ភ្នំពេញ៖ ឆ្នាំ ​២០២០​ ​នេះ អាច​និយាយ​បាន​ថា ជា​ឆ្នាំ​ដ៏​ជោគជ័យ​សម្រាប់​អ្នក​ប្រដាល់​ ឃីម បូរ៉ា ដែល​ផ្ញើ​វាសនា​លើ​សង្វៀន​ប្រដាល់​គុន​ខ្មែរ រយៈ​ពេល ​១៤ ​ឆ្នាំ​ហើយ​នោះ ​បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត​មួយ​បន្ថែម​ទៀត គឺ​ឈ្នះ​ជើងឯក​ប្រាក់​លាន​ក្នុង​កម្មវិធី​ Mas Fight​ Cambodia នៅ​សង្វៀន​ថោន​ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ដោយ​ការ​ផ្តួល​កីឡាករ​​ជើង​ចាស់ សៀវ ង៉ុយ​ ឲ្យ​សន្លប់​នៅ​ទឹក​ទី​ ​២​ មុន​នឹង​បន្ត​ទៅ​ផ្តួល​កីឡាករ សោម វិឆ័យ ​ដោយ​ប្រើ​ក្បាច់​កណ្តាប់​ដៃ​បន្ថែម​ជាមួយ​នឹង​ក្បាច់​ជង្គង់​ចូល​ពោះ​សន្លប់​ ដោយ​ប្រើ​ពេល​​មិន​ដល់ ​៣ នាទី​ផង​។

ជ័យជម្នះ​នេះ​ត្រូវ​បាន​អ្នក​តាម​​ដាន​ក្នុង​ពិភព​ប្រដាល់​គុន​ខ្មែរ​ភ្ញាក់​ផ្អើល និង​កោត​សរសើរ​យ៉ាង​ខ្លាំង ខណៈ​ដែល​កាល​ពី​ថ្ងៃ​ទី ​១៣ ​ ខែ ​មិថុនា ​ឆ្នាំ ​២០២០ ​កន្លង​មក​ថ្មីៗ បាន​យក​ឈ្នះ​ខ្សែ​ក្រវាត់​ Cambodia នៅ​សង្វៀន ​CNC ​ម្តង​រួច​ទៅ​ហើយ ជាមួយ​នឹង​​ប្រាក់​រង្វាន់់​ព្រម​ទាំង​ខ្សែ​ក្រវាត់​​ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម​។​

តាម​ការ​ផ្គូផ្គង​​ពី​ដំបូង ឃីម បូរ៉ា ត្រូវ​ប៉ះ​ជាមួយ តាញ់ មករា ឯ​ណោះ​ទេ តែ​ជិត​ដល់​ថ្ងៃ​ប្រកួត តាញ់ មករា ស្រាប់​តែ​មាន​របួស​ជើង ដូច្នេះ​ត្រូវ​បាន​ដាក់​ជំនួស​ដោយ​កីឡាករ ​សៀវ ង៉ុយ ​មក​ពី​សមាគម​ប្រដាល់​កង​យោធពល​ខេមរភូមិន្ទ​ជំនួស​វិញ​។ ក្នុង​ការ​ប្រកួត​ចំនួន ​៣ ​ទឹក​តាម​ក្បាច់​គុន​ខ្មែរ​នោះ ជើង​ចាស់ សៀវ ង៉ុយ ស៊ូ​ជាមួយ​ឃីម បូរ៉ា បាន​តែ ​២ ​ទឹក​ ក៏​ដួល​សន្លប់​ក្រោយ​​មិន​អាច​ទ្រាំទ្រ​នឹង​ក្បាច់​ជង្គង់​របស់ ​បូរ៉ា ​បាន​។ រី​ឯ​អ្នក​ប្រដាល់ សោម​ វិឆ័យ ​បាន​ផ្តួល​កីឡាករ​ជើង​ចាស់ គង់ ​ហូវ​ ដែល​មក​ពី​ខេត្ត​សៀមរាប ឲ្យ​សន្លប់​ក្នុង​ទឹក​ទី ​២​ ដោយ​ក្បាច់​ជង្គង់​ដូច​គ្នា​។​

សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​របស់​​កម្មវិធី​ Mas Fight Cambodia ដែល​មាន​តែ​ ១ ​ទឹក​ចំនួន ​៩ ​នាទី​នោះ​ ឃីម​ បូរ៉ា ​បាន​ប្រើ​ពេល​មិន​ដល់ ​៣ ​នាទី​ពេញ​ផង ​ដោយ​ការ​​បញ្ជូន​កណ្តាប់​ដៃ​ចូល​ពោះ ជាមួយ​នឹង​ការ​បន្ថែម​ជង្គង់​ឆ្វេង​ភ្លាម​ៗ​ធ្វើ​ឲ្យ ​សោម ​វិឆ័យ ​សន្លប់​ធំ​តែ​ម្តង ​ដើម្បី​ឈ្នះ​នូវ​ជើងឯក​ប្រាក់​លាន​ចំនួន​ ៣ ​លាន​ ៤ សែន​រៀល ខណៈ​ដែល ​សោម ​វិឆ័យ​ ដែល​ចាញ់​ទទួល​បាន​​ ១ ​លាន ​៨ ​សែន​រៀល​។​

រំឭក​ពី​ប្រវត្តិ​ប្រកួត​របស់ ឃីម​ បូរ៉ា ​មាន​បទ​ពិសោធ​រយៈពេល ​១៤ ​ឆ្នាំ ​ជាមួយ​អាជីព​ជា​អ្នក​ប្រដាល់​​ បាន​ដើរ​ឡើង​សង្វៀន​​គ្រប់​​ច្រក​ល្ហក​មិន​ថា ជនបទ​ ​ក្រុង​ភ្នំពេញ ​និង​ស្រុក​ថៃ។ គេ​បាន​ឈាន​ដល់​​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ ​៨ ​លើក ​តែ​ទើប​ឈ្នះ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ឆ្នាំ ​២០២០ ចំនួន ២​ លើក​នេះ​ប៉ុណ្ណោះ។​

លោក ហេង ​ប៊ុនឃីម ដែល​ជា​​គ្រូ​បង្វឹក និង​ជា​ឪពុក​បង្កើត​បាន​មាន​ប្រសាសន៍​​ថា៖ «​​ខ្ញុំ ​និង​​កូន ​​ប្រឹងប្រែង​ជាមួយ​គ្នា​យូរ​ហើយ ​ប៉ុន្តែ​លទ្ធផល​មិន​ទទួល​បាន​​ដូច​យើង​គិត​នោះ​ឡើយ​ ដោយ​អាច​និយាយ​​បាន​ថា​ វា​នៅ​លើ​សំណាង​ ឬ​មិន​ទាន់​ដល់​ពេល​វេលា​ ​ដែល​យើង​ទទួល​​​ផល​។ ដូច​ជា​កូន​ច្បង​របស់​ខ្ញុំ​ ឃុន​ ឌីម៉ា​ មុន​នឹង​ទទួល​បាន​ភាព​ល្បីល្បាញ​ដល់​ពេល​នេះ​ គឺ​ឆ្លង​កាត់​ការ​ហ្វឹកហាត់​លំបាក​ខ្លាំង​ណាស់​។ ​យ៉ាង​ណា​ ខ្ញុំ​សូម​អរគុណ​ដល់​សហព័ន្ធ​ ​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ដូច​ជា ​Mas Fight ​Cambodia ​នៅ​សង្វៀន​ថោន​នេះ ​អ្នក​ទស្សនា​ដែល​និយម​ចូល​ចិត្ត​បំផុត ហើយ​ពិសេស​ការ​សម្រេច​សេចក្តី​ពេល​ប្រកួត​ គឺ​មាន​យុត្តិធម៌​ល្អ​ណាស់​»។​

សម្រាប់​លោក​ ជួប ​វុត្ថា ដែល​ជា​​ផលិតករ​ និង​​ពិធីករ​ប្រចាំ​នៅ​សង្វៀន​ Mas Fight ​Cambodia​ វិញ ​និយាយ​ថា​៖ «​​យើង​ចាប់​បើក​ការ​ប្រកួត​នេះ រយៈពេល​​ ៣៣ ​សប្តាហ៍​មក​ហើយ ដោយ​​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ណាស់​ ពិសេស​ខាង​ស្ពនស័រ​មក​ពី​ស្រាបៀរ​កម្ពុជា និង​ផលិត​ផល​មក​ពី​ជីបម៉ុង​គ្រុប ដែល​បាន​សហការ​យ៉ាង​​ល្អ​ ទើប​ធ្វើ​ឲ្យ​សកម្មភាព​ប្រកួត​កាន់​តែ​មាន​ភាព​ទាក់ទាញ​​បែប​នេះ»​៕