ក្រុងហែលស៊ិនគី៖ ការពន្យារពេលនៃព្រឹត្តិការណ៍ Euro 2020 បានធ្វើឱ្យការបង្ហាញវត្តមានលើកដំបូងដ៏សំខាន់របស់ក្រុមបាល់ទាត់ជម្រើសជាតិហ្វាំងឡង់ ស្ថិតក្នុងការរង់ចាំ តែនៅពេលការប្រកួតប្រជែងជុំចុងក្រោយ ពិតជាកើតមានមែននោះ ប្រទេសនៃតំបន់ Nordic មួយនេះ បានកំណត់ចក្ខុវិស័យរបស់ខ្លួន ដោយការយកតាមគំរូរបស់ក្រុមអ៊ីស្លង់ ដែលទទួលជោគជ័យគួរឱ្យកត់សម្គាល់ថ្មីៗកន្លងទៅនេះ។
ការចងចាំមួយដ៏យូរអង្វែងនៅឯព្រឹត្តិការណ៍ប្រកួតជើងឯកអឺរ៉ុបនាប្រទេសបារាំង ក្នុងឆ្នាំ ២០១៦ គឺសមិទ្ធផលរបស់អ៊ីស្លង់ ដែលទទួលបាននូវសំឡេងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពេលពួកគេទម្លាក់អង់គ្លេស ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ។
ជាមួយគ្នានេះ អ៊ីស្លង់ក៏បានឡើងទៅព្រឹត្តិការណ៍ World Cup 2018 វគ្គ ៣២ ក្រុមដែរ ហើយនៅមានសង្ឃឹមទៀត ក្នុងការបានធ្វើដំណើរទៅវគ្គ Group Stage ជាមួយនឹងហ្វាំងឡង់ ដែលនឹងបង្ហាញវត្តមានពេលទីបំផុត ព្រឹត្តិការណ៍ដែលពន្យារពេល ១ ឆ្នាំ ត្រូវបានរៀបចំឡើងជាផ្លូវការ។
«ដោយពិតទៅវាជាសុបិនរបស់ពួកយើងរួចហើយ ក្នុងការបានទៅលេងជុំចុងក្រោយ តែយើងមិនមែនទៅ ដើម្បីគ្រាន់តែជាក្រុមបង្គ្រប់ចំនួននោះទេ ពោលគឺពួកយើងចង់សម្រេចនូវសមិទ្ធផលជាច្រើនបន្ថែមទៀត»។ នេះជាសម្ដីរបស់គ្រូបង្វឹកហ្វាំងឡង់ លោក Markku Kanerva ដែលប្រាប់មកកាន់ AFP ក្នុងកិច្ចសម្ភាសន៍មួយ មុនការប្រមូលផ្ដុំនៃក្រុមរបស់លោក និងមុនប្រកួតមិត្តភាពទល់នឹងជើងឯកពិភពលោកបារាំងនៅថ្ងៃពុធ នាក្រុងប៉ារីស។
លោក Kanerva បានបន្ថែមថា៖ «ដូចគ្នានឹងស៊ុយអែត នៅ World Cup ដែរ គឺពួកគេធ្វើបានល្អណាស់។ ខ្ញុំជឿថា ពួកគេជាគំរូសម្រាប់ពួកយើង ព្រោះពួកគេ គឺជាប្រទេសមកពីតំបន់ Nordic ដូចគ្នា ហើយវាមានថាមពលពិសេសម្យ៉ាងសម្រាប់ប្រទេសតំបន់ Nordic ទាំងអស់ ពោលគឺកម្លាំងចិត្ត ហើយដូចខ្ញុំបានលើកឡើងអ៊ីចឹង ពួកយើងជាក្រុមដែលមានការរួបរួមគ្នា ហើយយើងអាចរៀនសូត្រពីអ្វី ដែលជាកត្តាសំខាន់នៅពីក្រោយភាពជោគជ័យ»។
ក្នុងប្រទេសមួយ ដែលមានប្រជាជនចំនួន ៥,៥ លាននាក់ ជាកន្លែងដែលការលេងបាល់ទាត់នៅលំដាប់ទី២ បន្ទាប់ពីកីឡាហុកគីនោះ ហ្វាំងឡង់ មិនធ្លាប់បានឡើងទៅកៀកនឹងព្រឹត្តិការណ៍សំខាន់ពីមុនមកឡើយ ពោលគឺសូម្បីក្នុងយុគសម័យអតីតកីឡាករឆ្នើម Jari Litmanen ដែលធ្លាប់ឈ្នះពាន Champions League ជាមួយក្រុមនៅហូឡង់ Ajax ក្នុងឆ្នាំ ១៩៩៥ ក៏ដោយ។
តែលោក Kanerva ត្រូវបានតែងតាំងជាគ្រូបង្វឹកក្នុងឆ្នាំ ២០១៦ ហើយបានដឹកនាំប្រទេសមួយនេះឱ្យឡើងទៅ Euro 2020 ដោយសារពួកគេបញ្ចប់ នៅលេខ ២ បន្ទាប់ពីអ៊ីតាលីក្នុងវគ្គជម្រុះ។
លោក Kanerva ដែលក្រុមរបស់លោកស្ថិតនៅលេខ ៥៥ ក្នុងតារាងចំណាត់ថ្នាក់របស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានបន្ថែមទៀតថា៖ «យើងមិនមែនជាក្រុម ដែលចាត់ទុកថា មានសិទ្ធិប្រកួតប្រជែងនោះឡើយ ព្រោះអ៊ីតាលីជាក្រុមទី១ បន្ទាប់មកបូស្នី និងក្រិក ពោល គឺពួកគេទើបជាគូប្រជែងយ៉ាងពិតប្រាកដ តែពួកយើងបានធ្វើឱ្យពួកគេភ្ញាក់ផ្អើល»។
សម្រាប់ព្រឹត្តិការណ៍ Euro 2020 ដែលលើកទៅធ្វើនៅឆ្នាំ ២០២១ ក្រុមជម្រើសជាតិហ្វាំងឡង់ ស្ថិតនៅពូល B ដោយត្រូវប្រឈមជាមួយនឹងក្រុមដាណឺម៉ាក បែលហ្ស៊ិក និងរុស្ស៊ី៕ AFP/VN