ភ្នំពេញៈ ក្រុម​ណាហ្គាវើល​របស់​កម្ពុជា​បាន​រកឃើញ​ការឈ្នះ​ជា​លើក​ដំបូង​របស់​ខ្លួន​ហើយ​នៅក្នុង​ការប្រកួត​ជម្រុះ​ប្រចាំ​ពូល​ F នៃ​ពាន AFC Cup 2019 ខណៈ​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Yangon United កាលពី​ថ្ងៃ​អង្គារ​ដើម្បី​លាងជម្រះ​ការ​ខូចចិត្ត​សម្រាប់​ការ​ចាញ់​ក្រុម Hanoi FC រហូត​ដល់ ១០-០ នោះ​។

យ៉ាងណា​ក៏ដោយ​ជ័យជម្នះ​របស់​ក្រុម​ណាហ្គាវើល​លើ​ក្រុម Yangon United នៅ​ពហុកីឡដ្ឋាន​ជាតិ​កាលពី​យប់​ថ្ងៃ​អង្គារ​នោះ​ត្រូវ​បាន​គេ​មើលឃើញ​ថា «​ជា​សំណាង​» ព្រោះ​គ្រាប់​បាល់​ទាំង​ ២ ​របស់​ក្រុម​នេះ​សុទ្ធ​រក​បាន​ដោយ​ការទទួល​បាន​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​ពី​លោក​អាជ្ញាកណ្តាល​ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ​គឺ​ក្រុម Yangon បាន​បាត់​សមាជិក​ ១ ​រូប​តាំងពី​នាទី​ទី​ ៦​។

ប៉ុន្តែ​លោក Myo Min Tun គ្រូបង្វឹក​ក្រុម Yangon United បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ការប្រកួត​ថា​៖ «​ខ្ញុំ​គិត​ថា​ការទទួល​បាន​ជ័យជម្នះ​របស់​ក្រុម​ណាហ្គាវើល​នៅ​ថ្ងៃ​នេះ​វា​មិនមែន​ជា​រឿង​សំណាង​នោះ​ទេ គឺ​មកពី​ណាហ្គាវើល​ខំប្រឹងប្រែង​លេង និង​លេង​បាន​ល្អ ប៉ុន្តែ​ការពិន័យ​របស់​អាជ្ញា​កណ្តាល​ធ្ងន់​ពេក​ហើយ ព្រោះ​គាត់​ឲ្យ​បាល់​ប៉េណាល់ទី​ហើយ​គាត់​ពិន័យ​កាត​ក្រហម​ដល់​កីឡាករ​ខ្ញុំ​ទៀត​»​។

គួរ​បញ្ជាក់​ថា​កីឡាករ Zaw Pyae Pyho របស់ Yangon United ត្រូវ​បាន​ពិន័យ​កាត​ក្រហម​នៅ​នាទី​ទី​ ៦ ដោយសារ​ដៃ​របស់​គេ​បាន​ប៉ះបាល់​ពី​ការ​ស៊ុត​របស់ Kipson​។ បន្ថែម​លើ​ការពិន័យ​កាត​ក្រហម​នេះ​លោក​អាជ្ញាកណ្តាល​ក៏​ផ្តល់​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​ឲ្យ​ក្រុម​ណាហ្គាវើល​ផង​ដែរ​ហើយ Kipson ជា​អ្នក​ធ្វើ​បាន​សម្រេច​។

នៅ​នាទី​ទី​ ៩ ខ្សែប្រយុទ្ធ Miller បាន​ស៊ុត​បាល់​បញ្ចូល​ទី​តាម​ស្មើ​ឲ្យ​ក្រុម Yangon វិញ​ប៉ុន្តែ​នៅ​នាទី​ទី​ ២៦ លោក​អាជ្ញាកណ្តាល​បាន​ផ្តល់​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​ឲ្យ​ណាហ្គាវើល​ម្តង​ទៀត​នៅពេល​ដៃ​របស់​កីឡាករ Kosuke Yamazaki បាន​ប៉ះ​បាល់​ពី​ការ​ស៊ុត​របស់​ខ្សែប្រយុទ្ធ Amir Gubani នោះ ហើយ Kipson ជា​អ្នក​ធ្វើ​បាន​សម្រេច​ដដែល​។

លោក Myo Min Tun បាន​បន្ថែម​ថា​៖ «​យើង​ពិតជា​មាន​សម្ពាធ​ខ្លាំង នៅពេល​ប្រកួត​បាន​ត្រឹម​ ៦ ​នាទី​ក៏​ទទួល​បាន​កាត​ក្រហម និង​យើង​ត្រូវ​ពិន័យ​បាល់​ប៉េណាល់ទី​រហូត​ដល់​ ២ ​លើក​នោះ​គឺ​វា​ពិតជា​លំបាក​ណាស់ ព្រោះ​ជា​ធម្មតា​បាល់ទាត់​នៅពេល​បាត់​សមាជិក​ ១ ​នាក់​ហើយ វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​»​។

ចំណែក​លោក មាស ចាន់ណា ក៏​ហាក់​មិន​សូវ​ពេញចិត្ត​នឹង​ទម្រង់​លេង​របស់​កូន​ក្រុម​លោក​ប៉ុន្មាន​ដែរ​។ លោក​បាន​និយាយ​ថា​៖ «​ប្រាកដ​ណាស់ យើង​ពិតជា​សប្បាយចិត្ត​នៅពេល​ទទួល​បាន​ ៣ ​ពិន្ទុ​នៅលើ​ទឹកដី ប៉ុន្តែ​ការប្រកួត​នេះ​តឹងតែង​មែនទែន ហើយ​ខ្ញុំ​ជឿ​ថា​បើ​សិន​ជា Yangon United មិន​មាន​កាត​ក្រហម​នៅ​នាទី​ទី​ដំបូង​ប្រហែល​ជា​យើង​យ៉ាប់​មែនទែន ព្រោះ​យើង​មាន​បញ្ហា​ទៅលើ​ការសម្រេច​ទី​ចុងក្រោយ​ដែល​នេះ​ជា​បញ្ហា​ធំ​ណាស់​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​ពេញចិត្ត​ខ្លាំង​នឹង​លទ្ធផល​ឈ្នះ ប៉ុន្តែ​ទម្រង់​នៃ​ការលេង​គឺ​ទើប​តែ​បាន​ ៥០ ​ភាគរយ​ទេ​។ មាន​ន័យ​ថា​អ្វី​ដែល​ខ្ញុំ​ដាក់​ទៅ​គាត់​ធ្វើ​បាន ប៉ុន្តែ​គាត់​នៅ​ខ្វះ​ការច្នៃ​ប្រឌិត​បន្ថែម ព្រោះ​ក្នុង​ស្ថានភាព​បាល់ទាត់​វា​មាន​ច្រើន​មែនទែន​គឺ​ខ្ញុំ​មិន​អាច​រៀបចំ​ទាំងអស់​បាន​ទេ​។ ខ្ញុំ​រៀបចំ​តែ​កន្លែង​សំខាន់ៗ អ៊ីចឹង​កន្លែង​ចន្លោះ​ផ្សេង​ទៀត​គាត់​ត្រូវតែ​មាន​ការច្នៃប្រឌិត​ខ្លួនឯង​បន្ថែម​ទៀត​ដូចជា​ចលនា​ក្នុង​ការបញ្ចប់​ទី​ (​ស៊ុត​បាល់​បញ្ចូល​ទី​) និង​ការបញ្ជូន​បាល់​សម្លាប់​ជាដើម​»​។

នៅ​ក្រោយ​ការរក​បាន​គ្រាប់​បាល់​នាំមុខ ២-១ នោះ ណាហ្គាវើល​បាន​វាយលុក​កាន់តែ​ខ្លាំង​ហើយ​ខ្សែប្រយុទ្ធ Paul Omogba បាន​បង្កើត​ឱកាស​មាស​ឲ្យ Amir Gubani ចំនួន​ ៣ ​លើក តែ​ខ្សែប្រយុទ្ធ​រូបនេះ​ស៊ុត​បាល់​ដាច់​យ៉ាង​កៀក​ទីនេះ ឡើង​លើ​រហូត​។ ចំណែក សួង វិរៈ ក៏​បាន​បាល់​ទី​ ១ ​ដែរ តែ​ស៊ុត​មិន​ផុត​ពី​ការ​ចេញ​មក​សង្គ្រោះ​អ្នក​ចាំ​ក្រុម Yangon United​។

ចំណែក​ក្រុម Hanoi FC របស់​វៀតណាម​បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Tampines Rovers របស់​សិង្ហបុរី​សម្រាប់​ការប្រកួត​លើក​ទី​ ២ កាលពី​ថ្ងៃ​អង្គារ​នោះ​ដែរ​ហើយ​លទ្ធផល​នេះ​បាន​ធ្វើឲ្យ​ក្រុម​ទាំង​ ២ ​នេះ​មាន​ ៤ ​ពិន្ទុ​ជាមួយ​ការឈ្នះ​ ១ និង​ស្មើ​ ១ ប្រកួត​ដូច​គ្នា ឯ​ណាហ្គាវើល ឈរ​នៅ​លេខ​ ៣ មាន​ ៣ ​ពិន្ទុ តែ Yangon United បាន​ចាញ់​ទាំង​ ២ ​ប្រកួត​៕