ភ្នំពេញៈ គ្រូបង្វឹក​ក្រុម​អាស៊ី​អឺរ៉ុប​លោក សុក វាសនា បាន​ចាត់ទុក​ការដណ្តើម​បាន​ ៣ ​ពិន្ទុ​ពី​ក្រុម​ខ្លាំង វិសាខា គឺជា​ជ័យជម្នះ​ដ៏សំខាន់​បំផុត ហើយ​លោក​បាន​បួងសួង និង​ឧទ្ទិស​ការឈ្នះ​នេះ​ជូន​ទៅ​ដល់​វិញ្ញាណក្ខន្ធ​លោកឪពុក និង​ប្អូន​របស់​លោក​ផង​ដែរ​។ ចំណែក​លោក​ ស៊ុំ វណ្ណា បាន​ចាត់ទុក​ជ័យជម្នះ​របស់​ក្រុម​ភ្នំពេញ​ក្រោន​លើក​នេះ​ថា បាន​កើតឡើង​ដោយ​ការសហការ​គ្នា​ទាំង​ថ្នាក់ដឹកនាំ បុគ្គលិក ពិសេស​គុណភាព​លេង​របស់​ក្រុម​កីឡាករ​ទាំងអស់​គ្នា​។

សម្រាប់​ការប្រកួត​នៅ​លើ​ទឹកដី​ខ្លួនឯង​គឺ​កីឡដ្ឋាន​វិសាខា​កាលពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ក្រុម​វិសាខា​គួរ​ណាស់​តែ​អាច​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​មួយ ខណៈ​ខ្សែប្រយុទ្ធ អ៊ិន សូដាវីដ បាន​រកឃើញ​គ្រាប់​បាល់​នាំ​មុខ​តាំងពី​នាទី​ទី​ ៨ នោះ ប៉ុន្តែ​រឿង​ដែល​គិត​ដល់​បែរ​ជា​បាន​កើត​មាន​ឡើង និង​បាន​បំផ្លាញ​ក្តីសង្ឃឹម​របស់​វិសាខា នៅ​ខណៈ​កីឡាករ Abdel Kader បាន​វាយបក​តាម​ស្មើ​វិញ​នៅ​នាទី​ទី​ ១០ ហើយ​បាន​បន្ថែម​ ២ ​គ្រាប់​ទៀត​ដោយ​ខ្សែប្រយុទ្ធ Ajayi Opeyeni Korrde នៅ​នាទី​ទី​ ៧៥ និង​នាទី​ ៩០ ​នោះ​។

ការឈ្នះ​ក្នុង​លទ្ធផល ៣-១ ជាមួយ​នឹង​ស្ថានភាព​ប្រកួត​យ៉ាង​តានតឹង​នេះ បាន​ធ្វើឲ្យ​លោក សុក វាសនា មាន​ការសប្បាយចិត្ត​យ៉ាងខ្លាំង និង​បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ក្រោយ​ការប្រកួត​ថា​៖ «៣ ​ពិន្ទុ (3 point) នេះ​ខ្ញុំ​បាទ​សូម​បួងសួង​ឲ្យ​ដល់​លោកឪពុក និង​ប្អូន​ដែល​ទទួល​អនិច្ចកម្ម​ក្នុង​ឱកាស​ទិវា​លោកឪពុក និង​អរគុណ​បងប្អូន​ដែល​ជួយ​គាំទ្រ​ក្រុម​របស់​យើង AEU ស៊ូស៊ូ​»​។

ផ្ទុយ​ពី​នេះ​ក្រុម​ឈរ​នៅ​តំបន់​កំពូល​តារាង​ទាំង​ ៤ មាន​ព្រះខ័នរាជ​ស្វាយរៀង ណាហ្គាវើល ក្រុម​អង្គរថាយហ្គឺរ និង​បឹងកេត​សុទ្ធតែ​ទទួល​បាន​ ៣ ​ពិន្ទុ​បន្ថែម ដោយ​ក្នុង​នោះ​ខ្សែប្រយុទ្ធ Privat និង ប្រាក់ មុន្នីឧត្តម បាន​រួម​គ្នា​ជួយ​ឲ្យ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ ក្រសួង​ការពារ​ជាតិ ២-១ ដើម្បី​បន្ត​ឈរ​នៅ​លើ​កំពូល​តារាង​ដោយ​មាន​ ២៩ ​ពិន្ទុ ហើយ​ក្រុម​ណាហ្គាវើល​បាន​យក​ឈ្នះ​ក្រុម​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី ៣-០ ដើម្បី​បន្ត​ឈរ​នៅ​លេខ​ ២ មាន​​ ២៧ ​ពិន្ទុ​។

ចំណែក​ខ្សែប្រយុទ្ធ Ramos Alexis Damian និង Timothy រកបាន​ម្នាក់​ ១ ​គ្រាប់ ដើម្បី​ជួយ​ឲ្យ​ក្រុម​អង្គរថាយហ្គឺរ​យក​ឈ្នះ​ក្រុម​គិរីវង់​សុខសែនជ័យ ២-០ នៅលើ​ទឹកដី​ខ្លួនឯង​ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​ផ្ទាល់​យ៉ាង​ច្រើន​កុះករ និង​បាន​បន្ត​ឈរ​នៅ​លេខ​ ៣ មាន​ ២៤ ​ពិន្ទុ​គឺ​លើស​ក្រុម​បឹងកេត​ដែល​បាន​យក​ឈ្នះ​ក្រុម​ប៉ូលិស ២-១ ចំនួន​ ១ ​ពិន្ទុ​ដដែល​។

ជាមួយ​គ្នា​នេះ​ក្រុម​ភ្នំពេញ​ក្រោន​បាន​លត់​ក្រុម​អគ្គិសនី​កម្ពុជា​រហូត​ដល់ ៥-០ ស្រប​ពេល​ក្រុម​ខេត្ត​កំពង់ចាម​បាន​បន្ត​ចាញ់​ក្រុម​សូលទីឡូ​អង្គរ ៦-០​។ ជ័យជម្នះ​នេះ​បាន​ធ្វើឲ្យ​លោក ស៊ុំ វណ្ណា ដែល​បាន​ចូល​មក​ដឹកនាំ​ភ្នំពេញ​ក្រោន​ជំនួស​គ្រូ​បង្គោល​ជនជាតិ​ប្រេស៊ីល Leonard Vitorino នោះ​មាន​ការសប្បាយចិត្ត​យ៉ាង​ខ្លាំង ហើយ​ការចាត់ទុក​ការឈ្នះ​នេះ វា​បាន​កើតឡើង​ដោយ​ការសហការ​គ្នា​រួម​គ្នា​។

គ្រូបង្វឹក​វ័យ ៣៨ ​ឆ្នាំ​លោក ស៊ុំ វណ្ណា បាន​និយាយ​ក្រោយ​ការប្រកួត​ថា​៖ «​ជាដំបូង​ខ្ញុំ​សូម​អរគុណ​ដល់​ថ្នាក់ដឹកនាំ បុគ្គលិក និង​ជាពិសេស​ទៅ​ដល់​ក្រុម​កីឡាករ​របស់​យើង ព្រោះ​អ្វី​ដែល​យើង​ឃើញ​នៅ​ថ្ងៃ​នេះ​គឺ​វា​បាន​បង្ហាញ​អំពី​គុណភាព និង​ការគ្រប់គ្រង​បាល់​របស់​ក្រុម​កីឡាករ​ដោយ​ផ្តោត​លើ​តំបន់​ប្រយុទ្ធ ។ ខ្ញុំ​មាន​ជំនឿ​ចិត្ត​ខ្លាំង​ទៅ​លើ​កីឡាករ​ក្មេងៗ​របស់​យើង​ដែល​ព្យាយាម​អភិវឌ្ឍ​ខ្លួន ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ថ្ងៃ​នេះ​»​។

តាមរយៈ​ការឈ្នះ​បាន​ ៣ ​ពិន្ទុ​បន្ថែម​សម្រាប់​ការប្រកួត​ប្រចាំ​សប្តាហ៍​ទី​ ១១ ​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោន​រំកិល​ឡើង​មក​ឈរ​នៅ​លេខ​ ៦ លើ​ក្រុម​ទ័ព​វិញ​ម្តង​ដោយ​មាន​ ១៨ ​ពិន្ទុ​លើស​ ១ ​ពិន្ទុ ហើយ​ក្រុម​អាស៊ីអឺរ៉ុប​ឈរ​នៅ​លេខ​ ៨ មាន​ ១៦ ​ពិន្ទុ​តាម​ពី​ក្រោយ​ដោយ​ក្រុម​សូលទីឡូ​អង្គរ​មាន​ ១៥ ​ពិន្ទុ ក្រុម​ប៉ូលិស​មាន​ ១០ ​ពិន្ទុ ក្រុម​អគ្គិសនី​កម្ពុជា​មាន​ ១០ ​ពិន្ទុ ក្រុម​គិរីវង់ មាន​ ៩ ​ពិន្ទុ ខណៈ​ក្រុម​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី និង​ក្រុម​ខេត្ត​កំពង់ចាម​មាន​ ៣ ​ពិន្ទុ​ដូចគ្នា​៕