អូស្រ្តាលី: កិច្ចសន្យារវាងគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ លោក Marco Kurz ជាមួយក្លិប Adelaide United របស់ប្រទេសអូស្ត្រាលីនឹងមិនត្រូវបានបន្តកុងត្រាជាថ្មីទៀតនោះទេគឺនឹងត្រូវបញ្ចប់នៅត្រឹមរដូវកាលនេះតែម្តង ខណៈភាគីទាំង ២ មានទស្សនៈមិនដូចគ្នា។
អតីតខ្សែការពារក្លិប Borussia Dortmund លោក Marco Kurz មានការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើងជាមួយអ្នករៀបចំក្របខ័ណ្ឌអូស្ត្រាលី A-League ដោយសារលោកខកចិត្តចំពោះកង្វះថវិកា ដើម្បីទិញកីឡាករថ្មីៗថែមទៀត។
ប្រធានក្រុម Adelaide លោក Piet Van Pol បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ក្រោយពីជួបជាមួយលោក Marco កាលពីដើមសប្ដាហ៍នេះ ខ្ញុំបានប្រាប់គាត់ពីការសម្រេចចិត្តរបស់យើងក្នុងការមិនបន្តកិច្ចសន្យាឲ្យគាត់លើសពីរដូវកាលនេះទេ»។
លោក Marco ដែលបានដឹកនាំក្លិប Adelaide United បានរយៈពេល ២ ឆ្នាំ និងធ្លាប់ធ្វើជាគ្រូបង្វឹកឲ្យក្លិបមួយចំនួនទៀតនៅប្រទេសអាល្លឺម៉ង់ដែរនោះបាននិយាយថា ឥឡូវនេះវាច្បាស់ការហើយដែលថាលោកកំពុងស្ថិតនៅលើទំព័រខុសគ្នាជាមួយអ្នកចាត់ការរបស់ក្រុម Adelaide។
លោកបានបញ្ជាក់ថា៖ «នៅពេលជួបជាមួយលោក Piet ខ្ញុំបានដឹងច្បាស់ហើយថា យើងមិនមានចក្ខុវិស័យដូចគ្នាទេ ជុំវិញអនាគតនៃក្រុម Adelaide United។ គោលដៅរបស់យើងគឺដើរមិនស្របគ្នាទេ ដូច្នេះហើយបានជាគេមិនអាចបន្តកិច្ចសន្យាឲ្យខ្ញុំជាគ្រូបង្វឹកដឹកនាំក្រុមនេះតទៅទៀត»។
លោក Marco គឺជាគ្រូបង្វឹកទី ២ ដែលត្រូវបានបញ្ចប់កុងត្រានៅក្នុងក្របខ័ណ្ឌ A-League គឺត្រឹមតែប៉ុន្មានសប្ដាហ៍ បន្ទាប់ពីក្រុម Central Coast Mariners បានបណ្តេញគ្រូបង្វឹករបស់ខ្លួនគឺលោក Mike Mulvey។
បច្ចុប្បន្នក្រុម Adelaide កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ ៦ មាន ២០ ពិន្ទុនៃក្របខ័ណ្ឌ A-League ដែលមាន ១០ ក្រុមចូលរួមគឺតាមពីក្រោយក្រុម Perth Glory ខណៈក្របខ័ណ្ឌមួយនេះនៅសល់តែ ៥ ប្រកួតទៀតនៅមុនបញ្ចប់នៃក្របខ័ណ្ឌនេះ៕ SN