ភ្នំពេញៈ ​គ្រូ​បង្វឹក​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង បាន​ចាត់​ទុក​ការ​យក​ឈ្នះ​ក្រុម​បឹងកេត ជា​ការ «សាង​ប្រវត្តិសាស្រ្ត​ថ្មី» សម្រាប់​​ក្លិប​មួយ​នេះ ក្នុង​ការ​ខិត​កាន់​តែ​កៀក​ទៅ​រក​ការ​ឈ្នះ​ពាន​លីក​កំពូល​កម្ពុជា ប្រចាំ​ឆ្នាំ ​២០១៩ ប៉ុន្តែ​​ក្រុម​ណាហ្គាវើល បាន​ធ្លាក់ចេញ​ពី​លេខ​២ ជាថ្មី​ម្តង​ទៀត ក្រោយពួកគេ​បានចាញ់​ក្រុម​ម្ចាស់​ផ្ទះ អង្គរថាយហ្គឺរ ចំណែក​​ក្រុម​ក្រសួង​ការពារ​ជាតិ កាន់​តែ​បាត់បង់​​ឱកាស ក្នុង​ការ​សម្រេច​គោលដៅ ខណៈ​ពួក​គេ​បាន​បន្ត​ចាញ់​ក្រុម​គិរីវង់​សុខសែន​ជ័យ នៅ​លើ​ទឹក​ដី​ខ្លួន​ឯង​នោះ។

លោក ជូ សារឿន គ្រូ​ជំនួយ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖​ «ការ​យក​ឈ្នះ​​បឹងកេត​លើក​នេះ វា​ដូច​ជា​ការ​បង្កើត​ប្រវត្តិសាស្រ្ត​មួយ​ផង​ដែរ​សម្រាប់​ក្លិប​របស់​យើង ព្រោះ​ការ​ប្រកួត​ភាគ​ច្រើន​យើង​បាន​ចាញ់ និង​បាន​ត្រឹម​ស្មើ​បឹងកេត ហើយ​ការ​ឈ្នះ​បាន ​៣ ពិន្ទុ​លើក​​នេះ បាន​ធ្វើ​ឲ្យ​យើង​ខិត​ទៅ​កៀក​បំផុត​ក្នុង​ការ​លើក​ពាន គឺ​មាន​ន័យ​ថា បើ​យើង​អាច​យក​ឈ្នះ​ណាហ្គាវើល ឬវិសាខា តែ ១ ប្រកួត​ទៀត យើង​នឹង​លើក​ពាន​ដោយ​ស្វ័យប្រវត្តិ​តែ​ម្តង»។

យ៉ាង​ណា​ក៏​ដោយ​គ្រូ​បង្វឹក​រូប​នេះ ហាក់​មិន​សូវ​ពេញ​ចិត្ត​ទៅ​លើ​លទ្ធផល​នេះ​ប៉ុន្មាន​ឡើយ ហើយ​​លោក​បាន​ចាត់​ទុក​ការ​ប្រកួត​ជាមួយ​បឹងកេត​លើក​នេះ ជា​ការ​ប្រកួត​ដែល «គ្មាន​សាច់​បាល់​លេង» ព្រោះ​តាក់​ទិច​​លេង​របស់​កីឡាករ និង​ប្រព័ន្ធ​លេង​​របស់​ក្រុម​ស្វាយរៀង មិន​អាច​ធ្វើ​ទៅ​បាន​ល្អ ដោយសារ​​ទីលាន​មាន​ផ្ទៃ​​ដី​មិន​ស្មើ និង​មាន​ស្មៅ​រេចៗ ពិបាក​ក្នុង​ការ​លេង។

លោក ជូ សារឿន បាន​បញ្ជាក់​ថា៖​ «ការ​យក​ឈ្នះ​លើ​បឹងកេត លើក​នេះ វា​មាន​ការ​ពិបាក​ណាស់ ព្រោះ​វា​អត់​មាន​សាច់​បាល់​លេង! ​តាក់ទិច​របស់​កីឡាករ និងប្រព័ន្ធ​ដែល​យើង​ត្រូវ​លេង គឺ​អត់​មាន​តែ​ម្តង ដោយសារ​ទីលាន មិន​ល្អ​សោះ អ៊ីចឹង​​យើង​មាន​តែ​លេង​ដោយ​ការ​ទាត់​បាល់​បំផ្លោង​ឡើង​ទៅ​លើ និង​រំពឹង​ទៅ​លើ​បាល់​ជ្រុង និងហ៊្រ្វីឃីក ហើយ​ជ័យ​ជម្នះ​នេះ​វា​កើត​ឡើង​ដោយការ​ទាត់​ហ៊្រ្វីឃីក ​របស់ នេន សុធារ័ត្ន»។

តាមរយៈ​ការ​ប្រកួត​នៅ​កីឡដ្ឋាន​ខេមបូឌាអ៊ែរវ៉េ កាល​ពី​ថ្ងៃ​សៅរ៍​នោះ ក្រុម​ស្វាយរៀង​មាន​ភាគរយ​គ្រប់គ្រង​បាល់​បាន​ច្រើន​ជាង​ក្រុម​ម្ចាស់​ផ្ទះ​បឹងកេត ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Oiboh Julius បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​ស្វាយរៀង​បាន​មុន ដើម្បី​ជួយ​ឲ្យ​បឹងកេត​នាំ​មុខ ១-០ នៅ​ត្រឹម​នាទី​ទី៣០។

យ៉ាង​ណា​ក៏​ដោយ ការ​ទាត់​បាល់​បំផ្លោង​ឡើង​ទៅ​លើ​របស់​អ្នក​ចាំទី អាំ សុវណ្ណារ៉ាត់ បាន​​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ឆ្នើម Privat រត់​ទៅ​គ្រប់គ្រង​បាល់​នោះ រួច​អូស​រំលង​ខ្សែ​ការពារ​ ទេស សម្បត្តិ របស់​បឹងកេត និង​ស៊ុត​បញ្ជូល​ទី​បាន​យ៉ាង​ល្អ នៅ​នាទីទី ​៣២ ហើយ​នៅ​នាទីទី ​៦៤ នេន សុធារ័ត្ន បាន​រក​គ្រាប់​បាល់​ជ័យ​ជម្នះ​ឲ្យ​ក្រុម​ស្វាយ​រៀង តាមរយៈ​ការ​ទាត់បាល់​ហ៊្រ្វីឃីក ពី​ក្រៅ​តំបន់​គំនូស​ស បញ្ចូល​ទី​បាន​យ៉ាង​ល្អ​បំផុត។

ជ័យ​ជម្នះ​នេះ បាន​ជួយ​ឲ្យ​ក្រុម​ស្វាយរៀង នៅ​តែ​រក្សា​បាន​នូវ​កំណត់ត្រា​ដ៏​ល្អ​របស់​ខ្លួន គឺ​​ការ​ឈ្នះ ​១៧ និង​ស្មើ ​៤ មាន ​៥៥ ​ពិន្ទុ​ដាច់​ឆ្ងាយ​ពី​ក្រុម​លេខ ​២ រហូត​ដល់ ​៨ ពិន្ទុ ខណៈ​ការ​ប្រកួត​នៅ​សល់​ត្រឹម ​៥ លើក​ទៀត នឹង​ត្រូវ​បញ្ចប់​ហើយ។ ហេតុនេះ​ក្រុម​ស្វាយរៀង មាន​ភាគរយ​លើស​ពី​ ៩០ ភាគរយ ​ទៅ​ហើយ ក្នុង​ការ​ឈ្នះ​ពាន​នៅ​ឆ្នាំ​នេះ។

ចំណែក​ខ្សែ​ប្រយុទ្ធ Da Crus រក​បាន ​៥ ​គ្រាប់​តែ​ម្នាក់​ឯង នៅ​ពេល​ក្រុម​វិសាខា បាន​លត់​ក្រុម​សាលា​កីឡា​បាល់​ទាត់​ជាតិ​បាទី ៧-០ កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ដែរ ហើយ​ជ័យ​ជម្នះ​បាន​ជួយ​ឲ្យ វិសាខា មាន ៤៧ ពិន្ទុ និងបាន​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀងទី​២ ជា​ថ្មី​ម្តង​ទៀត ខណៈ​ក្រុម​ណាហ្គាវើល បាន​ចាញ់ទៅ​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​អង្គរ​ថាយហ្គឺរ ១-០ កាល​ពី​ថ្ងៃ​អាទិត្យ ធ្វើ​ឲ្យ​ពួក​គេ មាន​ត្រឹម​៤៤ពិន្ទុ​ដដែល​នោះ។

ការ​យក​ឈ្នះ​លើ​ក្រុមណាហ្គាវើល​ នេះ​ដែរ ​បាន​ជួយ​ឲ្យ​ក្រុមអង្គរថាយហ្គឺរ ​បាន​ឡើង​មក​ឈរ​នៅ​លេខ​៤​វិញ​ផងដែរ ដោយ​មាន​៤២ពិន្ទុ ដោយ​បាន​ទម្លាក់​ក្រុម​បឹងកេត ដែល​មាន ​៤១ ពិន្ទុ​ដដែល ឲ្យ​ទៅ​ឈរ​នៅ​លេខ​៥​វិញ។ ចំណែក​ក្រុម​ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ​ក្រុម​សូលទីឡូ​អង្គរ ២-១ ដើម្បី​សម្រេច​ការ​សងសឹក​ចំពោះ​ការ​ចាញ់ ១-០ កាល​ពី​ជើងទី​១ និង​បន្ត​ឈរ​នៅ​លេខ ​៦ ដោយ​មាន ​៣៨ ពិន្ទុ។

ផ្ទុយ​ពី​នេះ ​ក្រុម​ក្រសួង​ការពារ​ជាតិ (ទ័ព) មិន​ត្រឹមតែ​មិន​អាច​សងសឹក​ទៅ​លើ​ក្រុម​គិរីវង់​សុខសែន​ជ័យ ចំពោះ​ការ​​ចាញ់ ៤-១ កាល​ពី​ជើងទី​១ ​បាន​ប៉ុណ្ណោះ​ទេ គឺ​ពួក​គេ​បាន​បន្ត​ចាញ់​គិរីវង់ ២-១ នៅ​លើ​ទឹក​ដី​ខ្លួន​ឯង​ជា​ថ្មី​ម្តង​ទៀត កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​លទ្ធផល​នេះ​​បាន​ធ្វើ​ឲ្យ​​ទ័ព ថមថយ​ភាគរយ​កាន់​តែ​ខ្លាំង​ក្នុង​ការ​ប្រជែង​ឡើង​ទៅ​តំបន់​កំពូល​តារាង​ទាំង ​៤ ព្រោះ​ពេល​នេះ​ពួក​គេ​មាន ​៣៥ ពិន្ទុ​ដដែល និង​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​៧៕