ភ្នំពេញ៖ គ្រូប្រដាល់នៅជាយដែនខេត្តបន្ទាយមានជ័យ លោក ហេង ប៊ុនឃីម ហាក់បានផ្តល់ទំនុកចិត្តតិចទៅលើកូនប្រុសរបស់លោក ឃីម បូរ៉ា ក្នុងការឈ្នះខ្សែក្រវាត់ជាលើកដំបូងនៅក្នុងអាជីព ខណៈ បូរ៉ា ត្រូវប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ និងប្រាក់រង្វាន់ ៦ ០០០ ដុល្លារ ក្នុងព្រឹត្តិការណ៍ «កម្ពុជាសង្វៀនគុនខ្មែរ» ជាមួយ តាញ់ មករា នៅលើសង្វៀន CNC ព្រឹកថ្ងៃសៅរ៍នេះ។
យ៉ាងណាក៏ដោយ លោក ហេង ប៊ុនឃីម ដែលភ្នំពេញប៉ុស្តិ៍ធ្លាប់សម្ភាសញឹកញាប់នោះ គឺតែងនិយាយត្អូញត្អែរមុនប្រកួត ដោយភាគច្រើនសង្ឃឹមឈ្នះតិច ប៉ុន្តែការប្រកួតជាក់ស្តែងវិញ គឺតែងតែល្អជាងគាត់អះអាង។ ចំណែកការប្រកួតលើកនេះ វាសំខាន់បំផុត ចំពោះ ឃីម បូរ៉ា ក្នុងការស្វែងរកឱកាសខ្សែក្រវាត់ជាលើកដំបូង ព្រោះក្នុងរយៈពេលជាង ១០ ឆ្នាំនេះ បូរ៉ា បានត្រឹមចំណាត់ថ្នាក់លេខ ២ ឬជើងឯករងប៉ុណ្ណោះ។
តាមកំណត់ត្រានៃការប្រកួតរបស់ ឃីម បូរ៉ា រូបគេបានឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ធំៗចំនួន ៥ លើក ប៉ុន្តែបានបរាជ័យទាំង ៥ លើក ក្នុងនោះ បូរ៉ា ធ្លាប់បានចាញ់កីឡាករ ឆាំ រ៉ែន នៅ CNC, ចាញ់ សារឹម ង៉ា នៅ SEATV, ចាញ់ ម៉ន សាម៉េត នៅ SEATV, ចាញ់ ឡុងសំណាង នៅប៉ុស្តិ៍លេខ ៥ និងចាញ់ សៀវ ង៉ុយ នៅសង្វៀនអប្សរា។
ប៉ុន្តែកាល ២ សប្តាហ៍មុន ក្នុងឆ្នាំ ២០២០ នេះ ឃីម បូរ៉ា ត្រូវបានគេមើលឃើញថា ប្រកួតបានល្អបំផុតដោយឈ្នះពិន្ទុលើ ឈុតសេរី វ៉ាន់ថង ជាឯកច្ឆន្ទ ដើម្បីក្លាយជាម្ចាស់ជើងឯកប្រចាំក្រុម ២។ ចំណែក តាញ់ មករា បានផ្តួលកីឡាករ បាំង កាយ៉ាក ឲ្យសន្លប់នៅទឹកទី ២ ក្នុងការប្រកួតផ្តាច់ព្រ័ត្រប្រចាំក្រុម ១។
លោក ហេង ប៊ុនឃីម បានប្រាប់ពីមូលហេតុសំខាន់នាំលោកសង្ឃឹមលើ ឃីម បូរ៉ា តិចថា៖ «យើងខ្សែតូច គ្មានបក្ខពួកអ្វីទេ គឺប្រកួតតាមសមត្ថភាព ហើយដូចលោកឃើញកន្លងមកហើយ បូរ៉ា ចូលដល់វគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតធំៗចំនួន ៥ លើក តែមិនដែលបានឈ្នះម្តងណាទេ ហើយរូបគេក៏ធ្លាប់ទទួលរងភាពអយុត្តិធម៌មិនតិចនោះដែរ ព្រោះសូម្បីគ្រូជម្រើសជាតិខ្លះ ក៏ដាក់ពិន្ទុកំហុស និងជាប់ពិន័យផងដែរ។ មូលហេតុទាំងនេះហើយបានជាខ្ញុំសង្ឃឹមឈ្នះតិចនោះ»។
ផ្ទុយពីនេះ ឃីម បូរ៉ា ផ្ទាល់មានទំនុកចិត្តថា នឹងឈ្នះ។ ប្អូនប្រុសម្ចាស់មេដាយមាស ឃីម ឌីម៉ា រូបនេះនិយាយថា៖ «ចាប់តាំងពីចាប់អាជីពប្រដាល់មក គឺខ្ញុំប្រកួតមិនដែលធ្វើពុត ឬទទួលសំណូកទេ ហើយការប្រកួតលើកនេះធានាវ៉ៃអស់ពីសមត្ថភាព រីឯរឿងគេឲ្យឈ្នះ ឬចាញ់ គឺនៅលើចៅក្រម និងគណៈកម្មការ ប៉ុន្តែសម្រាប់ខ្ញុំគិតថា នឹងឈ្នះ»។
ដោយឡែក លោក ធន់ សុភា គ្រូបង្វឹក តាញ់ មករា គឺមានរំពឹងខ្ពស់លើកូនសិស្សរបស់លោក ដោយនិយាយថា៖ «តាញ់ មករា ហ្វឹកហាត់ត្រៀមបានល្អ ហើយខ្ញុំមានទំនុកចិត្តឈ្នះ ៨០ ភាគរយ ដោយកម្លាំងល្អជាង ចូលវាយសម្រុកចិត្តធំជាង ហើយនៅក្នុងអំឡុងប្រកួតកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរនេះ មករា ធ្លាប់ឈ្នះថៃ ២ នាក់ និងចុងក្រោយឈ្នះ បាំង កាយ៉ាក»។
ជាមួយគ្នានេះ ប្រភពពីអ្នកវិភាគក្រៅផ្លូវការគេហ៊ានទស្សន៍ទាយមុនថា ក្នុងករណីការប្រកួតមានលក្ខណៈប្រហាក់ប្រហែលគ្នា ឬចាញ់ឈ្នះមិនដាច់នោះ គឺជ័យជម្នះនឹងបានទៅលើ តាញ់ មករា ព្រោះមានខ្សែ និងបក្ខពួកធំជាង ឃីម បូរ៉ា។
លោក ឃ្លី កាអិត អ្នកតាមដាន និងភ្នាល់ប្រដាល់នៅខេត្តនិយាយថា៖ «គូនេះគេហ៊ានយក តាញ់ មករា តឲ្យ បូរ៉ា ១០ ស៊ី ៦ ហើយការភ្នាល់លុយ គេមិនវិភាគលើក្បាច់គុនប៉ុន្មានទេ គឺគេគិតពីខ្សែ និងបក្ខពួករបស់ក្លិប និងកីឡាករ ហើយប្រភពពីទីផ្សារងងឹតចេញពីមន្ត្រីខិលខូចចាស់វស្សាដុះស្លែ ក្នុងសហព័ន្ធតែម្តង ដែលជាអ្នកទម្លាយការសន្និដ្ឋានជាព័ត៌មានអាថ៌កំបាំងនៃការឈ្នះចាញ់ជាមុននេះ ហើយលទ្ធផលភាគច្រើន ទៅតាមនោះរាល់លើក»៕