ភ្នំពេញ: គ្រូបង្វឹក​វ័យក្មេង​កំពុង​ដឹកនាំ​ក្រុម Cambodia All Stars លោក ភា សុភ័ក្ត្រា បាន​ឈាន​ដល់​ការចែក​ផ្លូវ​ជាមួយ​ក្លិប​ក្រសួង​ការពារ​ជាតិ​ (​ទ័ព​) ខណៈ​ក្លិប​នៅ​លីក​កំពូល​កម្ពុជា​មួយ​នេះ​បាន​និង​កំពុង​ជួប​វិបត្តិ​ហរិញ្ញវត្ថុ ក្រោយ​ពេល​លោក ខូវ ឆាយ ជា​អគ្គលេខាធិការ និង​ជា​អ្នកទ្រទ្រង់​ដ៏សំខាន់​របស់​ក្លិប​បាន​សម្រេច​ចិត្ត​ដកខ្លួន​ចេញ ព្រោះ​មិន​អាច​ទប់ទល់​ទៅលើ​ការចំណាយ​មិន​ចេះ​រីងស្ងូត​លើ​ក្រុម​ទ័ព​ទាំង​មូល​បាន​នោះ​។

លោក ភា សុភ័ក្ត្រា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​មេ ឆាយ ជា​អ្នក​នាំ​ខ្ញុំ​ឲ្យ​ចូល​មក​ក្នុង​លីក​កំពូល​កម្ពុជា​ជាថ្មី​នៅ​ក្នុង​ក្រុម​ក្រសួង​ការពារ​ជាតិ​នេះ ហើយ​ខ្ញុំ​ទទួល​បាន​ប្រាក់ខែ​ពី​គាត់​ផ្ទាល់ ប៉ុន្តែ​ពេល​នេះ​គាត់​បាន​ឈប់​ហើយ អ៊ីចឹង​ខ្ញុំ​ក៏​មិន​អាច​បន្ត​នៅ​ដែរ​»​។

គ្រូបង្វឹក​រូប​នេះ​បន្ថែម​ថា​៖ «​ការដក​ខ្លួន​របស់​មេ ឆាយ ធ្វើឲ្យ​ក្លិប​បាន​ជួប​នឹង​វិបត្តិ​ហរិញ្ញវត្ថុ ព្រោះ​គាត់​ជា​មនុស្ស​យ៉ាង​សំខាន់​ក្នុង​ការគ្រប់គ្រង់​លើ​បញ្ហា​រក​ចំណូល និង​ចំណាយ​របស់​ក្លិប ហើយ​កន្លង​មក​គាត់​បាន​ចំណាយ​ច្រើនណាស់ អ៊ីចឹង​វិបត្តិ​ហរិញ្ញវត្ថុ​នេះ បើ​យើង​ចង់​ស្នើ ឬ​ធ្វើ​អ្វី វា​មិន​អាច​បំពេញ​តាម​តម្រូវការ​យើង​ចង់​បាន​ទេ គឺ​វា​មិន​ដូច​ពេល​គាត់​នៅ​ដឹកនាំ​ដែល​យើង​មាន​ភាពកក់ក្តៅ ហើយ​ការស្នើ​អី​ចេះ​តែ​បាន​ក្នុង​ការ​ជំរុញ​ក្រុម និង​អភិវឌ្ឍ​ក្រុម​ឲ្យ​មាន​ការរីកចម្រើន ហេតុ​នេះ​ខ្ញុំ​មាន​តែ​សម្រេចចិត្ត​ចាកចេញ​ដែរ​»​។

យ៉ាងណា​ក៏ដោយ ភា សុភ័ក្ត្រា ហាក់​មាន​ការស្តាយ​ស្រណោះ​ចំពោះ​ការ​បញ្ហា​ដែល​កំពុង​តែ​កើត​មាន​ឡើង​ចំពោះ​ក្រុម​ទ័ព​ដែល​បង្ខំ​ឲ្យ​លោក​ត្រូវ​ឈប់ និង​បាន​ឃ្លាតឆ្ងាយ​ពី​លីក​កំពូល ខណៈ​លោក​ទើប​តែ​បាន​ចូល​ប្រឡូក​ជាថ្មី​នឹង​បាន​ធ្វើ​ជា​គ្រូ​បង្គោល​នៅ​ក្លិប​ក្រសួង​ការពារ​ជាតិ​តាម​ក្តី​ស្រមៃ​របស់​ខ្លួន​កាលពី​ឆ្នាំ​ ២០១៨ ព្រោះ​កន្លង​មក​លោក សុភ័ក្ត្រា ធ្លាប់​បាន​ធ្វើ​ត្រឹម​គ្រូ​ជំនួយ​។

លោក ភា សុភ័ក្ត្រា បញ្ជាក់​ថា​៖ «​វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​មួយ​ដែល​យើង​កំពុងតែ​ហ្វឹកហាត់​ត្រៀម​ខ្លួន​ការប្រកួត​រដូវកាល​ថ្មី​ស្រាប់​តែ​វិបត្តិ​ហរិញ្ញវត្ថុ បាន​កើតឡើង គឺ​វា​មិនមែន​ជា​ការចាកចេញ​ដោយ​ទាក់ទង​ទៅ​នឹង​លទ្ធផល​ប្រកួត ហើយ​ខ្ញុំ​ក៏​ពិបាក​ក្នុង​ការទទួល​យក​ផង​ដែរ ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ភ្លាមៗ​បែប​នេះ ព្រោះ​យើង​មាន​ការយល់​ចិត្ត​គ្នា​ជាមួយ​កីឡាករ និង​ក្រុមការងារ​នៅក្នុង​ក្លិប អ៊ីចឹង​ការចាកចេញ​របស់​ខ្ញុំ​ក៏​ធ្វើឲ្យ​ពួកគេ​មាន​ការសោកស្តាយ​ផង​ដែរ​»​។

ជាមួយ​នឹង​ការចាកចេញ​នេះ​លោក ភា សុភ័ក្ត្រា បាន​បដិសេធ​ថា មិនមែន​លោក​ចាកចេញ​ពី​ក្រុម​ទ័ព ហើយ​ទៅ​ដឹកនាំ​ក្លិប​ណា​ផ្សេង​នោះ​ទេ គឺ​ពេល​នេះ​លោក​គ្មាន​ការទាក់ទង​នឹង​ក្លិប​ណា​មួយ​ទេ ប៉ុន្តែ​លោក​ស្វាគមន៍​ចំពោះ​ក្លិប ដែល​ចង់​ទាក់ទង​លោក​ទៅ​ដឹកនាំ​។

គ្រូបង្វឹក​រូប​នេះ​បាន​បញ្ជាក់​ថា​៖ «​ចំពោះ​ក្លិប​ដែល​ចង់​បាន​ខ្ញុំ គឺ​វា​អាស្រ័យ​ទៅ​លើ​ការចរចា​គ្នា​។ បើ​ការចរចា​គ្នា​ត្រូវ ខ្ញុំ​នឹង​ទៅ​ដឹកនាំ ព្រោះ​យើង​ជា​គ្រូ​ស្រាប់​ទៅ​ហើយ រឿង​អី​ធ្វើ​មិន​បាន ប៉ុន្តែ​នៅ​ក្នុង​ដំណាក់កាល​នេះ ខ្ញុំ​នឹង​ឆ្លៀតពេល​ ៣ ​ថ្ងៃ​ក្នុង ​១ ​សប្តាហ៍​ក្នុង​ការស្វែងរក​ការបង្ហាត់​ដល់​យុវជន​នៅ​ខេត្ត​កណ្តាល ដើម្បី​រក្សា​កម្រិត​សមត្ថភាព​ជា​គ្រូបង្វឹក​តាមរយៈ​ការបង្ហាត់​ក្មេង​ក៏​ដូចជា​ជំរុញ​សកម្មភាព​យុវជន​តាមរយៈ​ការលេង​បាល់ទាត់​នេះ​»​។

គួររំឭក​ថា​ក្នុង​នាម​ជា​គ្រូបង្វឹក​បាល់ទាត់​ម្នាក់​លោក ភា សុភ័ក្ត្រា ធ្លាប់​ធ្វើ​ជា​គ្រូ​ជំនួយ​នៅ​ក្លិប​ស្វាយរៀង​បាន​ ១ ​ឆ្នាំ​កន្លះ និង​ធ្លាប់​ជួយ​ដឹកនាំ​ក្រុម​ត្រាយអាស៊ី (​អង្គរថាយហ្គឺរ​) ពី​ការប្រកួត​ក្របខ័ណ្ឌ​ក​ ១ ឲ្យ​ឡើង​មក​លេង​នៅ​លីកកំពូល​។ ក្រោយ​មក​លោក​បាន​ធ្វើ​ជា​គ្រូ​បង្គោល​បណ្តោះអាសន្ន​នៅ​ក្រុម​វេស្ទើន​បាន​ ៣ ​ប្រកួត​មុន​នឹង​មក​ធ្វើ​ជា​គ្រូ​ជំនួយ​នៅ​ក្រុម​ទ័ព​នៅ​ឆ្នាំ​ ២០១៧ ហើយ​នៅ​ឆ្នាំ​ ២០១៨ លោក​បាន​ក្លាយ​ជា​គ្រូបង្គោល​នឹង​បាន​ដឹកនាំ​ក្រុមទ័ព​ឲ្យ​ឈ្នះ​ពាន​រង្វាន់​សម្តេច​ ហ៊ុន សែន និង​ទទួល​បាន​លេខ​ ៤ ក្នុង​ការប្រកួត​លីក​កំពូល​កម្ពុជា​៕