ភ្នំពេញ: គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំរបស់អូស្រ្តាលីលោក Graham Arnold បានបង្ហាញពីការគោរពទៅដល់ក្រុមម្ចាស់ផ្ទះកម្ពុជាមុនពេលក្រុមទាំង ២ ត្រូវប្រជែងគ្នាយក ៣ ពិន្ទុក្នុងការប្រកួតជម្រុះបើកឆាកប្រចាំពូល F ពានរង្វាន់ AFC U23 Championship 2020 នៅពហុកីឡដ្ឋានជាតិថ្ងៃសុក្រនេះ ខណៈ Chinese Taipei ត្រូវប្រើកម្លាំងក្រុមនិស្សិត ដើម្បីទប់ទល់ក្រុម U23 កូរ៉េខាងត្បូង។
នៅក្នុងសន្និសីទកាសែតស្តីពីការប្រកួតនេះកាលពីម្សិលមិញលោក Graham Arnold បានប្រាប់ថា៖ «នៅមុនការប្រកួតនេះ យើងបានទៅបោះជំរំហ្វឹកហាត់រយៈពេល ១ សប្តាហ៍នៅម៉ាឡេស៊ី ដើម្បីបន្សាំអាកាសធាតុនៅតំបន់អាស៊ាន ហើយយើងសង្ឃឹមថានឹងធ្វើបានល្អ នៅក្នុងការប្រកួតពាន AFC U23 នេះ ប៉ុន្តែខ្ញុំមានការគោរពខ្លាំងទៅដល់ក្រុមម្ចាស់ផ្ទះកម្ពុជា»។
ជាមួយក្តីសង្ឃឹមក្នុងការទទួលបានលទ្ធផលដ៏គាប់ប្រសើរនៅក្នុងការប្រកួតនេះលោក Graham Arnold ក៏មិនបានបង្ហាញក្តីកង្វល់ទៅលើទីលានសិប្បនិម្មិតនៃពហុកីឡដ្ឋានជាតិដែលធ្លាប់ទទួលរងការរិះគន់ពីការសាងសង់គ្មានភាពស្តង់ដានោះដែរ ព្រោះលោកបានលើកឡើងថា សហព័ន្ធកីឡាបាល់ទាត់អាស៊ីបានពិនិត្យមើលទីលាននេះរួចហើយ។
ការមានប្រៀបខ្លាំងលើមាឌ និងកម្ពស់របស់ក្រុមអូស្រ្តាលី វាអាចនឹងក្លាយជាការពិបាកសម្រាប់ក្រុមកម្ពុជា ហើយកម្រិតនៃការលេងរបស់កម្ពុជានៅក្រោមក្រុមអូស្រ្តាលីដែរ។ ទោះបីជាយ៉ាងណាការវិលមកដឹកនាំដោយផ្ទាល់របស់ Keisuke Honda ដែលជាអ្នកចាត់ការទូទៅ វាបានក្លាយជាកម្លាំងចិត្តមួយទៀតសម្រាប់ក្រុម U23 កម្ពុជា ហើយការវិលមកជួបគ្នារវាងក្រុមទាំង ២ លើកនេះ ក៏មានរំឭកពីបទពិសោធនៃការជួបគ្នារវាងក្រុមកម្ពុជា និងអូស្រ្តាលីកាលពួកគេនៅមានអាយុក្រោម ១៦ ឆ្នាំផងដែរ។
បន្ថែមលើនេះ Honda ក៏បាននាំយកអតីតគ្រូបង្វឹករបស់ខ្លួន ២ នាក់ទៀតរបស់ក្លិប AC Milan គឺគ្រូចាំទីវ័យ ៥២ ឆ្នាំលោក Alfredo Magni និងលោក Giorgio Bianchi មានវ័យ ៤៣ ឆ្នាំមកជួយផ្តល់ប្រឹក្សាបន្ថែមដល់ក្រុមជម្រើសជាតិកម្ពុជានៅក្នុងការប្រកួតពាន AFC U23 Championship នេះផងដែរ។
លោក Felix Dalmas គ្រូបង្គោលជម្រើសជាតិកម្ពុជាបាននិយាយថា៖ «ការប្រកួតពាន AFC U23 នេះជាឱកាសដ៏ល្អដែលក្រុមកីឡាករវ័យក្មេងរបស់យើងបានប្រកួតជាមួយក្រុមល្អៗ។ ខ្ញុំសប្បាយចិត្តចំពោះការរីកចម្រើនរបស់កូនក្រុមខ្ញុំ ហើយខ្ញុំសង្ឃឹមថាពួកគេនឹងទទួលបានបច្ចេកទេសថ្មីៗបន្ថែមទៀត»។
ចំណែកលោក Can Hun Von គ្រូបង្វឹក U23 ជម្រើសជាតិ Chinese Taipei បានប្រាប់ថា លោកបាននាំយកកីឡាករភាគច្រើនជានិស្សិតប្រចាំសាកលវិទ្យាល័យមកចូលរួមការប្រកួតនេះដោយសារអ្នកទាំងនេះធ្លាប់ស្ថិតក្រោមការបង្វឹករបស់លោកនៅក្នុងក្រុម U19 ជម្រើសជាតិ។ ចំណែកលោក Kim-Hak Bum គ្រូបង្វឹកក្រុម U23 កូរ៉េខាងត្បូងមិនបានបង្ហាញក្តីបារម្ភចំពោះការប្រកួតនេះទេ ដោយលោកបានបញ្ជាក់ថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់អស់ហើយ។
គួរបញ្ជាក់ថាសម្រាប់ការប្រកួតបើកឆាកវគ្គជម្រុះពាន AFC U23 Championship 2020 នៅថ្ងៃពហុកីឡដ្ឋានជាតិថ្ងៃសុក្រនេះ ក្រុម Chinese Taipei ត្រូវប្រកួតជាមួយក្រុម U23 កូរ៉េខាងត្បូងនៅល្ងាចម៉ោង ៥ ហើយក្រុមម្ចាស់ផ្ទះកម្ពុជាត្រូវប្រឈមជាមួយក្រុមខ្លាំងរបស់អូស្រ្តាលីនៅយប់ម៉ោង ៨៕