ភ្នំពេញ៖ កីឡាករ​ជើង​ខ្លាំង ឃីម ឌីម៉ា (ឈ្មោះ​ក្នុង​បញ្ជី​ជាតិ ឃុន ឌីម៉ា) ដែល​ជា​អ្នក​បង្កើត​ប្រវត្តិសាស្រ្ត​ឲ្យ​គុន​ខ្មែរ ​ឈ្នះ​បាន​មេដាយ​មាស​ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ ​២០១៧ នៅ​​ម៉ាឡេស៊ី​នោះ បាន​ចាប់​ផ្តើម​ហ្វឹកហាត់​ជា​បណ្តើរៗ​វិញ​ហើយ ទាំង​របួស​វះកាត់ ​មិន​ទាន់​បាន​ជា​សះស្បើយ​ ​១០០ ​ភាគរយ ហើយ​ការ​វិល​មក​កាន់​ទីលាន​ហ្វឹកហាត់​នេះ ក៏​ព្រោះ​តែ ឌីម៉ា បាន​​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ជា​ថ្មី​ក្នុង​ឆ្នាំ ​២០២០ នេះ។

អ្នក​ប្រយុទ្ធ​មាន​រហស្សនាម នាគ​ខ្មៅ ឃីម ឌីម៉ា​ ត្រូវ​បាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ប្រកាស​ឲ្យ​ជាប់​ជម្រើស​ជាតិ​ កាល​ពី​ចុង​ខែ​មិថុនា​ ក្នុង​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម ជំនួស​កន្លែង​កីឡាករ ​សែម ​ណាង ​(ឡុង ​សំណាង​)​ បន្ទាប់​ពី​ ឌីម៉ា បាន​ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​ជាង ​១ ឆ្នាំ ក្រោយ​​មាន​របួស​ធ្ងន់ធ្ងរ ត្រូវ​វះ​កាត់​នោះ។

ឃីម ឌីម៉ា មាន​កម្រិត​វប្បធម៌​បរិញ្ញាបត្រ​ច្បាប់​ពី​សាកល​វិទ្យាល័យ​បៀលប្រាយ​ និង​បាន​ប្រឡង​ជាប់​ក្របខ័ណ្ឌ​ជា​កង​រាជ​អាវុធ​ហត្ថ​ នៅ​​ខេត្ត​បន្ទាយមានជ័យ​ ហើយ​បច្ចុប្បន្ន​​បម្រើ​​ការ​នៅ​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​។​ ស្នាដៃ​ក្នុង​អាជីព​ប្រដាល់​ ​ឌីម៉ា ​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ចំនួន ៤ ​ព្រម​ទាំង​​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ ១ និង​ឯកជន ​១។

អ្វី​ដែល​កាន់​តែ​អស្ចារ្យ​បំផុត​នោះ​ គឺ ឃីម ឌីម៉ា បាន​ឈ្នះ​​​មេ​ដាយមាស​ស៊ីហ្គេម ឆ្នាំ ​២០១៧ ​នៅ​ម៉ាឡេស៊ី ហើយ​​បច្ចុប្បន្ន​មេដាយ​មាស​នោះ​ ត្រូវ​បាន​យក​មក​តម្កល់​ទុក​ក្នុង​សាលវប្បធម៌​កីឡា​នៃ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា ដើម្បី​ទុក​ជា​និមិត្ត​រូប​សម្រាប់​កីឡាករ​ជំនាន់​ក្រោយ​។

យ៉ាងណា​មិញ សម្រាប់​ការ​ជាប់​ជា​ជម្រើស​ជាតិ​ជា​ថ្មី ឃីម ឌីម៉ា​ និយាយ​ថា​៖ ​«ឆ្នាំ​នេះ​ខ្ញុំ​ជាប់​ជម្រើស​ជាតិ​បន្ត ហើយ​​អ្វីៗ​ដែល​ខ្ញុំ​ទទួល​បាន​មក​ដល់​ពេល​នេះ គឺ​ដោយសារ​លោក​ឪពុក​ខ្ញុំ​ បាន​បណ្តុះ​បណ្តាល ​ខណៈ​បច្ចុប្បន្ន​មាន​អ៊ំ​ តែម​ ម៉ឺន​ និង​មេ​របស់ខ្ញុំ​ លោក​ រ័ត្ន ​ស្រេង​ តែង​តែ​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​លើក​ទឹក​ចិត្ត ​និង​ទំនុក​បម្រុង​ដល់​ខ្ញុំ​ជា​ប្រចាំ​»។​

ម្ចាស់​មេដាយ​មាស​រូប​នេះ បាន​​បន្ត​ថា «​របួស​ខ្ញុំ​បាន​ជា​សះស្បើយ ​៩០ ភាគរយ ​មិន​ទាន់​ធានា​ប្រកួត​បាន​នៅ​ឡើយ​ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ហាត់​បណ្តើរៗ​ ដោយ​រំពឹង​ថា ​ប៉ុន្មាន​ខែ​ខាង​មុខ​នឹង​ជា​សះស្បើយ​អាច​នឹង​ប្រកួត​បាន​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​»។

តាម​លោក ​ហេង ​ប៊ុនឃីម ​​ជា​គ្រូ​បង្វឹក និង​ជាឪពុក បាន​រៀបរាប់​ឲ្យ​ដឹង​​ថា ឃីម ​ឌីម៉ា​ បាន​ចាប់​ផ្តើម​ចេញ​ប្រឡុក​ក្នុង​អាជីព​ប្រដាល់​នៅ​តាម​ជាយ​ដែន​ ចាប់​តាំង​ពី​រូប​គេ​មាន​វ័យ ​១២ ឆ្នាំ ហើយ​​លុះ​ដល់​វ័យ ​១៦ ឆ្នាំ ​ឃីម ឌីម៉ា ​ចាប់​ផ្តើម​ឈាន​ជើង​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ទឹក​ដី​​ប្រទេស​ថៃ ​ខណៈ​ពេល​នោះ​ កេរ្តិ៍​ឈ្មោះ​របស់ ឌីម៉ា​ ពុំទាន់​ល្បី​សុះសាយ​ដល់​រាជធានី​ភ្នំពេញ​នៅ​ឡើយ​ទេ​។

ក្រោយ​ចាប់​ផ្តើម​ឈាន​ជើង​ចូល​ប្រឡូក​នៅ​សង្វៀន​ក្នុង​រាជធានី​ភ្នំពេញ ឃីម ឌីម៉ា ​បាន​ត្រឹម​ជា​គូ​ប្រកួត​បើក​ឆាក​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥​ ប៉ុន្តែ​​ក្រោយ​មក ឌីម៉ា ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍​​ក្នុង​ស្រុក​ចាប់​គូ​ឲ្យ​ប្រកួត​ជា​បន្តបន្ទាប់​ រហូត​​ដណ្តើម​បាន​​ខ្សែ​ក្រវាត់​ជា​ច្រើន​យក​មក​គ្រប់គ្រង ព្រម​ទាំង​ឈ្នះ​​មេដាយ​មាស​ថ្នាក់​ជាតិ។ អ្វី​កាន់​តែ​អស្ចារ្យ​នោះ ឌីម៉ា បាន​ឈ្នះ​​មេដាយ​មាស​ស៊ីហ្គេម ​នៅ​​ប្រទេស​ម៉ាឡេស៊ី​ មក​​ជូន​កម្ពុជា ដែល​​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​គេ មាន​ភាព​ល្បី​រន្ទឺ​ពេញ​ប្រទេស​កម្ពុជា​ នៅ​ចុង​ឆ្នាំ ២០១៧​។

ដោយសា​តែ​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​នេះ​ ឃីម ឌីម៉ា ​ក្នុង​ឆ្នាំ ២០១៨ អាច​រក​ប្រាក់​ចំណូល​បាន​ជាង ​១ ពាន់​ដុល្លារ​ ​ក្នុង ១ ខែៗ ពី​ការ​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​ ដោយ​រូប​គេ​ជួប​ដៃគូ​មក​ពី​ក្រៅ​ប្រទេស​ ហើយ​​គិត​មក​ដល់​បច្ចុប្បន្ន​ ឌីម៉ា​ មាន​ប្រពន្ធ​ និង​ទិញ​ផ្ទះ​នៅ​ក្រុង​​ភ្នំពេញ​បាន​សមរម្យ​៕