ភ្នំពេញៈ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​ ២២ ​ឆ្នាំ​មិនអាច​ប្រើ​បទពិសោធ​បែប​ក្មេងខ្ចី​របស់​ខ្លួន​ដើម្បី​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដែស​បាន​នោះ​ទេ សម្រាប់​ការប្រកួត​មិត្តភាព​ក្រៅ​ផ្លូវការ​នៅ​ពហុកីឡដ្ឋាន​ជាតិ​កាលពី​យប់​ថ្ងៃ​សៅរ៍ ប៉ុន្តែ​គ្រូបង្វឹក​ជនជាតិ​អាហ្សង់ទីន​លោក Felix Dalmas មាន​ការពេញចិត្ត​ទៅលើ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ទាំង​មូល និង​ទម្រង់​លេង​បែប​ការពារ​របស់​ក្រុម​កម្ពុជា​។

លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ក្រោយ​ការប្រកួត​ថា​៖ «​ខ្ញុំ​សូម​អរគុណ​ដល់​អ្នកគាំទ្រ​ដែល​បាន​ចូលរួម​លើក​ទឹកចិត្ត​ពួកយើង​ផ្ទាល់ ទោះបី​ជា​យើង​មិន​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ថ្ងៃ​នេះ​មែន ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​នឹង​ការខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​ទាំងអស់​គ្នា​»​។

សម្រាប់​ការប្រកួត​កាលពី​យប់​ថ្ងៃ​សៅរ៍​នោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ផ្តោត​ខ្លាំង​ទៅ​លើ​ការលេង​បែប​ការពារ ខណៈ​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដែស​បាន​ធ្វើ​ការដាក់​សម្ពាធ​តាមរយៈ​ការវាយលុក​មក​លើ​ពួកគេ​ជា​បន្តបន្ទាប់​នោះ​។ យ៉ាងណា​ក៏ដោយ​នៅ​តង់​ទី​ ១ បង់ក្លាដែស​មិន​អាច​បំបែក​ក្បួន​ការពារ​យ៉ាង​មមាញឹក​របស់​កម្ពុជា​នោះ​ទេ ហើយ​ការលើក​បាល់​រំលង​ខ្សែ​ការពារ​យ៉ាង​ល្អ​របស់ ប្រាក់ ធីវ៉ា ទៅលើ សេត រ៉ូស៊ីប​នៅ​នាទី​ទី​ ៣ ត្រូវ​បាន​អ្នក​ចាំទី​ក្រុម​បង់ក្លាដែស​ចេញ​មក​សង្គ្រោះ​ទាន់​ពេល​ដូច​គ្នា​។

នៅក្នុង​តង់​ទី​ ២ ក្រុម​កម្ពុជា​នៅ​តែ​រក្សា​លេង​បែប​ការពារ​ភាគច្រើន​ដើម្បី​រក្សា​ស្ថានភាព​ការប្រកួត​ពី​ការបន្ត​ដាក់​សម្ពាធ​របស់​ក្រុម​បង់ក្លាដែស ប៉ុន្តែ​ការអូស​បាល់​យ៉ាង​លឿន​របស់​ខ្សែ​ប្រយុទ្ធ​ទើប​ដាក់​ឲ្យ​ចូល​លេង Mahbubur Rahman Sufil និង​ការបញ្ជូន​បាល់​យ៉ាង​ស្អាត​របស់​គេ​បាន​ផ្តល់​ឱកាស​ឲ្យ​ខ្សែបម្រើ Robiul Hasan អាច​ស៊ុត​បាល់​នោះ​បញ្ចូល​ទី​យ៉ាងល្អ​នៅ​នាទី​ទី​ ៨៣​។

ជាមួយ​គ្រាប់​បាល់​ដែល​កើត​មាន​ឡើង​នៅ​ចុង​ម៉ោង​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដែស​បន្ត​យក​ឈ្នះ​ក្រុម​កម្ពុជា ១-០ បន្ថែម​ទៅ​លើ​ការ​ការឈ្នះ ២-១ នា​ជំនួប​ក្នុង​ពាន AFC Challeng Cup 2006 ព្រម​ទាំង​ស្មើ​គ្នា ១-១ ក្នុង​ការ​ប្រកួត​ពាន Nehru Cup 2007 និង​ការ​ឈ្នះ​ក្រុម​កម្ពុជា ១-០ នា​ជំនួប​ចុងក្រោយ​ក្នុង​ការប្រកួត​មិត្តភាព​កាលពី​ថ្ងៃទី​ ២៦ ខែ​មេសា ឆ្នាំ​ ២០០៩​។

យ៉ាង​ណា​ក៏ដោយ​ការប្រើប្រាស់​ក្រុម​ U22 ​កម្ពុជា​ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​បង់ក្លាដែស​លើក​នេះ​ទទួល​បាន​ការគាំទ្រ​ច្រើន​ពី​អ្នក​គាំទ្រ ព្រោះ​លោក Felix Dalmas មាន​បំណង​ប្រើការ​ប្រកួត​នេះ ដើម្បី​បន្ថែម​នៅ​លើ​បទពិសោធ​ថ្មីៗ​បន្ថែម​ទៀត​ទៅ​ដល់​ក្រុមយុវជន​របស់​កម្ពុជា​ទាំង​នេះ ដើម្បី​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការប្រកួត​ប្រចាំ​ពូល​ H នៃ​ពាន AFC U23 Championship ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ២២ ខែ​មីនា​ខាង​មុខ​នេះ ខណៈ​ពូល​នេះ​មាន​ក្រុម​កូរ៉េ​ខាង​ត្បូង អូស្ត្រាលី និង​ក្រុម Chinese Taipei​។

លោក Felix Dalmas បាន​ប្រាប់​បន្ថែម​ថា​៖ «​សម្រាប់​ការប្រកួត​ជាមួយ​ក្រុម​បង់ក្លាដែស​លើក​នេះ យើង​ការពារ​បាន​ល្អ​សម្រាប់​រយៈពេល​ ៨៥ ​នាទី ប៉ុន្តែ​យើង​នៅ​មាន​រឿង​ជាច្រើន​ទៀត​ដែល​ត្រូវ​កែតម្រូវ​បន្ថែម ដើម្បី​ធ្វើឲ្យ​ក្រុម​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការរក​បាន​គ្រាប់​បាល់ និង​រក​បាន​លទ្ធផល​ល្អ​សម្រាប់​ការប្រកួត​ក្រោយៗ​ទៀត​គឺ​យើង​នឹង​ខិតខំ​បន្ថែម​ទៀត សម្រាប់​ការប្រកួត​បាន AFC U23 Chapionship ដែល​កាន់តែ​ខិតជិត​មក​ដល់​ហើយ​»៕