The Phnom Penh Post Search

Search form

គ្រូ​ហ្វុតសាល​កម្ពុជា កំពុង​ពង្រឹង​ចំណេះ​ដឹង​ជាមួយ​អ្នក​ជំនាញ​មក​ពី AFC

Content image - Phnom Penh Post
សិក្ខាកាម​ទាំង​១៣​នាក់ ​បាន​ថត​រូប​ជុំ​គ្នា​ជាមួយ​លោក កែវ សារ៉េត និង​លោក Chiew Chun Yong (អាវ​ខ្មៅ) ក្នុង​ពិធី​បើក​វគ្គ នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃចន្ទ។ ស្រេង ម៉េងស្រ៊ុន

គ្រូ​ហ្វុតសាល​កម្ពុជា កំពុង​ពង្រឹង​ចំណេះ​ដឹង​ជាមួយ​អ្នក​ជំនាញ​មក​ពី AFC

ភ្នំពេញៈ គ្រូ​បង្វឹក និង​ថ្នាក់​ដឹក​នាំកីឡា​​​ចំនួន​ ១៣ ​នាក់ តំណាង​ឲ្យ​​ក្រុម​ហ្វុតសាល ដែល​កំពុង​ប្រកួត​ប្រជែងគ្នា​ ក្នុង​ការ​ប្រកួត​ជម្រើសជើង​ឯក​បាល់​ទាត់​ក្នុង​សាល ឆ្នាំ ​២០១៨ កំពុង​តែ​រៀនសូត្រ​បន្ថែម​លើ​ជំនាញ​របស់​ខ្លួន ជាមួយ​លោក Chiew Chun Yong អ្នក​ជំនាញ​​មក​ពី​ប្រទេស​ម៉ាឡេស៊ី។

លោក Chiew Chun Yong ដែល​ត្រូវបាន​បញ្ជូន​មក​ដោយ​សហព័ន្ធ​កីឡា​បាល់​ទាត់ទ្វីប​អាស៊ី (AFC) នោះ កំពុង​តែ​​ប្រើចំណេះ​ដឹង និង​បទ​ពិសោធ​ផ្ទាល់​ខ្លួន ក្នុងការ​បង្ហាត់​បង្ហាញ​ដល់​សិក្ខាកាម​ទាំង ​១៣ ​នាក់​របស់​កម្ពុជា ​នៅ​ក្នុងវគ្គគ្រូ​បង្ហាត់​កីឡា​បាល់​ទាត់​ក្នុង​សាល​កម្រិត​ ១ ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) សហការ​ជាមួយ ​AFC ហើយ​បាន​ចាប់​ដំណើរ​ការ កាល​ពី​ព្រឹក​ថ្ងៃទី ​១២ និង​គ្រោង​បញ្ចប់ នៅ​ថ្ងៃទី​ ១៧ ខែមីនា​នេះ។

លោក Chiew Chun Yong បាន​ថ្លែង នៅ​ក្នុង​ពិធី​បើក​ឆាក កាល​ពី​ថ្ងៃចន្ទ​ថា៖​ «ខ្ញុំ​សូម​អរគុណ​ទៅ​ដល់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ដែល​បាន​រៀបចំ​ឲ្យ​មាន​វគ្គគ្រូ​បង្ហាត់​កីឡា​បាល់​ទាត់​ក្នុង​សាល​កម្រិត​ ១ ​ជាលើក​ទី ​១ នៅ​ពេល​នេះ ​ហើយខ្ញុំ​ពិត​ជា​រីក​រាយ ក្នុង​ការ​បើក​ឲ្យ​ដំណើរ​ការ​វគ្គ​នេះ ព្រោះ​ខ្ញុំ​បាន​រង់ចាំ​វគ្គ​នេះ​យូរ​ឆ្នាំ​មកហើយ»។

លោក​បាន​បន្ថែម​ថា៖​«ខ្ញុំ​យល់​ឃើញ​ថា ​វគ្គ​មួយ​នេះ បាន​ក្លាយ​ជា​ជំហាន​ដំបូង ក្នុង​ការ​អភិវឌ្ឍ​គ្រូ​បាល់​ទាត់​ហ្វុត​សាល​នៅ​កម្ពុជា ទៅ​កម្រិតផ្សេង​ទៀត អ៊ីចឹង​ខ្ញុំ​សូម​អរគុណ ដែល​ FFC ​បាន​ស្នើ​​ទៅ​ AFC បើក​ឲ្យមាន​វគ្គ​នេះ​ឡើង ព្រោះ​ពេល​នេះ​នៅ​កម្ពុជា មាន​ក្រុម​ហ្វុតសាល ដែល​មាន​សក្តានុពល​ច្រើន ក្នុង​ការ​ក្លាយ​ទៅ​ជា​ក្រុម​ល្អមួយ»។

អ្នក​ជំនាញ​រូប​នេះ ​បាន​បញ្ជាក់​ថា៖​ «​ខ្ញុំ​បាន​មើល​ការ​ប្រកួត​របស់​ពួក​យើង កាល​ពី​ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ ហើយ​ខ្ញុំ​ឃើញ​ថា កីឡាករ​របស់​យើង មាន​សក្តានុពល និង​មាន​ភាព​ប៉ិន​ប្រសព្វ អាច​វិវឌ្ឍ​ខ្លួន​បាន​ល្អ​ប្រសើរ។ ដូច្នេះ​​ខ្ញុំ​​នឹងជួយ​ពង្រឹង​ចំណេះ​ដឹង និង​ផ្តល់​បទ​ពិសោធ​ដល់​គ្រូ​បង្វឹក​ ដែល​បាន​ចូល​រួម​ក្នុង​វគ្គ​នេះ ដើម្បី​ក្លាយ​ទៅ​ជា​គ្រូ​បង្វឹក​ល្អ សម្រាប់​ជួយ​បង្វឹក​ក្រុម​ហ្វុត​សាល នៅ​ក្នុង​ប្រទេស​កម្ពុជា»។

Content image - Phnom Penh Post

ចំណែក​លោក កែវ សារ៉េត តំណាង​ឲ្យ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​ថ្លែង​ថា៖​«​ការ​​បើក​ឲ្យ​មាន​វគ្គគ្រូ​បង្ហាត់​កីឡា​បាល់​ទាត់​ក្នុង​សាល​កម្រិត​ ១ ពិតជា​មាន​សារៈ​សំខាន់​ណាស់ ដូច្នេះ​សូម​សិក្ខាកាម​ទាំង​អស់​គ្នា​ ចំណាយ​ពេល​សិក្សា​វគ្គ​នេះ ដោយ​ការ​ប្រឹង​ប្រែង​ ដើម្បី​ក្រេប​ជញ្ជក់​យក​​ចំណេះ​ដឹង​ពី​លោក ​​ Chiew Chun Yong ដែល​គាត់​មាន​ជំនាញ​ផ្នែក​បច្ចេក​ទេស​បង្ហាត់​គ្រូ​ហ្វុតសាល​នេះ»។

លោក​បាន​បន្ថែម​ថា៖​«យើង​ទាំង​អស់​ត្រូវ​ខំ​ប្រឹង​ប្រែង ដើម្បី​ចាប់​យក​នូវ​​ចំណុច​ល្អៗ ពី​វគ្គ​សិក្សា​នេះ ដើម្បី​យក​ទៅអនុវត្ត ​ក្នុងការ​ដឹកនាំ និង​បង្ហាត់​បង្ហាញដល់​ក្រុម​ហ្វុត​សាល​របស់​ខ្លួន ដើម្បី​​ធ្វើ​ឲ្យ​​ការ​ប្រកួត​របស់​យើង ឈានទៅ​រក​បែប​លក្ខណៈ​វិទ្យាសាស្រ្ត ឬ​បែប​ទំនើប ព្រោះ​កីឡាករ​ល្បីៗ​នៅ​លើ​ពិភព​លោកមួយ​ចំនួន គឺ​កើត​ចេញ​ពី​ការ​ប្រកួត​ហ្វុតសាល​នេះឯង មុន​ពេល​ពួក​គេ​វិវឌ្ឍ​ខ្លួន​ទៅ​លេង​​បាល់​ទាត់​ម្ខាង​​១១នាក់»៕

អត្ថបទគួរចាប់អារម្មណ៍