ភ្នំពេញ៖ ក្រុម​អគ្គិសនី​កម្ពុជា ដែល​ធ្លាប់​តែ​រង​សម្ពាធ​ខ្លាំង​នៅ​លីក​កំពូល​កម្ពុជា​នោះ ហាក់​មាន​ការ​ជឿជាក់​ខ្លាំង​ថា ពួក​គេ​អាច​នឹង​មាន​សមត្ថភាព​ទម្លាក់​ក្រុម​ណាហ្គាវើល នៅ​ក្នុង​វគ្គ​ជម្រុះ ​១៦ ​ក្រុម​​ថ្នាក់​ជាតិ​ ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១៤ ឆ្នាំ ​២០២០ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត ចំណែក​ក្រុម​ចំនួន ​៨ ​ទៀត ក៏​នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា នៅ​​ជើង​ទី​១ នា​ថ្ងៃ​ពុធ​នេះ​ផង​ដែរ។

គ្រូ​បង្វឹក​ក្រុម​អគ្គិសនី​កម្ពុជា លោក មាស សំអឿន បាន​ទទួល​ស្គាល់​ថា កូន​ក្រុម​របស់​លោក​ពិត​ជា​​មាន​យ៉ាប់​កម្លាំង ខណៈ​ពួក​គេ​ទើប​តែ​ធ្វើ​ការងារ​ធ្ងន់ សម្រាប់​ការ​ទៅ​​ជួប​ក្រុម​សូលទី​ឡូអង្គរ ក្នុង​លីក​កំពូល​កាល​ពី​ថ្ងៃ​អាទិត្យ។

លោក​​ប្រាប់​ថា៖ ​«ការ​យក​ឈ្នះ​ក្រុម​សូលទីឡូអង្គរ ៣-២ កាល​ពី​ថ្ងៃ​អាទិត្យ គឺ​កូន​ក្រុម​របស់​ខ្ញុំ​បាន​​ខំ​ប្រឹង​លេង​ដល់​ថ្នាក់​​រមួល​ក្រពើ អ៊ីចឹង​ហើយ​ខ្ញុំ​មិន​សូវ​ឲ្យ​ពួក​គាត់​ហាត់​ត្រៀម​​ច្រើន​ទេ គឺ​យើង​ឲ្យ​ពួក​គាត់​សម្រាក​ភាគ​ច្រើន»។

យ៉ាង​ណា​ក៏​ដោយ គ្រូ​បង្វឹក​ជើង​ចាស់​រូប​នេះ ​បន្ថែម​ថា៖​ «ខ្ញុំ​គិត​ថា គុណភាព​កម្លាំង​​របស់​ពួក​គាត់​បាន​​ប្រសើរ​វិញ​ហើយ ហើយ​យើង​ក៏​មិន​បាន​ចាត់​ទុក​ថា ណាហ្គាវើល ជា​ក្រុម​អន់​នោះ​ដែរ​ ប៉ុន្តែ​​ការ​ប្រកួត​ពាន​សម្តេច ដែល​ប្រើប្រាស់​កីឡាករ​​ខ្មែរ​សុទ្ធ គឺ​យើង​ជឿ​ជាក់​ច្រើន ព្រោះ​យើង​បាន​លេង​ដោយ​ប្រើប្រាស់​កីឡាករ​ក្នុង​ស្រុក​សុទ្ធ​រហូត​មក​ហើយ ហេតុ​នេះ​ខ្ញុំ​គិត​ថា ការ​ជួប​ក្រុម​ណាហ្គាវើល ក្នុង​វគ្គ​ជម្រុះ ​១៦ ​ក្រុម​នេះ យើង​នឹង​​អាច​ឆ្លង​ផុត ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត»។

ចំណែក​ក្រុម​ណាហ្គាវើល ដែល​ភាគ​ច្រើន​ធ្វើ​បាន​ល្អ និង​ជា​ក្រុម​ ដែល​បាន​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​រហូត​ដល់ ​៦ ​លើក (​ឈ្នះ​ជើងឯក​បាន​​ម្តង​នៅ​ឆ្នាំ ​២០១៣)​ ក្នុង​ពាន​នេះ មិន​បាន​គិត​ថា ការ​បើក​កីឡដ្ឋាន​ស្តាត​ចាស់ ដើម្បី​ស្វាគមន៍​​ក្រុម​អគ្គិសនី​កម្ពុជា​នៅ​ល្ងាច​ម៉ោង ​៦ ថ្ងៃ​ពុធ​ ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។

លោក មាស ចាន់ណា គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល បាន​​ប្រាប់​​ថា៖ ​«ក្រុម​អគ្គិសនី​កម្ពុជា មាន​​យុវជន​មក​ពី​​បាទី​ចូលរួម​ច្រើន ហើយ​​ក្រុម​នេះ​បាន​​លេង​ជាមួយ​គ្នា​ ដោយ​ប្រើ​កីឡាករ​ខ្មែរ​សុទ្ធ​រហូត​មក​ហើយ ផ្ទុយ​ពី​នេះ​​ក្រុម​ខ្ញុំ ដែល​ត្រៀម​លេង​ពាន​សម្តេច​នេះ គឺ​យើង​មិន​ទាន់​បាន​លេង​ជាមួយ​គ្នា​នោះ​ទេ ដោយ​​យើង​បាន​លេង​ជាមួយ​គ្នា ​តែ​ក្នុង​លីក​កំពូល អ៊ីចឹង​ខ្ញុំ​គិត​ថា ការ​ជួប​អគ្គិសនី​កម្ពុជា​មាន​ការ​លំបាក​ដែរ»។

នៅ​ពេល​សួរ​ពី​ជម្រើស ​១១ នាក់​ដំបូង ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​លេង​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា លោក មាស ចាន់ណា បាន​បង្ហើប​ថា៖ ​«យើង​នឹង​មិន​ប្រើប្រាស់​យុវជន​ច្រើន​នោះ​ទេ សម្រាប់​ការ​ប្រកួត​ពាន​សម្តេច​លើក​នេះ ដោយសារ​គុណភាព​លេង​របស់​ពួក​គាត់​នៅ​មាន​កម្រិត ហេតុនេះ​យើង​មិន​អាច​ប្រថុយ​​ប្រឋាន​បាន​ឡើយ គឺ​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ច្បាស់ ព្រោះ​វគ្គ ​១៦ ​ក្រុម​ពាន​សម្តេច​នេះ គឺ​ចាញ់​ធ្លាក់ៗ»។

ផ្ទុយ​ពី​នេះ​ក្រុម​អង្គរថាយហ្គឺរ ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​បើក​កីឡដ្ឋាន ​SRU ទទួល​ក្រុម​ជើងឯក​ថ្នាក់​ខេត្ត ខេត្ត​ព្រៃវែង នៅ​រសៀល​ម៉ោង ៣:៣០ ថ្ងៃពុធនេះ ប៉ុន្តែ លោក Oriol Segura មិនបាន​មើល​រំលង​ពី​ការ​ប្រកួត​នេះ​ទេ ព្រោះ​លោក​បាន​ដឹង​រួច​ទៅ​ថា ក្រុម​ដែល​លេង​តំណាង​ឲ្យ​ខេត្ត​ព្រៃវែង គឺ​ជា​ក្រុម​យុវជន​របស់​​ក្លិប​វិសាខា។

លោក Oriol Segura គ្រូ​បង្វឹក​ក្រុម​អង្គរថាយហ្គឺរ បាន​និយាយ​ថា៖ ​«យើង​នឹង​លេង​ទល់​នឹង​ក្មេងៗ ក្នុង​ប្រទេស​ដែល​មាន​ទេពកោសល្យ ហើយ​យើង​ត្រូវ​ចងចាំ​ថា​ ពួក​គេ​គឺ​ជា​ចំណែក​មួយ​នៃ​ក្លិប​វិសាខា ដូច្នេះ​មាន​ន័យថា យុវជន​ទាំង​នោះ​ជា​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យ​យ៉ាង​ធំធេង ​នៃ​គម្រោង​វិនិយោគ​លើ​បាល់ទាត់​របស់​ពួក​គេ។ ខ្ញុំ​រីករាយ​ក្នុង​ការ​លេង​ជាមួយ​ពួក​គេ ហើយ​ក្រុម​ព្រៃវែង​នឹង​ក្លាយ​ជា​គូ​ប្រកួត​ដ៏​ល្អ​មួយ ដែល​យើង​ត្រូវ​ជួប​ក្នុង​វគ្គ ​១៦ ក្រុម​នេះ»។

ដោយ​ឡែក​ក្រុម​អាស៊ីអឺរ៉ុប ​នឹង​ត្រូវ​​ប្រឈម​ជាមួយ​ក្រុម​សម្បូរ​ធនធាន​វ័យ​ក្មេង ភ្នំពេញ​ក្រោន​នៅ​កីឡដ្ឋាន RSN នា​ល្ងាច​ម៉ោង ​៦ ចំណែក​ក្រុម​ធ្លាប់​ឈ្នះ​ជើង​ឯក ​៣ ​ដង កង​យោធពល​ខេមរភូមិន្ទ ត្រូវ​ជួប​ក្រុម​ខេត្ត​កែប នៅ​កីឡដ្ឋាន​ស្តាត​ចាស់​នា​រសៀល​ម៉ោង ៣:៣០ ហើយ​ក្រុម​គិរីវង់ ត្រូវ​ស្វាគមន៍​ក្រុម​នគរបាលជាតិ​នៅ​កីឡដ្ឋាន​គិរីវង់​សុខសែន​ជ័យ នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​ពុធនេះ​ដូច​គ្នា៕