ភ្នំពេញៈ អតីត​កីឡាករ​ប្រណាំង​កង់​អាជីព​របស់​អូស្ត្រាលី​លោក Frank Zgoznik បាន​ចាត់ការ​ប្រណាំង​កង់​ដូច​គ្នា​ទៅ​នឹង​ការលេង​បាល់ទាត់​ជា​ក្រុម​អ៊ីចឹង​ដែរ គឺ​ក្រុម​ថ្នាល​ជម្រើស​ជាតិ​ប្រណាំង​កង់​ទាំងអស់​ត្រូវតែ​មាន​ការសហការ​គ្នា ពិសេស​ចេះ​សាមគ្គី​ជា​ក្រុម​ឲ្យ​បាន​ល្អ ទើប​អាច​ឈាន​ដល់​ការឈ្នះ​បាន​មេដាយ​នៅពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ឆ្នាំ​ ២០២៣​។

លោក Frank Zgoznik ដែល​បាន​មក​ធ្វើជា​គ្រូបង្វឹក​ស្ម័គ្រចិត្ត​របស់​ក្រុម​ថ្នាល​ជម្រើសជាតិ​ប្រណាំង​កង់​កម្ពុជា​ជិត​ ២ ​ឆ្នាំ​មក​ហើយ​នោះ​មាន​ការពេញចិត្ត​កាន់តែ​ខ្លាំង​ទៅ​លើ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ថ្នាល​ជម្រើស​ជាតិ​ប្រណាំង​កង់​កម្ពុជា​។ «​ខ្ញុំ​សប្បាយ​រីករាយ​នៅពេល​ឃើញ​ការវិវឌ្ឍ​របស់​ក្រុម​ថ្នាល​ដែល​ខ្ញុំ​បាន​បង្ហាត់​កន្លង​មក​នេះ​ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ពួកក្រុម​ថ្នាល​មាន​ភាព​ស្វះស្វែង​ចង់​ចេះ ចង់ដឹង និង​ខំប្រឹង​ហ្វឹកហាត់​អស់ពី​សមត្ថភាព​»​។

លោក​បាន​បន្ត​ថា​៖ «​ក្រុម​ថ្នាល​ត្រូវ​តែ​បន្ត​អនុវត្ត​នូវ​មេរៀន​ក៏ដូចជា​ទិចនិក ដែល​ខ្ញុំ​បាន​ប្រាប់​ពួកគេ​ជា​ប្រចាំ និង​រៀងរាល់​ឆ្នាំ​គឺ​រហូត​ដល់​ការប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ហើយ​ខ្ញុំ​គិត​ថា​ឲ្យ​តែ​ពួកគេ​ខំ​ហ្វឹកហាត់​ទៅ​តាម​ផែនការ​ច្បាស់លាស់ និង​មាន​ទំនុកចិត្ត​ប្រកប​ដោយ​អត្តចរិត​ថ្លៃថ្នូរ​គឺ​នៅក្នុង​ចំណោម​ក្រុម​ថ្នាល​របស់​យើង​នឹង​មាន​អ្នក​អាច​ឈាន​ទៅ​ឈ្នះ​បាន​មេដាយ​នៅ​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ជា​មិនខាន​»​។

យ៉ាងណា​ក៏ដោយ​លោក Frank Zgoznik ដែល​ធ្លាប់​ជា​កីឡាករ​អាជីព​របស់​ប្រទេស​អូស្ត្រាលី​ ១ ​រូប​នោះ​បាន​លើក​ទឹកចិត្ត​ឲ្យ​ក្រុម​កង់​ត្រូវ​ជិះ​ឲ្យ​បាន​ឆ្ងាយ​ក្នុង​ ១ ​ថ្ងៃៗ​ដោយ​ ១ ​សប្តាហ៍​ធ្វើឲ្យ​បាន​ ៦ ​ថ្ងៃ​ហើយ​ក្នុង​នោះ​លោក​បាន​បញ្ជាក់​ថា​សម្រាប់​ក្រុម​ជម្រើសជាតិ​ត្រូវ​ដាក់​គោលដៅ​ជិះ​ឲ្យ​បាន​ ២ ​ទៅ​ ៣ ​ម៉ឺន​គីឡូម៉ែត្រ​ក្នុង ​១ ​ឆ្នាំ​ហើយ​ក្រុម​ថ្នាល​ត្រូវ​ជិះ​ឲ្យ​បាន​ ១ ​ទៅ​ ១,៥ ​ម៉ឺន​គីឡូម៉ែត្រ​ក្នុង​ ១ ​ឆ្នាំ​។

បន្ថែម​លើ​នេះ​លោក Frank បាន​ជំរុញ​ឲ្យ​ក្រុម​ថ្នាល​ជម្រើសជាតិ​ប្រណាំង​កង់ ទៅ​ចូលរួម​លេង​កីឡាករ​ផ្សេងៗ​ទៀត​ដូចជា​ការរត់​ប្រណាំង លេង​បាល់ទះ បាល់ទាត់ ជាដើម ពិសេស​ចូល​ហ្វឹកហាត់​នៅ​គ្រឹះស្ថាន​ហាត់ប្រាណ​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ធ្វើឲ្យ​កាយសម្បទា​មាន​ភាពរឹងមាំ​គឺ​មិន​អាច​ហ្វឹកហាត់ តែ​លើ​ការ​ជិះ​កង់​មួយ​មុខ​នោះ​ទេ​។

លោក​បាន​និយាយ​ថា​៖ «​យើង​មិន​អាច​ហាត់​តែ​ការ​ជិះ​កង់​មួយ​មុខ​នោះ​ទេ គឺ​យើង​ត្រូវ​ហាត់​កីឡា​មួយ​ចំនួន​ទៀត ដើម្បី​ឲ្យ​កាយសម្បទា​របស់​យើង​កាន់​តែ​មាន​ភាពរឹងមាំ​។ អ្នកជិះ​កង់​ត្រូវ​ហាត់​ឲ្យ​បាន​ខ្លាំង ប៉ុន្តែ​ក្រោយ​ពេល​ហាត់ ត្រូវ​មាន​របប​អាហារ​ហូបចុក​ឲ្យ​បាន​ត្រឹមត្រូវ និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ឲ្យ​រាងកាយ​របស់​យើង​មាន​ថាមពល​គ្រប់គ្រាន់​ឡើង​វិញ គឺ​យើង​មិន​អាច​ខំ​តែ​ហាត់​ហើយ ហាត់​ទៀត​ដោយ​គ្មាន​ការហូបចុក និង​សម្រាក​គ្រប់គ្រាន់​នោះ​ទេ ព្រោះ​វា​ធ្វើឲ្យ​ការវិវឌ្ឍ​របស់​យើង​មិន​បាន​ឡើង​ដល់​កម្រិត​កំពូល​»​។

បន្ថែម​ទៅលើ​ការអនុវត្ត​នៃ​មូលដ្ឋាន​ហ្វឹកហាត់ ដើម្បី​វិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​កីឡាករ​អាជីព​មាន​សក្តានុពល​នេះ​លោក Frank Zgoznik សុំ​ឲ្យ​ក្រុម​ធំ និង​ក្រុម​ថ្នាល​ជម្រើសជាតិ​ប្រណាំង​កង់​កម្ពុជា​ត្រូវ​ចេះ​សហការ​គ្នា​ជា​ក្រុម​ឲ្យ​បាន​ល្អ​គឺ​ដូច​គ្នា​ទៅ​នឹង​ការលេង​បាល់ទាត់​ដែល​មាន​គ្នា​ ១១ ​នាក់​នៅ​លើ​ទីលាន​អ៊ីចឹង​ដែរ​ទើប​អាច​ឈាន​ទៅ​រក​ការ​ឈ្នះ​បាន​មេដាយ​នៅពេល​ប្រកួត​។

លោក​បញ្ជាក់​ថា​៖ «​នៅក្នុង​ការលេង​បាល់ទាត់​គេ​មើល​ឃើញ​តែ​កីឡាករ​ស៊ុត​បាល់​បញ្ជូល​ទី​តែ​យើង​ត្រូវ​ដឹងថា​សមាជិក​ក្នុង​ក្រុម​ ១០ ​នាក់​ផ្សេង​ទៀត បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការជួយ​រក​បាន​គ្រាប់​បាល់​នោះ ចំណែក​ប្រណាំង​កង់​ដូចគ្នា​គឺ​អត្តពលិក​ម្នាក់​អាច​ឈ្នះ​ក្នុង​ការប្រកួត​តែ​កុំភ្លេច​ថា​សមាជិក​ក្នុង​ក្រុម​ផ្សេង​ទៀត ជា​អ្នក​ជួយ​ឲ្យ​ម្នាក់​នោះ​ឲ្យ​ឈ្នះ​ក្នុង​ការប្រកួត​ផងដែរ ហេតុ​នេះ​ក្រុម​កង់​របស់​យើង​ត្រូវ​ចេះ​សហការ​គ្នា​ជា​ក្រុម ដើម្បី​អាច​ឈ្នះ​បាន​មេដាយ​នៅ​ស៊ីហ្គេម​ឆ្នាំ​ ២០២៣»​។

ជាមួយ​គ្នា​នេះ​លោក Frank ក៏​គ្រោង​នឹង​បន្ត​ជួយ​ក្រុម​ជម្រើស​ជាតិ​ថ្នាល​ប្រណាំង​កង់​កម្ពុជា​រហូត​ដល់​ការប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ផង​ដែរ ប៉ុន្តែ​លោក​ក៏​សុំ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​មាន​ការផ្តល់​ជា​កញ្ចប់​ថវិកា សម្រាប់​ដោះស្រាយ​ការរស់នៅ​ប្រចាំ​ថ្ងៃ​របស់​គាត់​នៅ​កម្ពុជា​ផង​ដែរ គឺ​គាត់​មិនអាច​ធ្វើ​ជា​គ្រូបង្វឹក​ស្ម័គ្រចិត្ត​រហូត​បែប​នេះ​បាន​ទេ​។

ចំណែក​លោក ឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​សរសើរ​ទៅ​លើ​សមត្ថភាព​បង្ហាត់​បង្ហាញ​របស់​លោក Frank Zgoznik​។ លោក​ថ្លែង​ថា​៖ «​កីឡាករ​អាជីព​កម្រិត​ខ្ពស់​ដូច​គ្នា​មិន​ប្រាកដ​ថា អាច​ក្លាយ​ជា​គ្រូ​ល្អ​ទាំងអស់​នោះ​ទេ ប៉ុន្តែ​ចំពោះ​លោក Frank Zgoznik គឺ​គាត់​មាន​ទាំង​បទពិសោធ​ខ្ពស់ និង​របៀបរបប​នៃ​ការបង្ហាត់​សិស្ស ហើយ​ខ្ញុំ​សង្ឃឹម​ថា​ក្រោម​ការបង្ហាត់បង្ហាញ​របស់​គាត់​នឹង​ជួយ​ឲ្យ​ក្រុម​ថ្នាល​របស់​យើង​អាច​ដណ្តើម​បាន​មេដាយ​នៅ​ស៊ីហ្គេម ឆ្នាំ​ ២០២៣»៕