន​ល្អ​ទេ​»​។

ចំណែក​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​គូឯក​ថ្នាក់ជាតិ​វិញ​នោះ អ្នកប្រដាល់​ជើងចាស់ ឃឹម ពេជ្រចិន្តា របស់​ក្លិប​កុលបុត្រ​គុន​ខ្មែរ​បាន​ចាញ់​អ្នក​ប្រដាល់​ជំនាន់​ក្រោយ អេលីត ភក្ដី (​ភារម្យ ភក្តី​) ក្លិប​ឆ្មាស​សែនសុខ​គុនខ្មែរ ដោយ​ពិន្ទុ​។ ពេជ្រចិន្តា ហាក់​ដូចជា​ចង់​អស់​ថាមពល​ហើយ ព្រោះ​វ័យ​កាន់តែ​ចាស់ ហើយ​មើលស្រាល​គូប្រកួត​ទៀត​។ ចំពោះ​កលល្បិច​វ៉ៃ​របស់​គេ​ហាក់​ដូច​គ្មាន​ការរីកចម្រើន ព្រោះ​ប្រកួត​ ៥ ​ទឹក​ពេញ អេលីត ភក្ដី មាន​ប្រៀប​លើ ពេជ្រចិន្ដា ស្ទើរ​គ្រប់ទឹក ពិសេស​នៅ​ ២ ​ទឹក​ចុងក្រោយ អ្នកប្រដាល់​ជើងចាស់​រូប​នេះ​ស្ទើរ​តែ​គ្មាន​កម្លាំង ដើម្បី​វ៉ៃ​ឲ្យ​ដល់​ទឹក​ទៀត​ផង​គឺ​ស៊ូ​ទាំង​វេទនា​ភ្នែក​៕