
ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា (កណ្តាល) ត្រូវបានលោក Felix កោះហៅឲ្យចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួត AFF Suzuki Cup 2018។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ នៅទីបំផុត គ្រូបង្វឹកជនជាតិអាហ្សង់ទីន លោក Felix Agustin Gonzalez Dalmas បានបញ្ចេញបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវប្រមូលផ្តុំលើកចុងក្រោយ សម្រាប់ត្រៀមការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ ជាផ្លូវការហើយ ហើយពួកគេចាប់ផ្តើមហ្វឹកហាត់ នៅថ្ងៃអាទិត្យនេះ។
តាមបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ គឺគ្មានការផ្លាស់ប្តូរសមាសភាពកីឡាករណាមួយនោះទេ មានន័យថា កីឡាករទាំងអស់ ដែលត្រូវបានប្រមូលផ្តុំ សម្រាប់ប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមទីម័រខាងកើត និងក្រុមសិង្ហបុរី កន្លងមកនេះ រក្សានៅដដែលទាំងអស់។
បន្ថែមលើបញ្ជីឈ្មោះកីឡាករទាំង ២៤ នាក់ ដែលធ្លាប់បានប្រមូលផ្តុំកន្លងមកនេះ លោក Felix Agustin Gonzalez Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបន្ថែមខ្សែប្រយុទ្ធវ័យក្មេងម្នាក់ទៀតគឺ សៀន ចន្ធា ដែលជាយុវជន កំពុងហ្វឹកហាត់នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី។
លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ មុននេះបន្តិចថា ក្រុមជម្រើសជាតិកម្ពុជា នឹងចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា នារសៀលម៉ោង ៤:៣០ ប៉ុន្តែលោកបានបញ្ជាក់ថា សម្រាប់ការប្រមូលផ្តុំ នៅថ្ងៃអាទិត្យនេះ មិនតម្រូវឲ្យប្រព័ន្ធផ្សព្វផ្សាយចូលថតរូប ឬយកព័ត៌មាន នោះទេ។

បញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា ទាំង២៥រូប ដែលត្រូវប្រមូលផ្តុំហ្វឹកហាត់ នៅល្ងាចថ្ងៃអាទិត្យ នេះ។រូប សហការី
យ៉ាងណាក៏ដោយ លោក ពិសិដ្ឋ បានបង្ហើបថា ការហ្វឹកហាត់ នៅថ្ងៃអាទិត្យនេះ មានលក្ខណៈសម្ងាត់បន្តិច ទើបមិនតម្រូវឲ្យមានការចូលថតរូបភាព ក្នុងពេលហ្វឹកហាត់ ប៉ុន្តែលោកបានប្រាប់ថា លោកនឹងប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយវិញ នៅពេលណា ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា អាចចូលថត និងយកព័ត៌មានបាន៕