ក្រុងឡុងដ៍: លោក Maurizio Sarri គូបង្វឹក​ក្រុម Chelsea បាន​ទទួល​ស្គាល់​ថា លោក​មាន​ការព្រួយបារម្ភ​ទៅ​លើ​ទម្រង់​លេង​របស់​ក្រុម​តោខៀវ​មួយ​នេះ បន្ទាប់ពី​ពួកគេ​បាន​ចាញ់​ ២-០ ក្នុង​ទឹកដី​ក្រុម Everton ហើយ​លទ្ធផល​នេះ បាន​បំផ្លាញ​ក្ដីសង្ឃឹម​របស់ Chelsea ក្នុង​ការប្រជែង​យក​តំបន់​ ៤ ​ក្រុម​ចុងក្រោយ (Top4) ក្នុង​ក្របខ័ណ្ឌ Premier League​។

កីឡាករ Richarlison និង​កីឡាករ Gylfi Sigurdsson បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​តង់​ទី​ ២ ​ដូច​គ្នា​នៅ​ពហុកីឡដ្ឋាន Goodison Park កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​យក​ឈ្នះ​ក្រុម Chelsea បរាជ័យ​ដ៏មិន​គួរ​ឲ្យ​ចង់​ជឿ ហើយ​នេះ​ជា​ជ័យជម្នះ​ជា​លើកដំបូង​របស់ Everton លើ​គូប្រជែង​ខ្លាំង​ទាំង​ ៦ ក្នុង​ការប្រកួត​ចំនួន​ ២៦ ​លើក​ចាប់ពី​ខែ​មករា​កាល​ឆ្នាំ​ ២០១៧​។

តាមពិត​ទៅ​នៅ​តង់​ទី​ ១ ក្រុម Chelsea មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​ក្រុម Everton ប៉ុន្តែ​មិន​អាច​គេច​ផុតពី​ការសង្គ្រោះ​របស់​អ្នក​ចាំទី Jordan Pickford ហើយ​ការ​ដួល​ជា​បន្តបន្ទាប់​របស់​ក្រុម​ Chelsea បាន​ធ្វើឲ្យ​មាន​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​លោក​ Maurizio Sarri​។

លោក Sarri បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​ការព្រួយបារម្ភ​ចំពោះ​ទម្រង់​លេង​របស់​យើង នៅពេល​ខ្ញុំ​ឃើញ​ការប្រកួត​បែប​នេះ​។ យើង​ប្រហែល​ជា​លេង​បាន​ល្អ​បំផុត​ត្រឹម​រយៈពេល​ ៤៥ ​នាទី​នៅ​ក្នុង​តង់​ទី​ ១ ប៉ុន្តែ​យើង​មិន​បាន​លេង​ល្អ​បែប​នេះ​នៅ​ដើមតង់​ទី​ ២ ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា​មកពី​មូលហេតុ​អ្វី​ដែរ​»​។

គ្រូបង្វឹក​ជនជាតិ​អ៊ីតាលី​រូបនេះ​បាន​បន្ថែម​ថា​៖ «​យើង​ពិតជា​លេង​បាន​ល្អ​ណាស់​រហូត​ដល់​នាទី​ចុងក្រោយ​នៃ​តង់​ទី​ ១ ប៉ុន្តែ​យើង​លេង​មិន​បាន​ល្អ​ទេ នៅ​នាទី​ដំបូង​សម្រាប់​តង់​ទី​ ២​។ វា​ពិបាក​ខ្លាំងណាស់​សម្រាប់​កីឡាករ​ក្នុង​ការពន្យល់​ប្រាប់​ខ្ញុំ​ពី​ការផ្លាស់ប្ដូរ​បែប​នេះ ហើយ​ខ្ញុំ​ក៏​ពិបាក​នឹង​ពន្យល់​ប្រាប់​អ្នក​ពី​ការផ្លាស់ប្ដូរ​នេះ​ផង​ដេរ តែ​ខ្ញុំ​គិត​ថា​វា​ប្រហែល​ជា​មកពី​ផ្នត់​គំនិត​របស់​ពួកគេ​»​។

លោក Sarri បាន​បន្ថែម​ថា​៖ «​នៅពេល​នេះ​វា​ជា​កំហុស​របស់​យើង ហើយ​ខ្ញុំ​គិតថា ប្រសិន​បើ​យើង​អាច​លេង​ល្អ​ដូច​នៅក្នុង​តង់​ទី​ ១ ​បន្ត​ជាប់​រហូត ខ្ញុំ​គិត​ថា យើង​នឹង​បាន​ឡើង​ទៅ​កាន់ Top4 ប៉ុន្តែ​យើង​មាន​បញ្ហា​នៅ​ត្រង់​នេះ​ឯង ហេតុនេះ​យើង​ត្រូវ​ខិតខំ​ការពារ​ឱកាស​ទាំងនោះ​»​។

ចំណែក​អ្នកចាត់ការ​ក្រុម Everton លោក Marco Silva ដែល​មិន​ធ្លាប់​នាំ​ដឹកនាំ​ក្រុម​ឲ្យ​ទទួល​ជ័យជម្នះ​លើ​ក្រុម​ខ្លាំង​ក្នុង​ក្របខណ្ឌ Premier League ជា​យូរ​មក​ហើយ​នោះ​បាន​និយាយ​ថា​៖ «​និយាយ​ឲ្យ​ត្រង់​ទៅ​នៅ​មុន​ពេល​ប្រកួត ខ្ញុំ​មិន​រំពឹង​ថា​បាន​លទ្ធផល​ល្អ​បែប​នេះ​ទេ​។ សម្រាប់​ក្រុម​ដូច​ពួកយើង​នេះ វា​មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ ព្រោះ​ជោគជ័យ​ទៅ​លើ​ក្រុម​ខ្លាំងៗ​មិន​មែន​មាន​ច្រើន​នោះ​ឡើយ​»​។

លោក​បាន​បន្ថែម​ថា​៖ «​ប៉ុន្តែ​បើ​និយាយ​ពី​គុណភាព​របស់​យើង​ក្នុង​នាម​ជា​ក្លិប​មួយ តើ​យើង​ជា​ក្លិប​ធំ​ប៉ុនណា​? ជ័យជម្នះ​បែប​នេះ​មិនមែន​ចេះ​តែ​កើតឡើង​នោះ​ទេ គឺ​វា​អាស្រ័យ​លើ​យើង​ធ្វើការ​រួម​គ្នា ដើម្បី​ឲ្យ​កាន់តែ​មាន​លក្ខណៈ​សាមញ្ញ​សម្រាប់​យើង​ក្នុង​ការយក​ឈ្នះ​លើ​ក្រុម​ខ្លាំងៗ​បែប​នេះ​»៕ SN