ភ្នំពេញ៖ ប្រភេទ​កីឡា​ប្រយុទ្ធ Kick Boxing (ឃិកបុកស៊ិង) ដែល​ធ្លាប់​ជ្រក​នៅ​ក្រោម​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង​ធ្លាប់​ឈ្នះ​មេដាយ​ស៊ីហ្គេម ឆ្នាំ ២០១៩ នៅ​ហ្វីលីពីន​នោះ គឺ​បច្ចុប្បន្ន​បាន​ផ្តាច់​ខ្លួន និង​បាន​បង្កើត​ជា​សហព័ន្ធ​កីឡា​ប្រដាល់​ឃិកបុកស៊ិង​កម្ពុជា ដោយ​មាន​រចនា​សម្ព័ន្ធ​ថ្មី ប៉ុន្តែ​ទាំង​ថ្នាក់​ដឹកនាំ គ្រូបង្វឹក និង​ក្រុម​អត្តពលិក នៅ​តែ​ខ្ចី​ពី​ប្រដាល់​គុន​ខ្មែរ​ទាំង​ស្រុង។

ក្នុង​កិច្ចសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ ភ្នំពេញ ​ប៉ុស្តិ៍ លោក ហេង សុឃន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សហព័ន្ធ​កីឡា​​ប្រដាល់​ឃិកបុកស៊ិង​កម្ពុជា បាន​ប្រាប់​ថា សហព័ន្ធ​បាន​បង្កើត​ឡើង ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ចំណែក​រចនា​សម្ព័ន្ធ​នៃ​ការ​ដឹកនាំ សុទ្ធ​តែ​អ្នក​មាន​ជំនាញ​កីឡា ហើយ​យើង​បាន​ជ្រើសរើស​គ្រូបង្វឹក​វ័យក្មេង​មាន​បទពិសោធ​ល្អ និង​អត្តពលិក​មាន​សមត្ថភាព ដើម្បី​ត្រៀម​ទៅ​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម​លើកទី៣១ នៅ​ប្រទេស​វៀតណាម ចុង​ឆ្នាំ ២០២១ នេះ។

លោក ហេង សុឃន បាន​បន្ត​ថា​៖ «សមាសភាព​ថ្នាក់​ដឹកនាំ​របស់​សហព័ន្ធ​នេះ មាន​ខ្ញុំ​ជា​ប្រធាន​ឯកឧត្តម តែម ម៉ឺន ជា​ប្រធាន​កិត្តិយស លោក ម៉ិល កាដូ និង លោក ប៉ែន កាក់ ជា​អនុប្រធាន លោកស្រី កែវ ច័ន្ទមុន្នី ជា​អគ្គលេខាធិការ លោក​មេធាវី ផែង វណ្ណៈ ជា​អគ្គលេខាធិការរង និង​មាន​សមាជិក​ចំនួន ៥ នាក់​ទៀត។ ចំណែក​គ្រូ​បង្វឹក គឺ​គណៈកម្មការ​បាន​សម្រិតសម្រាំង​យក​ចំនួន ៤ នាក់ មាន​លោក ជា រិទ្ធ អតីត​គ្រូ​ជម្រើសជាតិ​គុន​ខ្មែរ ឆ្នាំ ២០២០ ជា​គ្រូធំ រួម​ទាំង​មាន​អតីត​កីឡាករ បឺត ខាំ, សៅ ប៊ុននឿន និង​លោកគ្រូ សាន់ សៅយ៉ាន់ ជា​គ្រូ​ជំនួយ»។

ទាក់ទង​ទៅ​នឹង​សមាសភាព​ក្រុម​អត្តពលិក​ត្រៀម​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ លោក ហេង សុឃន បាន​ប្រាប់​ថា គណៈកម្មការ​បាន​សម្រេច​ជ្រើសរើស​យ៉ាង​ត្រឹមត្រូវ​មាន​ចំនួន ១២ នាក់ ក្នុង​នោះ​មាន​កីឡាការិនី​ចំនួន ៤ នាក់ និង​បម្រុង ២ នាក់ និង​កីឡាករ​ចំនួន ៦ នាក់ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​បង្ហាញ​ឈ្មោះ​អ្នក​ទាំងនោះ ដោយ​ហេតុនេះ សហព័ន្ធ​កំពុង​រង់ចាំ​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា សិន។ លោក​បន្ថែម​ថា៖ «យើង​មាន​ទីតាំង និង​សម្ភារ​ហ្វឹកហាត់​ល្អ គឺ​នៅ​ក្នុង​ស្តាត​ចាស់​តែ​ម្តង ប៉ុន្តែ​ដោយ​បញ្ហា​កូវីដ ១៩ ផ្ទុះ​ជា​ថ្មី យើង​ផ្អាក​សិន»។

យ៉ាង​ណា​ក៏ដោយ កីឡាការិនី​ឆ្នើម​ជម្រើសជាតិ​ប្រដាល់​សកល នៅ ស្រីពៅ បាន​សម្រេច​ចិត្ត​ឈប់​ពី​ប្រដាល់​សកល​ទៅ​ហាត់​ឃិកបុកស៊ិង​វិញ​ហើយ ដោយ​សង្ឃឹម​ថា អាច​ទទួល​បាន​ជ័យជម្នះ​នៅ​លើ​ឆាក​អន្តរជាតិ។ កីឡាការិនី​ធ្លាប់​វាយ​ដាក់​ទ្រុង នៅ ស្រីពៅ បាន​ប្រាប់​ថា៖ «ខ្ញុំ​បាន​ជាប់​ជា​ជម្រើស​ជាតិ​ប្រដាល់​សកល​ចំនួន ៣ ឆ្នាំ ប៉ុន្តែ​ពេល​នេះ ខ្ញុំ​សម្រេចចិត្ត​ចូល​ហាត់​កីឡា​ឃិកបុកស៊ិង​វិញ ដោយ​មើល​ឃើញ​ថា មាន​លទ្ធភាព​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​បាន។ ខ្ញុំ​ធ្លាប់​វ៉ៃ​ក្នុង​កីឡា​ប្រយុទ្ធ​មាន​ចេញ​ដៃ ចេញ​ជើង អ៊ីចឹង​សង្ឃឹម​ថា ល្អ​ជាង​ប្រដាល់​សកល ហើយ​ខ្ញុំ​បាន​សុំ​ទៅ​មេ គឺ​គាត់​បាន​អនុញ្ញាត​រួច​ហើយ»។

ចំណែក​លោក តែម ម៉ឺន ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង​ជា​ប្រធានកិត្តិយស​សហព័ន្ធ​កីឡា​ប្រដាល់​ឃិកបុកស៊ិង​កម្ពុជា​បាន​ប្រាប់​ថា៖ «កន្លង​មក​កីឡា Kick Boxing ត្រូវបាន​ក្រសួង​អប់រំ ដាក់​ឱ្យ​នៅ​ក្នុង​ប្រដាល់​គុន​ខ្មែរ ដោយ​មាន​ខ្ញុំ​ជា​អ្នក​គ្រប់គ្រង ហើយ​ពេល​ចេញ​ទៅ​ស៊ីហ្គេម កាល​ពី​ឆ្នាំ ២០១៩ នៅ​ប្រទេស​ហ្វីលីពីន យើង​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​ច្រើន ហើយ​ពេល​នេះ ទោះ​មាន​សហព័ន្ធ​ផ្សេង​គ្នា ប៉ុន្តែ​យើង​នៅ​តែ​សហការ​គ្នា ព្រោះ​របៀប​ប្រកួត​ក្តី ធនធាន​កីឡាករ​ក្តី គ្រូបង្វឹក​ក្តី មាន​ប្រភព​ចេញ​ពី​ប្រដាល់​គុន​ខ្មែរ គ្រាន់​តែ​ក្បាច់​ប្រកួត​ខុសគ្នា​បន្តិច​បន្តួច​ប៉ុណ្ណោះ»៕