
កីឡាករឃីម ឌីម៉ា (ឆ្វេង) របស់កម្ពុជា បានយកឈ្នះលើ Phan Phayak ក្រោយពីបង្ខំឲ្យកីឡាករថៃរូបនេះ ចាញ់ក្នុងទឹកទី៣ យឺន ពន្លក
ភ្នំពេញ: កីឡាករ ឃីម ឌីម៉ា ជើងខ្លាំងកម្ពុជា បានយកឈ្នះជើងខ្លាំងកីឡាករថៃ Phan Phayak ត្រឹមទឹកទី ៣ ដោយស្នៀតកែងស្តាំយ៉ាងមានប្រសិទ្ធភាពកាលពីព្រឹកថ្ងៃអាទិត្យ ទី ២៧ ខែមករា ឆ្នាំ ២០១៩ នៅសង្វៀនអាស៊ីអាគ្នេយ៍។
ក្នុងសង្វៀនជាមួយគ្នានេះ កាលពីល្ងាចថ្ងៃសៅរ៍ គូដណ្តើមខ្សែក្រវាត់ខារ៉ាបាវវគ្គជម្រុះសន្សំពិន្ទុរដូវកាលទី៨ សប្តាហ៍ទី៣ កីឡាករកម្ពុជាឈ្នះទាំងអស់ទទួលបាន៣ពិន្ទុបន្ថែមដូចគ្នា ខណៈដែលកីឡាករថៃដែលចូលរួមប្រកួតក្នុងអំឡុងជម្រុះខ្សែក្រវាត់នេះ បានចាញ់ទាំង៣សប្តាហ៍។
ក្រោយពីជ័យជម្នះនេះ លោក ហេង ប៊ុនឃីម ឪពុកកីឡាករ ឃីម ឌីម៉ា បាននិយាយថា៖ «ឌីម៉ាឈ្នះក្នុងលក្ខណៈអំណោយផលល្អ ខណៈដែលកីឡាករថៃ Phan Phayak ភ្លាត់ស្នៀតទ្រេតខ្លួនទៅម្ខាង ដែលជាឱកាសមាសរបស់ឌីម៉ា ព្រលែងមួយកែងចំលើភ្នែកពេញទំហឹងដួលសន្លប់សុំចុះចាញ់តែម្តងត្រឹមទឹកទី៣»។
លោក ហេង ប៊ុនឃីម ទទួលស្គាល់ថា៖ «កីឡាករថៃ Phan Phayak ខ្លាំងពីព្រោះការប្រកួតចំនួន២ទឹកដំបូង បច្ចេកទេសប្រកួតមានលក្ខណៈប្រទាញប្រទង់ពិន្ទុគ្នានៅឡើយ ហើយការប្រកួតបានឈានចូលដើមទឹកទី ៣ កីឡាករថៃ Phan Phayak មានប្រៀបលើឌីម៉ាផងដែរ។ ទោះជាយ៉ាងណា តាមការវាយចេញយ៉ាងប្រុងប្រយ័ត្នបំផុតនោះ បានធ្វើឲ្យ ឌីម៉ា ទទួលបានឱកាសវាយក្បាច់កែងចូលគោលដៅល្អ និងមានប្រសិទ្ធភាពបណ្តាលឲ្យកីឡាករថៃ Phan Phayak ដួលសន្លប់តដៃលែងបានតែម្តង»។
កីឡាករថៃ Phan Phayak បាននិយាយក្រោពេលប្រកួតថា៖ «ការចាញ់នេះមិនអស់ចិត្ត ពីព្រោះគេវ៉ៃកែងលឿនពេកគឺមិននឹកស្មានដល់ឡើយ។ បើមានឱកាស ខ្ញុំចង់មកប្រកួតសងសឹកម្តងទៀត ពីព្រោះក្រៅពីក្បាច់កែងនោះ ឌីម៉ា ហាក់ដូចជាមិនខ្លាំងជាងខ្ញុំទេ»។
សម្រាប់គូដណ្តើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមវិញ កីឡាករថៃចាញ់ទាំង ២ គូរ ក្នុងនោះ វ៉ាន់ វឿន មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ បានផ្តួលកីឡាករថៃ Yort Vandy ត្រឹមទឹកទី ១។
ជ័យជម្នះរបស់ វ៉ាន់ វឿន បាននាំឲ្យគេមាន ៦ ពិន្ទុក្នុងពូល A ខាងកីឡាករកម្ពុជា ដោយមានលំដាប់ឈរលើកំពូលតារាង បន្ទាប់ពីឈ្នះ ២ ប្រកួត តាមរយៈការផ្តួលដៃគូតស៊ូឲ្យសន្លប់ទឹកទី៣ម្នាក់ និងទឹកទី ១ ម្នាក់។

កីឡាករហេង សំរាំង (ឆ្វេង) របស់កម្ពុជា ត្រូវបានសម្រេចឲ្យបានលទ្ធផលស្មើជាមួយនឹងកីឡាករអ៊ីរ៉ង់ Matin។ យឺន ពន្លក
អ្នកស្រីសុខា អ្នកគ្រប់គ្រងកីឡាករ វ៉ាន់ វឿន បានឲ្យដឹងថា៖ «ក្រោយផ្តួលកីឡាករថៃ វ៉ាន់ វឿន និងគ្រូបង្វឹកកំពុងត្រៀមខ្លួនហ្វឹកហាត់ឲ្យបានល្អឈានឆ្ពោះទៅដណ្តើមយកខ្សែក្រវាត់ឲ្យបានក្នុងពេលខាងមុខ ពីព្រោះក្នុងចំណោមកីឡាករកម្ពុជាចំនួន៤រូប មានតែ វ៉ាន់ វឿន នេះ កំពុងមានប្រៀបនៅលើកំពូលតារាងបណ្តោះអាសន្នដែលកំពុងតាមប្រជែងពីក្រោយនូវកីឡាករខ្លាំងៗចំនួន ៣ នាក់ទៀត»។
ជាមួយគ្នានេះដែរ កីឡាករ សេន កុសល គិតត្រឹមសប្តាហ៍នេះ ក៏មាន ៦ ពិន្ទុដែរ ដោយឈរក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងពូលកីឡាករកម្ពុជាបណ្តោះអាសន្ន។
ក្នុងការប្រកួតជាមួយកីឡាករ Deuk Ken សេន កុសល បានឈ្នះបាន ៣ ពិន្ទុបន្ថែម ប៉ុន្តែឆ្លងកាត់ការប្រកួតស្វិតស្វាញ និងតឹងតែង។ ចំណែកគូមិត្តភាពអន្តរជាតិយប់ថ្ងៃសៅរ៍ កីឡាករហេង សំរាំង មកពីក្លិបព្រៃទទឹងខេត្តបាត់ដំបង បានវាយស្មើជាមួយកីឡាករមកពីអ៊ីរ៉ង់ Matin ក្នុងទម្ងន់ ៧១ គីឡូក្រាម។
កីឡាករជើងថ្មីវ័យក្មេង រិទ្ធ ភូលូ មកពីក្លិបអាណាចក្រគុនខ្មែរ បានប្រកួតស្មើជាមួយជើងខ្លាំងរបស់ថៃ Loom Leng ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាម៕