The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឃីម បូរ៉ា និង វ៉ាន់ថង សុទ្ធ​តែ​ប្តេជ្ញា​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ជម្រះ​បញ្ជី​ចាស់

ឃីម បូរ៉ា និង វ៉ាន់ថង សុទ្ធ​តែ​ប្តេជ្ញា​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ជម្រះ​បញ្ជី​ចាស់

Content image - Phnom Penh Post
ឈុតសេរី វ៉ាន់ថង ត្រូវ​ប្រកួតជម្រះ​បញ្ជីជាមួយ ឃីម បូរ៉ា​​។ រូប សហ​ការី

ឃីម បូរ៉ា និង វ៉ាន់ថង សុទ្ធ​តែ​ប្តេជ្ញា​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ជម្រះ​បញ្ជី​ចាស់

ភ្នំពេញ៖ កីឡាករ​ជើង​ខ្លាំង​ប្រចាំ​នៅ​ខេត្ត​បាត់ដំបង ឈុតសេរី វ៉ាន់ថង និង​អ្នក​ល្បី​ឈ្មោះ​នៅ​ខេត្ត​បន្ទាយមានជ័យ ឃីម បូរ៉ា បាន​ប្តេជ្ញា​ថា នឹង​បញ្ចេញ​ឲ្យ​អស់​ពី​សមត្ថភាព​នូវ​អ្វី​ដែល​ពួក​គេ​មាន ដើម្បី​ជម្រះ​បញ្ជី​ចាស់​គ្នា សម្រាប់​ការ​ប្រកួត​មិត្តភាព គ្មាន​អ្នក​ទស្សនា​នៅ​លើ​សង្វៀន PNN នា​រសៀល​ថ្ងៃ​អាទិត្យ​នេះ។

ប្រវត្តិ​ជួប​គ្នា ​២ ​លើក​របស់​ពួក​គេ សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ប៉ុន្តែ​ការ​ឈ្នះ​គ្នា​ម្តង​ម្នាក់ សម្រាប់​ការ​ប្រកួត​នៅ​លើ​សង្វៀន CNC ក្នុង​រដូវ​កាល​ប្រកួត​បិទ​ទ្វារ ដោយសារ​វិបត្តិ​កូវីដ ​១៩ ​នេះ ​វា​នៅ​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា រវាង ឃីម បូរ៉ា និង ឈុតសេរី វ៉ាន់ថង តើ​អ្នក​ណា​ជា​ជើង​ខ្លាំង​ឲ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ហេតុ​នេះ​ការ​ជួប​គ្នា​លើក​នេះ វា​នឹង​ក្លាយ​ជា​ពេល​វេលា​ដ៏​សំខាន់ ដែល​អ្នក​ទាំង ២ ត្រូវ​ជម្រះ​ភាព​មន្ទិល​មួយ​នេះ​​ហើយ។

សម្រាប់​ការ​ជួប​គ្នា​លើក​នេះ ឈុតសេរី វ៉ាន់ថង បាន​និយាយ​ថា៖ ​«ខ្ញុំ​បាន​ត្រៀម​រួច​រាល់​អស់​ហើយ សម្រាប់​ការ​ប្រកួត​ជាមួយ ឃីម បូរ៉ា នៅ​ថ្ងៃ​អាទិត្យ​នេះ គឺ​ខ្ញុំ​បាន​ត្រៀម​ទាំង​ស្នៀត​ប្រយុទ្ធ និងស៊ុហ្វ ព្រោះ ឃីម បូរ៉ា ជា​កីឡាករ​ដ៏​ខ្លាំង ជា​ពិសេស​គាត់​ទើប​តែ​ឡើង​ជើង​ថ្មីៗ​នេះ ​ហើយ​ស្នៀត​របស់​គាត់ មិន​ថា កែង ជង្គង់ ធាក់ ទាត់ និង​ម៉ាត់ គឺ​គាត់ ចេញ​បាន​លឿន​ទាំង​អស់»។

គួររំឭក​ថា ឈុតសេរី វ៉ាន់ថង ​ត្រូវ​បាន​ប្រកាស​ឲ្យ​ឈ្នះ ឃីម បូរ៉ា ក្នុង​ការ​ប្រកួត​ដណ្តើម​​ប្រាក់​លាន​នៅ​សង្វៀន CNC កាល​ពី​ថ្ងៃទី ​២ ខែឧសភា ប៉ុន្តែ​ការ​សម្រេច​ឲ្យ វ៉ាន់ថង ក្លាយ ជា​ម្ចាស់​ប្រាក់លាន​នោះ បាន​ធ្វើ​ឲ្យ​លោក ហេង ប៊ុនឃីម ជា​ឪពុក និងជា​គ្រូ​បង្វឹក ឃីម បូរ៉ា មាន​ការ​ខឹង​សម្បា​ខ្លាំង និង​បាន​ប្តឹង​ក្រៅ​ផ្លូវការ​ទៅ​កាន់​​ប្រធាន​គណៈវិនិច្ឆ័យ​ផង​ដែរ ព្រោះ​លោក​មើល​ឃើញ​ថា ការ​កាត់​សេចក្តី​នោះ វា​ផ្ទុយ​ទៅ​នឹង​​ការ​ប្រកួត​ជាក់​ស្តែង។

យ៉ាង​ណា​ក៏​ដោយ ការ​ជួប​គ្នា​លើក​ទី ​២ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ប្រចាំ​ក្រុម ​B នៃ​កម្មវិធី​កម្ពុជា​សង្វៀន​គុន​ខ្មែរ​កាល​ពី​ថ្ងៃទី ​៣០ ខែឧសភា ​វ៉ាន់ថង បាន​ជួប​ភាព​សោកសៅ​វិញ ក្រោយ​ចៅក្រម​បាន​ផ្តល់​ពិន្ទុ​ឲ្យ​ចាញ់ ឃីម បូរ៉ា ជា​ឯកច្ឆន្ទ តែ វ៉ាន់ថង បាន​ទទួល​ស្គាល់​ចំពោះ​ការ​ចាញ់​នោះ ហើយ​ក្រោយ​ពី​ការ​ឈ្នះ​នោះ ឃីម បូរ៉ា បាន​បន្ត​ទៅ​យក​ឈ្នះ​លើ តាញ់ មករា ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ ទម្ងន់ ​៦០ ​គីឡូក្រាម​នោះ អម​នឹង​ប្រាក់​រង្វាន់ ​៦ ០០០ ​ដុល្លារ។

វ៉ាន់ថង បាន​បន្ថែម​ថា៖ ​«ខ្ញុំ​ធ្លាប់​បាន​ឈ្នះ​គាត់ សម្រាប់​​ការ​ជួប​គ្នា​លើក​ទី ​១ តែ​បាន​បរាជ័យ​វិញ ក្នុង​ជំនួប​លើក​ទី ​២ វិញ ចំណែក​ការ​ជួប​គ្នា​លើក​ទី ​៣ ​នេះ នៅ​មិន​ទាន់​ដឹង​ថា យ៉ាង​ម៉េច​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ខិតខំ​ព្យាយាម​អស់​ពី​សមត្ថភាព មិន​ថា ចាញ់ ឬ​ឈ្នះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព។ ខ្ញុំ​តាំង​ចិត្ត​ថា ធ្វើ​ឲ្យ​បាន​ល្អ និង​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព ចំណែក​ការ​ទទួល​បាន​ជ័យជម្នះ ​ឬ​យ៉ាង​ណា​នោះ ខ្ញុំ​មិន​ទាន់​ហ៊ាន​រំពឹង​ទុក​មុន​ទេ ប៉ុន្តែ​សមត្ថភាព​ដែល​ខ្ញុំ​មាន​ទាំង​ប៉ុន្មាន ខ្ញុំ​នឹង​បញ្ចេញ​ឲ្យ​អស់​នៅ​លើ​សង្វៀន គឺ​មិន​ឲ្យ​ពុក​ម៉ែ​បងប្អូន​ខក​បំណង​ឡើយ»។

ចំណែក ឃីម បូរ៉ា បាន​និយាយ​ថា៖​ «ការ​ជួប​ ឈុតសេរី វ៉ាន់ថង នៅ​សប្តាហ៍​នេះ ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ ហើយ​ខ្ញុំ​ក៏​បាន​ដឹង​ពី​អាវុធ​ដ៏​គ្រោះ​ថ្នាក់​របស់​គេ​ផង​ដែរ គឺ​ទាត់​ក្រោម។ យ៉ាង​ណា​ក៏​ដោយ ការ​សង្ឃឹម​ទទួល​បាន​លទ្ធផល​យ៉ាង​ណា​នោះ​ ខ្ញុំ​មិន​ទាន់​ហ៊ាន​និយាយ​ទុក​មុន​ទេ គឺ​ចាំ​ដល់​ប្រកួត​លើ​​សង្វៀន​តែ​ម្តង ទើប​ដឹង​ច្បាស់ ប៉ុន្តែ​ខ្ញុំ​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព»៕

អត្ថបទគួរចាប់អារម្មណ៍