ភ្នំពេញ៖ កីឡាករមកពីខេត្តបន្ទាយមានជ័យ ឃីម បូរ៉ា ដែលឆ្លងកាត់អាជីពជាអ្នកប្រដាល់លើសង្វៀនអស់រយៈពេល ១៤ ឆ្នាំនោះ ទើបរកឃើញនូវជ័យជម្នះដ៏ធំចំពោះខ្លួនឯង គឺការក្លាយជាម្ចាស់ខ្សែក្រវាត់ទម្ងន់ ៦០ គ.ក្រ អមជាមួយប្រាក់រង្វាន់ ២៤ លានរៀល បន្ទាប់ពីចៅក្រមបានផ្តល់ពិន្ទុឲ្យរូបគេឈ្នះ តាញ់ មករា នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រនៅលើសង្វៀន CNC កាលពីថ្ងៃសៅរ៍។
ឃីម បូរ៉ា ដែលបានហែលឆ្លងខ្សែជីវិតជាអ្នកប្រដាល់តាំងពីអាយុ ១០ ឆ្នាំនោះ ធ្លាប់បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រចំនួន ៥ លើក ប៉ុន្តែត្រូវបរាជ័យ។ យ៉ាងណាក៏ដោយ ការប្រកួតផ្តាច់ព្រ័ត្រជាលើកទី ៦ នេះ ឃីម បូរ៉ា បានរកឃើញជ័យជម្នះរបស់ខ្លួនហើយ ហើយក្រោយពីប្រកាសលទ្ធផលភ្លាមៗ លោក ហេង ប៊ុនឃីម ជាឪពុក និងជាគ្រូបង្វឹកបានស្ទុះទៅឱបលើកព ឃីម បូរ៉ា នៅលើសង្វៀន សម្តែងពីការរំភើប ខណៈមុនការប្រកួតលោករំពឹងឈ្នះតិចបំផុត។
នៅក្នុងជំនួបប្រកួតដែលទាក់ទាញបំផុតនោះ តាញ់ មករា ព្យាយាមវាយប្រហារដោយទាត់ជើងក្រោមបំបែកល្វែងក្រោម តែមិនអាចផ្តួលបាន ចំណែក ឃីម បូរ៉ា ព្យាយាមចូលបោះជង្គង់ កែង និងកណ្តាប់ដៃបានល្អ ហើយត្រូវបានប្រកាសឲ្យឈ្នះជាឯកច្ឆន្ទ ៥-០ តែលទ្ធផលនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនខាង តាញ់ មករា មិនអស់ចិត្ត និងនាំគ្នារអ៊ូក្រៅផ្លូវការ។
លោក ធន់ សុភា ដែលជាគ្រូបង្វឹក តាញ់ មករា ដែលមានវត្តមានឲ្យទឹកផ្ទាល់លើសង្វៀនបាននិយាយថា៖ «គ្មានការតវ៉ាពីលទ្ធផលនេះទេ។ ចាញ់ ឬឈ្នះ ជាសិទ្ធិរបស់ចៅក្រមគណៈកម្មការ ព្រោះពិន្ទុ ៥ ទល់ ០ ហើយខ្ញុំគិតថា កូនសិស្សរបស់ខ្ញុំ និងខ្លួនខ្ញុំ ដូចជាមិនអស់ចិត្ត»។
ជាមួយគ្នានោះ តាញ់ មករា ដែលបានប្រាក់រង្វាន់ ១២ លានរៀល បានសម្តែងកាយវិការសោកស្តាយ និងមិនអស់ចិត្ត ប៉ុន្តែបានទទួលស្គាល់ពីលទ្ធផលជាផ្លូវការ ដោយអះអាងថា ទទួលស្គាល់លទ្ធផលនេះ។
ចំណែកលោក ហេង ប៊ុនឃីម បាននិយាយក្រោយប្រកួតថា៖ «លទ្ធផលនេះ ឈ្នះមិនដាច់ ហើយពិន្ទុពីចៅក្រមដោយឯកច្ឆន្ទ វាជាសិទ្ធិសម្រេចរបស់គេ។ វ៉ៃប៉ុណ្ណឹង បើ បូរ៉ា ចាញ់ ក៏ខ្ញុំគ្មានអ្វីតវ៉ានោះដែរ គឺខ្ញុំគោរពតាមបច្ចេកទេសសហព័ន្ធ ព្រោះមុនប្រកាសលទ្ធផល ខ្ញុំក៏មិនទាន់ទុកចិត្ត ឬប្រាកដថា បូរ៉ា ឈ្នះដែរ ហើយលទ្ធផលប្រហាក់ប្រហែលបែបនេះ កន្លងមកខ្ញុំគ្មានសង្ឃឹមឈ្នះឡើយ តែពេលនេះមិនដូចមុន»។
ចំណែក ឃីម បូរ៉ា បាននិយាយថា៖ «ខ្ញុំរំពឹងឈ្នះតាំងពីមុនពេលប្រកាស ព្រោះខ្ញុំវាយចេញផ្នែកកែង និងកណ្តាប់ដៃចូលច្រើន។ ខ្ញុំមិនមែនថា តាញ់ មករា ខ្សោយទេ គឺគាត់ខ្លាំង ព្រោះទម្ងន់ជើងរបស់គាត់ ទាត់មកលើខ្ញុំម្តងៗឈឺលំបាកទ្រាំ»។
នៅពេលសួរថា ក្រោយឈ្នះខ្សែក្រវាត់នេះ បូរ៉ា មានគម្រោងសម្រាកខ្លះឬយ៉ាងណា? ឃីម បូរ៉ា បានឆ្លើយតបថា៖ «តាមពិតចង់សម្រាក ព្រោះសុខភាពខ្ញុំ មិនសូវល្អបរិបូរណ៍ទេ ប៉ុន្តែលោកប៉ា និងខ្ញុំ បានជាប់កិច្ចសន្យា ២ ប្រកួតទៀត គឺចុងខែមិថុនា នៅសង្វៀន PNN និងដើមខែកក្កដា នៅសង្វៀនថោន Mas Fight Cambodia»។
ចំណែកលោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបាននិយាយថា៖ «យើងប្រជុំបច្ចេកទេស និងបន្ថែមការអប់រំណែនាំជាប្រចាំដល់មន្ត្រីចៅក្រម ឲ្យផ្តល់ពិន្ទុមានភាពសុក្រឹតយុត្តិធម៌ទទួលយកបាន គឺអ្នកឈ្នះ ឈ្នះដោយកិត្តិយស និងអ្នកចាញ់ ចាញ់ដោយអស់ចិត្ត ព្រោះការងារបច្ចេកទេសកាត់ក្តីឈ្នះ ឬចាញ់នេះ គឺនៅទូទាំងពិភពលោក មិនងាយត្រូវចិត្តភាគីទាំងសងខាងនោះទេ គឺលើកលែងតែឈ្នះ ដោយផ្តួលដៃគូឲ្យសន្លប់ទើបគ្មានការរិះគន់»៕