ភ្នំពេញ: បើ​ទោះបី​ជា​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ២៣ ​ឆ្នាំ​មិន​ទទួល​បាន​លទ្ធផល​ឈ្នះ​ ១ ​ប្រកួត​សោះ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​ជម្រុះ​ប្រចាំ​ពូល​ H នៃ​ពានរង្វាន់ AFC U23 Championship 2020 ប៉ុន្តែ​គ្រូបង្វឹក​ជនជាតិ​អាហ្សង់ទីន Felix Dalmas មាន​ការជឿជាក់​ថា​ផ្លូវ​ដែល​ក្រុម​កម្ពុជា​កំពុង​ដើរ គឺជា​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​នាពេល​អនាគត​។

សម្រាប់​ការប្រកួត​ជម្រុះ​ក្នុង​ពូល​ H ដែល​មាន​ ៤ ​ក្រុម​នោះ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា នៅតែ​គេច​មិន​ផុត​ពី​ពាក្យ​ថា​ «​លេង​ដើម្បី​ទទួល​បាន​បទពិសោធ​» ខណៈ​ក្រុម​តំណាង​ឲ្យ​កម្ពុជា​មួយ​នេះ​រក​មិនឃើញ​ជ័យជម្នះ​សូម្បី​តែ​មួយ​ប្រកួត​នោះ ព្រោះ​ ៣ ​ប្រកួត​នេះ​កម្ពុជា​បាន​ចាញ់​ក្រុម​ U23 ​អូស្ត្រាលី ៦-០ រួច​បន្ត​ចាញ់​ក្រុម​ U23 ​កូរ៉េ​ខាង​ត្បូង ៦-១ ហើយ​ការប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ក្រុម​រងគ្រោះ​ដូច​គ្នា​គឺ Chinese Taipei នៅ​ពហុកីឡដ្ឋាន​ជាតិ​កាលពី​យប់​ថ្ងៃ​អាទិត្យ​កម្ពុជា​បាន​ត្រឹម​ស្មើ ១-១​។

លោក Felix Dalmas ដែល​ជា​គ្រូ​បង្គោល​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក៏​បាន​ទទួល​ស្គាល់ថា កីឡាករ​កម្ពុជា​មាន​ការពិបាក​ក្នុង​ការប្រើប្រាស់​ទម្រង់​លេង​ផ្ទាល់ខ្លួន សម្រាប់​ការប្រកួត​នេះ​ផង​ដែរ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​៖ «​ទម្រង់​លេង​ផ្ទាល់ខ្លួន​ដែល​យើង​ចង់​លេង គឺ​វា​មិន​ងាយស្រួល​ឡើយ វា​តម្រូវ​ឲ្យ​យើង​មានការ​ជឿជាក់​ មាន​ឆន្ទៈ មានការ​តាំងចិត្ត​ខ្ពស់ និង​ពេលវេលា ហើយ​យើង​ជឿថា​ផ្លូវ​ដែល​ពួកយើង​កំពុង​ដើរ​គឺជា​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​»​។

បើ​ទោះបី​ជា​ក្រុម​ U23 ​កម្ពុជា​រក​មិនឃើញ​ការឈ្នះ​សោះ​នៅក្នុង​ការប្រកួត​ជម្រុះ​ពាន AFC U23 Championship 2020 នេះ ប៉ុន្តែ​អ្នក​គាំទ្រ​ភាគច្រើន​បាន​ដឹង​តាំងពី​មុន​ការប្រកួត​រួច​ទៅ​ហើយ​ថា ក្រុម​អូស្ត្រាលី និង​កូរ៉េ​ខាង​ត្បូង​នឹង​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ធំធេង​ក្នុង​ពូល​ H ​នេះ​ព្រោះ​កម្រិត​លេង​របស់​កម្ពុជា និង Chinese Taipei មិន​អាច​ទៅរួច​ជាមួយ​ក្រុម​ខ្លាំង​ទាំង​ ២ ​នេះ​ទេ​។

ការស្គាល់​ពី​សមត្ថភាព​ពិត​របស់​ក្រុម​កម្ពុជា វា​នៅ​តែ​ធ្វើឲ្យ​អ្នកគាំទ្រ​ភាគច្រើន​ពេញចិត្ត​ទទួល​យក​លទ្ធផល​ការប្រកួតនេះ ព្រោះ​ពួកគេ​បាន​មើលឃើញ​ថា ក្រុម​ U23 ​កម្ពុជា​ដែល​បាន​ប្រើប្រាស់​ក្រុម​កីឡាករ​អាយុ​ក្រោម​​ ២១ ​ឆ្នាំ​នេះ មាន​ឆន្ទៈ​លេង​ដ៏ពិតប្រាកដ និង​មាន​សាមគ្គីភាព​ក្នុង​ការលេង​ជា​ក្រុម​គឺ​មិន​មាន​ជំងឺ​តួឯក​នៅក្នុង​ខ្លួន​ដូចជា​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​មួយ​ចំនួន​តូច​នោះទេ​។

លោក Felix Dalmas ក៏​បាន​សម្តែង​ការអរគុណ​ទៅ​ដល់​អ្នកគាំទ្រ​កម្ពុជា​ដែល​ស៊ូទ្រាំ​តាមដាន​ការប្រកួត​របស់​ក្រុម​នេះ​មិន​រាថយ​ផងដែរ​។ លោក​បាន​និយាយ​ថា​៖ «​ជា​បឋម​ខ្ញុំ​សូម​អរគុណ​ចំពោះ​ការគាំទ្រ​របស់​បងប្អូន​កម្ពុជា​ទាំងអស់​គ្នា​ដែល​មក​គាំទ្រ​លើក​ទឹកចិត្ត ទោះបី​ជា​មាន​ភ្លៀង មេឃ​ក្តៅ ឬ​ថ្ងៃ​ធ្វើការ​យ៉ាង​ណា​ក៏ដោយ​ហើយ​អរគុណ​ដែល​ជឿជាក់​នូវ​អ្វី​ដែល​ពួកយើង​កំពុង​ធ្វើ​»​។

សម្រាប់​ការប្រកួត​ជម្រុះ​ចុងក្រោយ​កាលពី​ថ្ងៃ​អាទិត្យ​នោះ​ដែរ ក្រុម​ U23​​កូរ៉េ​ខាង​ត្បូង​បាន​ព្យាយាម​វាយបក​តាម​ស្មើ​ក្រុម​អូស្ត្រាលី ២-២ ដើម្បី​ទទួលបាន​លេខ​ ១ ​ប្រចាំ​ពូល​ H ​នេះ និង​បាន​ឡើង​ទៅ​វគ្គ​បន្ត ចំណែក​ក្រុម​អូស្ត្រាលី ដែល​ឈ្នះ​ ២ និង​ស្មើ​ ១ មាន​ ៧ ​ពិន្ទុ​ដែរ​នោះ​ក៏​បាន​ទៅ​វគ្គ​បន្ត​ដោយ​មិន​ចាំបាច់​អ៊ុត​មើល​ការផ្ទៀងផ្ទត់​លទ្ធផល​ជាមួយ​ក្រុម​លេខ​ ២ មកពី​ពូល​ផ្សេងៗ​ទៀត​នោះ​ដែរ​។

ទោះ​ការផ្ទៀងផ្ទាត់​រក​ក្រុម​លេខ​ ២ ​ល្អ​ចំនួន​ ៤ ​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត មិន​រាប់​បញ្ចូល​លទ្ធផល​ការប្រកួត​ជាមួយ​ក្រុម​ឈរ​នៅ​លេខ​រៀង​ចុងក្រោយ​ ប៉ុន្តែ​ការ​មាន​ ៤ ​ពិន្ទុ​ដោយ​ឈ្នះ​ក្រុម កម្ពុជា និង​ស្មើ​ក្រុម​កូរ៉េ​ជាមួយ​គ្រាប់​បាល់​ចំណេញ​ ៦ ​គ្រាប់​នោះ វា​គ្រប់គ្រាន់​សម្រាប់​អូស្ត្រាលី​ឡើង​ទៅ​វគ្គ​បន្ត​ហើយ​៕