The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គ្រូ​ Man Utd បង្ហាញ​ការបារម្ភ ក្រោយ​ចាញ់ Barca ក្នុង​ទឹកដី




គ្រូ​ Man Utd បង្ហាញ​ការបារម្ភ ក្រោយ​ចាញ់ Barca ក្នុង​ទឹកដី

Content image - Phnom Penh Post
Luis Suarez លោត​ទៅ​គ្រប់គ្រង​បាល់​ពី​ការរារាំង​របស់​ខ្សែការពារ Lindelof ហើយ​គេ​ជា​កីឡាករ​ដ៏សំខាន់​ជួយ​ឲ្យ​ក្រុម Barcelona ឈ្នះ Man United ១-០​។ AFP

គ្រូ​ Man Utd បង្ហាញ​ការបារម្ភ ក្រោយ​ចាញ់ Barca ក្នុង​ទឹកដី

អង់គ្លេសៈ លោក Ole Gunnar Solskjaer គ្រូបង្វឹក​ក្លិប Man United បាន​និយាយ​ថា ក្រុម Manchester United ប្រឈម​នឹង​ភារកិច្ច​កាន់តែ​ធ្ងន់​ឡើង ក្នុង​ការតាម​យក​ឈ្នះ​ក្រុម Barcelona វិញ បន្ទាប់ពី​ពួកគេ​បាន​ចាញ់​ក្រុម​អ្នកមាន​បុណ្យ​មួយ​នេះ ១-០ ក្នុង​ការប្រកួត​ជើង​ទី​​​ ១ ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​ពាន Champion League កាលពី​រាត្រី​ថ្ងៃ​ពុធ ហើយ​លោក​បាន​ចាត់ទុក​ជំនួប​នេះ​ជា​ការប្រកួត​ដែល​មាន​ការលំបាក​ជាង​ការយក​ឈ្នះ​ដោយ​ជោគជ័យ​នៅ​ក្រៅ​ទឹកដី​ជាមួយ​ក្រុម PSG ក្នុង​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​កន្លង​មក​។

ក្រុម Man United គឺជា​ក្រុមទី​ ១ ​ហើយ​ដែល​បាន​យក​ឈ្នះ​លើ​គូប្រកួត​ខ្លួន​វិញ គឺ PSG នៅ​ក្រៅ​ទឹកដី​ក្នុង​លទ្ធផល ៣-១ នៅ​ទីក្រុង​ប៉ារីស​កាល​ខែ​មុន ដើម្បី​លុបចោល​ការចាញ់ ២-០ ក្នុង​ការប្រកួត​ជើង​ទី​ ១ នៅក្នុង​ទឹកដី​ខ្លួនឯង និង​បាន​ឡើង​កាន់​វគ្គ​ ៨ ​ក្រុម​ចុង​ក្រោយ​នេះ​។

ប៉ុន្តែ​លោក Solskjaer ដែល​ធ្លាប់​បាន​ជួយ​ក្រុម Man United លើក​ពាន Champions League នៅ​កីឡដ្ឋាន Camp Nou នៅ​ឆ្នាំ​ ១៩៩៩ ​នោះ​គិត​ថា​ការប៉ះ​ជាមួយ​ម្ចាស់​ជើងឯង​អេស្ប៉ាញ Barcelona នៅ​ក្រៅ​ទឹកដី​ខ្លួន​ខាង​មុខ​នោះ​គឺ​លំបាក​ជាង​ការជួប​ជាមួយ​ក្រុម PSG ទៅ​ទៀត ព្រោះ​ក្រុម​នេះ​មាន​ប្រវត្តិ​លើក​ពាន​នៅ​អឺរ៉ុប​ជាច្រើន​សម័យកាល​។

លោក Solskjaer បាន​និយាយ​ថា​៖ «​ជា​ការពិត​ទម្រង់​លេង​របស់​ក្រុម PSG នៅក្រៅ​ទឹកដី​ធ្វើឲ្យ​យើង​សង្ឃឹម និង​ជឿ​ថា​យើង​អាច​យក​ឈ្នះ​វិញ​បាន ប៉ុន្តែ​ពេលនេះ​យើង​ដឹង​ថា យើង​នឹង​លេង​ជាមួយ​ក្រុម​ល្បីឈ្មោះ​មួយ​សម្រាប់​ការប្រកួត​នេះ​។ ទោះបី​ជា​យ៉ាងណា​វា​នឹង​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​បើ​យើង​ឈ្នះ​ក្រុម Barcelona ដែល​មាន​ប្រវត្តិ​ដ៏អស្ចារ្យ​មួយ​នេះ ព្រោះ​ពួកគេ​មិន​ធ្លាប់​ចាញ់​នៅក្នុង​ទឹកដី​ខ្លួន​នោះ​ទេ​»​។

ជោគជ័យ​របស់​ក្រុម Barcelona ដែល​បាន​កើតឡើង​នៅពេល​ខ្សែការពារ Luke Shaw ភ្លាត់​ធ្វើឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​នៅ​នាទី​ទី​​ ១២ ​នោះ​បាន​ធ្វើឲ្យ​ក្រុម​នេះ​មាន​ក្ដីសង្ឃឹម​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ការបន្ត​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ជាប់​គ្នា ខណៈ​ក្រុម Man United មិន​ធ្លាប់​មាន​ប្រវត្តិ​បែប​នេះ​នោះ​ទេ​។

លោក Ernesto Valverde គ្រូបង្វឹក​ក្រុម Barcelona បាន​និយាយ​ថា​៖ «​វា​ធ្វើឲ្យ​មាន​រសជាតិ​ឆ្ងាញ់​នៅក្នុង​មាត់​ដែល​បាន​ឈ្នះ​នៅទីនេះ ប៉ុន្តែ​យើង​ដឹង​ថា​វា​មិនមែន​ជា​គ្រាប់​បាល់​ដ៏ធំ​មួយ​សម្រាប់​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ក្រុម Man United នៅក្នុង​ការប្រកួត​ចុងក្រោយ​នេះ​ទេ​»​។

តាមពិត​ខ្សែប្រយុទ្ធ Suarez ជា​អ្នក​តែ​តបាល់​នេះ​បញ្ចូល​ទី តែ​ត្រូវ​បាន​អាជ្ញាកណ្ដាល​ចាត់ទុក​ថា​ជា​ការធ្វើឲ្យ​ចូល​ទី​ខ្លួន​របស់​ខ្សែការពារ Luke Shaw ព្រោះ​រូបគេ​បាន​ប៉ះបាល់​នេះ​បន្តិច មុន​ពេល​ចូល​ទី ហើយ​ការកំណត់​នេះ​ជា​ហេតុ​ធ្វើឲ្យ​កីឡាករ​សញ្ជាតិ​អ៊ុយរ៉ាហ្គាយ Suarez នៅ​តែ​មិនទាន់​អាច​រក​គ្រាប់​នៅ​ក្រៅ​ទឹកដី​តាំងពី​ខែ​កញ្ញា​ឆ្នាំ​ ២០១៥ ប៉ុន្តែ Suarez នៅ​តែ​ជា​អ្នក​នាំ​ជ័យជម្នះ​ដល់​ក្រុម Barcelona​។

លោក Valverde បាន​និយាយ​ជុំវិញ​លទ្ធផល​នេះ​ថា​៖ «​តម្លៃ​នៃ​ការបញ្ចូល​ទីនេះ​គ្មាន​អ្វី​ផ្លាស់ប្ដូរ​ទេ បើ​ទោះ​ជា​មាន ឬ​គ្មាន​កីឡាករ​ណាមួយ​មក​ប៉ះបាល់​ចុងក្រោយ​ក៏ដោយ​។ វា​ពិបាក​ខ្លាំងណាស់​នៅក្នុង​វគ្គ​ប្រកួត​ដណ្ដើម​ឡើង​ទៅ​កម្រិត​ខ្ពស់​បំផុត​នេះ ហើយ​ដើម្បី​ឈ្នះ​នៅ​ក្រៅ​ទឹកដី​នៅ​ក្នុង​ក្របខ័ណ្ឌ Champions League នេះ​គឺ​អ្នក​ត្រូវ​រងគ្រោះ​បន្តិច​ហើយ​»៕ SN

អត្ថបទគួរចាប់អារម្មណ៍