ភ្នំពេញ៖ ​អ្នក​​ប្រដាល់​មក​ពី​ជាយ​ដែន​ខេត្ត​បន្ទាយមានជ័យ ឃីម បូរ៉ា បាន​រក​ឃើញ​នូវ​ជ័យជម្នះ​យ៉ាង​សំខាន់​មួយ​ទៀត គឺ​ការ​ដណ្តើម​បាន​ខ្សែ​ក្រវាត់​គោជល់​ទម្ងន់ ​៦០ ​គីឡូក្រាម អម​ជាមួយ​​​ប្រាក់​​​រង្វាន់​ចំនួន ៥ ០០០ ដុល្លារ បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​លើ​អ្នក​ប្រយុទ្ធ ម៉ឺន មេឃា ក្នុង​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​លើ​សង្វៀន CNC។

តាមរយៈ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ចំនួន ​៥ ​ទឹក​ពេញ កាល​ពី​យប់​ថ្ងៃ​សៅរ៍​នោះ ឃីម បូរ៉ា ​ត្រូវ​បាន​ចៅក្រម​ទាំង ​៥ ​នាក់ ផ្តល់​ពិន្ទុ​ឱ្យ​ឈ្នះ ម៉ឺន មេឃា ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ ៤-១ ហើយ​ជ័យជម្នះ​នេះ វា​ជា​ពេល​ដែល​រូប​គេ​ទទួល​បាន​ខ្សែ​ក្រវាត់​ដ៏​ថ្មី​សន្លាង​មួយ​ទៀត អម​ជាមួយ​​ប្រាក់​រង្វាន់ ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​គ្រួសារ ដែល បូរ៉ា អះអាង​ថា មាន​ភាព​ល្អ​ប្រសើរ ដោយសារ​តែ​ការ​ឡើង​ប្រដាល់។

ឃីម​ បូរ៉ា​ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ ​«​គិត​មក​ដល់​ពេល​នេះ ​ខ្ញុំ​ទើប​តែ​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ចំនួន ​២ ​​ប៉ុណ្ណោះ​ ​គឺ​ខ្សែ​ក្រវាត់​ស្រាបៀរ​កម្ពុជា ​និង​​ខ្សែ​ក្រវាត់​គោល​ជល់​នេះ ក្នុង​ទម្ងន់ ​៦០ ​គ.ក្រ​ដូច​គ្នា ​តែ​នេះ​ខ្ញុំ​នៅ​មិន​ទាន់​គិត​ពី​ការ​​ឈ្នះ​ពាន ​ឬ​ប្រាក់​រង្វាន់​ផ្សេងៗ​​នោះ​ទេ»។

បូរ៉ា បន្ថែម​ថា៖​ «​ចំពោះ​ប្រាក់​រង្វាន់ ​៥ ០០០ ​ដុល្លារ ​ដែល​ទទួល​បាន​ពេល​នេះ​ ខ្ញុំ​នឹង​យក​មក​​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ​ខ្ញុំ ​ព្រោះ​ខ្ញុំ​មាន​ប្រពន្ធ ​និង​កូន​ប្រុស​អាយុ ​៤ ឆ្នាំ​ ហើយ​ពេល​នេះ ​​​ប្រពន្ធ​ខ្ញុំ​ក៏​កំពុង​មាន​ទម្ងន់​ទៀត អ៊ីចឹង​តាមរយ​មុខ​របរ​ប្រដាល់ ខ្ញុំ​កសាង​បាន​​គ្រួសារ​មួយ ដែល​​មាន​ដី ​មាន​ផ្ទះ ​មាន​ម៉ូតូ ​និង​រថយន្ត​ប្រើប្រាស់​ ព្រម​ទាំង​មាន​ជីវភាព​ល្អ​ប្រសើរ​មិន​ជំពាក់​គេ​នោះ​ទេ។ ហេតុ​នេះ​​សម្រាប់​កម្មវិធី​ខាង​មុខ ​ខ្ញុំ​នៅ​តែ​ត្រៀម​ហ្វឹកហាត់​ឱ្យ​ល្អ ដើម្បី​ប្រកួត​តាម​កម្មវិធី ​ដែល​លោក​ឪពុក​ខ្ញុំ​បាន​រៀបចំ​ឱ្យ»។

នៅ​ក្នុង​ត្រកូល «​ឃីម» ​ដែល​មាន​លោក​ ហេង ប៊ុនឃីម ជា​ឪពុក ​និង​​ជា​គ្រូ​បង្វឹក​ផ្ទាល់ ​ឃីម បូរ៉ា ជា​កូន​ប្រុស​ទី​២ នៅ​ក្នុង​ចំណោម​បងប្អូន​ប្រុស​ ២ នាក់​ទៀត គឺ​ប្រុស​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឃីម ឌីម៉ា និង​ប្អូន​ប្រុស ឃីម ឌីម៉ៃ ដែល​បាន​ចាប់​យក​អាជីព​ប្រដាល់ និង​បាន​ក្លាយ​ជា​អ្នក​ប្រដាល់​ជួរ​មុខ​មាន​ទីផ្សារ​ប្រកួត​ច្រើន ហើយ​​អាច​រក​បាន​ប្រាក់​ចំណូល​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​សមរម្យ។

យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ លើ​ការ​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ទី​២ ​នេះ ឃីម បូរ៉ា បាន​ប្រាប់​រឿង ​ដែល​ខ្លួន​គេ​​មាន​ការ​បារម្ភ​ខ្លាំង នោះ​គឺ​ការ​ឡើង​ប្រកួត​ជាមួយ​ជើង​ខ្លាំង អេលីត មក​ពី​ក្លិប​​នាយកដ្ឋាន​អង្គរក្ស​នៅ​សង្វៀន​ឯកភ្នំ​ខេត្ត​បាត់ដំបង​នា​ថ្ងៃទី ​២៤ ខែ មករា ឆ្នាំ ​២០២១ ខាង​មុខ​នេះ។

សិស្សគណ​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ ឃីម បូរ៉ា បាន​​បញ្ជាក់​ថា៖ ​«ខ្ញុំ​បារម្ភ​ខ្លាំង​ចំពោះ​កីឡាករ​ អេលីត ​ចំរើន ព្រោះ​គេ​ខ្លាំង ​ហើយ​ខ្ញុំ​ក៏​​មិន​ធ្លាប់​ជួប​គ្នា​កន្លង​មក​នោះ​ដែរ។ បន្ថែម​លើ​នេះ អេលីត ចំរើន ក៏​​ធ្លាប់​គ្រប់គ្រង​ខ្សែ​ក្រវាត់​ចំនួន ​៣ ​ផង​ដែរ តែ​​ទោះបី​ជា​យ៉ាង​ណា​ ​ខ្ញុំ​ត្រូវ​ខំ​ប្រឹង​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​នោះ និង​ត្រៀម​ប្រកួត​ក្នុង​កម្មវិធី​ជាច្រើន​​ទៀត ​ដែល​ខ្ញុំ​នៅ​មិន​ទាន់​បាន​ចុះ​កិច្ច​សន្យា​»៕