ភ្នំពេញ: គ្រូបង្វឹក​ក្រុម​វិសាខា លោក ហុក ជីវ័ន មិន​បាន​ដាក់​កំហិត​ទៅ​លើ​កូនក្រុម​របស់​លោក ដើម្បី​រារាំង​ ឬ​បិទ​ក្រុម​ភ្នំពេញ​ក្រោន កុំ​ឲ្យ​រក​បាន​គ្រាប់​បាន​នោះ​ទេ នៅពេល​ក្រុម​ទាំង​ ២ ត្រូវ​មក​ជួប​គ្នា​ជាថ្មី​នៅ​ថ្ងៃ​អាទិត្យ​ស្រប​ពេល​ភ្នំពេញ​ក្រោន បាន​ប្តេជ្ញា​ដណ្តើម​យក​ ៣ ​ពិន្ទុ បើ​ទោះបី​ជា​ពួកគេ​បាន​បាត់បង់​ខ្សែប្រយុទ្ធ​មាឌធំ​របស់​ប្រេស៊ីល Darlan Martins ក៏ដោយ​។

សម្រាប់​ការជួប​គ្នា​កាល​ឆ្នាំ​ ២០១៨ ក្រុម​ភ្នំពេញ​ក្រោន​បាន​ត្រឹម​ស្មើ វិសាខា ០-០ នៅ​ក្រៅ​ទឹកដី និង​បាន​ចាញ់ ៣-១ នៅក្នុង​ទឹកដី​ខ្លួនឯង ខណៈ​ពេល​នេះ វិសាខា កំពុង​ឈរ​នៅ​លេខ​ ៤ មាន​ ៤ ​ពិន្ទុ ឯ​ក្រុម​ភ្នំពេញ​ក្រោន​ឈរ​នៅ​លេខ​​ ៥ មាន​ ៣ ​ពិន្ទុ​។

លោក ហុក សុជីវ័ន និយាយ​ថា​៖ «​យើង​ត្រូវ​លេង​ក្រៅ​ទឹកដី​ជា​លើក​ដំបូង ដោយ​ត្រូវ​ជួប​ក្លិប​មួយ​ដែល​ជោគជ័យ​ក្នុង​វិស័យ​បាល់ទាត់ ហើយ​ក៏​ជា​ក្លិប​មួយ មាន​ការរៀបចំ​បាន​ល្អ​ក្នុង​រដូវកាល​នេះ​ផង​ដែរ តែ​យើង​ក៏​មាន​ការផ្លាស់ប្តូរ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​គូប្រកួត​របស់​យើង​ដែរ​»​។

យ៉ាងណា​ក៏ដោយ​លោក ជីវ័ន មិន​បាន​ដាក់​កំហិត​ទៅ​លើ​កូនក្រុម​របស់​លោក ក្នុង​ការ​បិទផ្លូវ​រក​គ្រាប់​បាល់​របស់​ភ្នំពេញ​ក្រោន​នោះ​ទេ​។ លោក​បញ្ជាក់​ថា​៖ «​រឿង​របូត​គ្រាប់​បាល់​គឺ​យើង​មិន​អាច​កំណត់​បាន​ថា ដាច់​ខាត​មិន​ឲ្យ​គេ​ទាត់​ចូល​នោះ​ទេ ព្រោះ​បាល់ទាត់ បើ​យើង​ដាក់​គោលដៅ​នេះ​មួយ​វា​អាច​ប៉ះពាល់​ដល់​កីឡាករ ព្រោះ​គាត់​អាច​ប្រឹងប្រែង​ជ្រុល និង​ចាប់​អារម្មណ៍​ការការពារ​ជ្រុល អ៊ីចឹង​វា​ធ្វើឲ្យ​ការប្រយុទ្ធ​អាច​នឹង​ធ្លាក់​ចុះ ដូច្នេះ​យើង​ព្យាយាម​នឹង​កាត់ផ្ដាច់​របៀប​លេង​របស់​គេ ហើយ​បើ​អាច​យើង​នឹង​ព្យាយាម​ធ្វើ​ម៉េច​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​គឺ​ជោគជ័យ ដើម្បី​ឆ្លើយតប​តាម​គោលដៅ​ក្លិប​ចង់​បាន​»​។

ចំណែក​ក្រុម​ភ្នំពេញ​ក្រោន​ក៏​មាន​មហិច្ឆតា​ចង់​បាន ៣ ​ពិន្ទុ​ពី​ការប្រកួត​នេះ​ផងដែរ ប៉ុន្តែ​ក្តីបារម្ភ​ក៏​បាន​កើតមានឡើង​ចំពោះ​ក្រុម​នេះ​ផង​ដែរ ខណៈ​ខ្សែប្រយុទ្ធ​មាឌធំ Darlan Martins ដែល​ជា​ក្តីសង្ឃឹម​ក្នុង​ការរក​គ្រាប់​បាល់​ឲ្យ​ក្រុម​មាន​បញ្ហា​របួស​ស្មា ហើយ​បាន​វិល​ទៅ​ព្យាបាល​របួស​នៅ​ប្រទេស​ប្រេស៊ីល​វិញ​នោះ​។

អតីត​កីឡាករ​ដ៏មាន​បទពិសោធ កែវ សុខង៉ន ជា​អ្នកចាត់ការ​ទូទៅ​ក្លិប​ភ្នំពេញ​ក្រោន បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា​៖ «​សម្រាប់​ខ្ញុំ​ដាច់ខាត​ត្រូវការ​ ៣ ​ពិន្ទុ​ជា​ចាំបាច់ ដើម្បី​ប្រជែង​ជាមួយ​ក្រុម​ផ្សេងៗ​ទៀត​ដែល​យើង​មើល​ឃើញ​ថា សុទ្ធតែ​រៀបចំ​ក្រុម​បាន​ល្អ ប៉ុន្តែ​លទ្ធផល​ទទួល​បាន​ជាក់​ស្តែង​យ៉ាងណា​នោះ ក៏​យើង​មិន​ទាន់​ដឹង​ដែរ ព្រោះ​ក្រុម​វិសាខា​អាច​រៀបចំ​បាន​ល្អ​ជាង​យើង​ក៏​ថា​បានដែរ ហើយ​បាល់ទាត់​ចៀស​មិន​ផុត​ទេ រឿង​ចាញ់ ឈ្នះ អ៊ីចឹង​យើង​នឹង​ប្រឹងប្រែង​ធ្វើឲ្យ​អស់​លទ្ធភាព​»​។

ជុំវិញ​ការបាត់បង់​ខ្សែប្រយុទ្ធ Darlan Martins សុខង៉ន បាន​បញ្ជាក់​ថា​៖ «​សម្រាប់​ក្លិប​ពិតជា​មាន​ការប៉ះពាល់​មែនទែន ព្រោះ​បច្ចុប្បន្ន​នេះ​យើង​ខ្វះ​ខ្សែប្រយុទ្ធ ហើយ​ការបញ្ចប់​ទី​របស់​យើង​ក៏​នៅ​រាង​ខ្សោយ តែ​យើង​ក៏​មិន​ដឹង​ធ្វើ​យ៉ាងម៉េច​ដែរ នៅពេល​គាត់​មាន​បញ្ហា​របួស​បែប​នេះ ប៉ុន្តែ​យើង​ក៏​សប្បាយចិត្ត​ដែរ ពេល​កីឡាករ​មាន​របួស​កន្លង​មក​ដូចជា ម៉ៅ ពិសិដ្ឋ និង ពៅ ប៉ុនវុឌ្ឍី អាច​វិល​មក​ជួយ​ក្រុម​បាន​វិញ​នោះ​»​។

ដោយឡែក​ក្រុម​កំពុង​ឈរ​នៅ​កំពូល​តារាង​មាន​ ៦ ​ពិន្ទុ ព្រះខ័នរាជ​ស្វាយរៀង ត្រូវ​ជួប​ក្រុម​គិរីវង់​សុខសែនជ័យ ហើយ​ក្រុម​ឈរ​នៅ​លេខ​ ២ មាន​ ៤ ​ពិន្ទុ អង្គរថាយហ្គឺរ ត្រូវ​ប៉ះ​ក្រុម​បឹងកេត ខណៈ​ក្រសួង​ការពារជាតិ (​ទ័ព​) ដែល​ឈរ​នៅ​លេខ​ ៣ មាន​ ៤ ​ពិន្ទុ ត្រូវ​ប៉ះ​ក្រុម​ខេត្ត​កំពង់ចាម​៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-​អាស៊ី​អឺរ៉ុប v សូលទីឡូអង្គរ កីឡ.អាស៊ី​អឺរ៉ុប​ស្ពត​ផាក ១៥:៣០

-​ទ័ព v ខេត្ត​កំពង់ចាម កីឡដ្ឋាន​ស្តាត​ចាស់ ១៨:០០

-​អគ្គិសនី​កម្ពុជា v សាលា​បាល់ទាត់​ជាតិ កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ១៥:៣០

៤ ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

-​គិរីវង់ v ព្រះខ័នរាជ​ស្វាយរៀង កីឡដ្ឋាន​គិរីវង់ ១៥:៣០

-​ណាហ្គាវើល v ប៉ូលិស កីឡដ្ឋានស្តាត​ចាស់ ១៨:០០

-​អង្គរថាយហ្គឺរ v បឹងកេត កីឡដ្ឋាន​សៀមរាប ១៥:៣០

-​វិសាខា v ភ្នំពេញក្រោន កីឡដ្ឋាន RSN ១៨:០០