ភ្នំពេញ៖ ​ក្រុម​កីឡាករ កីឡាការិនី​ឃ្មុំ​មាស​កំពង់ធំ ​បាន​រក​ឃើញ​នូវ​ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ ដើម្បី​​ក្លាយ​ជា​ម្ចាស់​ជើងឯក​ ការ​​ប្រកួត​ជើងឯក​បាល់​បោះ​ជិះ​រទេះ​ជន​ពិការ លើក​ទី ​១ ឆ្នាំ ​២០១៩ ខណៈ​កម្រិត​បច្ចេកទេស​ពិសេស​ក្រុម​នារី ដែល​បាន​ចូលរួម​​ប្រជែង ក្នុង​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា (NPCC) វាយ​តម្លៃ​ថា មាន​ការ​​រីក​​ចម្រើន​ខ្លាំង ដែល​អាច​នឹង​ឈាន​ទៅ​ដណ្តើម​បាន​មេដាយ​មាស ឬ​​​ប្រាក់ ក្នុង​ការ​ប្រកួត​អាស៊ាន​​ប៉ារ៉ាហ្គេម នៅ​ប្រទេស ​ហ្វីលីពីន នា​ដើម​ឆ្នាំ ​២០២០។

តាមរយៈ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅ​ទីលាន Premium Sport Club ក្នុង​ខណ្ឌ​ទួលគោក ដែល​បាន​បញ្ចប់​កាល​ពី​វេលា​ម៉ោង ​១១:៣០ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នោះ ក្រុម​ឃ្មុំមាស​កំពង់ធំ បាន​បង្ហាញ​ការ​លេង​យ៉ាង​ស្វាហាប់ ក្នុង​ការ​វាយ​បក​យក​ឈ្នះ​ក្រុម​ឪម៉ាល់​មាន​រឹទ្ធ​បាត់ដំបង ជា​មួយ​ពិន្ទុ ៤១-៣២ ដើម្បី​​លើក​ពាន​​យ៉ាង​ស័ក្តិសម​បំផុត។

ចំណែក​ក្រុម​អង្គរ​បាជ័យកំពង់ចាម បាន​យក​ឈ្នះ​ក្រុម​រ៉ៃ​មាស​ឧត្តរមានជ័យ ៣៦-១៦ ដើម្បី​ទទួល​បាន​​លេខ ​៣ ខណៈ​​ពិធី​ប្រគល់​ពាន ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​លោក តែម ម៉ឺន អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ព្រមទាំង​អ្នក​ជំនាញ និង​គ្រូ​បង្វឹក​មក​ពី​ក្រៅ​ប្រទេស ជា​ច្រើន​រូប​ទៀត។

លោក យី វាសនា អគ្គលេខាធិការ ​NPCC បាន​​ថ្លែង​ក្រោយ​ការ​ប្រកួត​ថា៖ ​«​ក្រុម​បាល់​បោះ​ជិះ​រទេះ​ផ្នែក​នារី​របស់​យើង នឹង​ទៅ​ចូលរួម​ការ​ប្រកួត​ជើងឯក​ពិភព​លោក នៅ​ថៃ នា​ថ្ងៃទី ​២៧ ខែ​វិច្ឆិកា​នេះ។ បន្ថែម​លើ​នេះ ​ពួក​យើង​ក៏​នឹង​ត្រូវ​ទៅ​ចូលរួម​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី ​១០ នៅ​ហ្វីលីពីន ពី​ថ្ងៃទី ១៨ ដល់​ទី ​២៥ ខែ មករា ឆ្នាំ ​២០២០ ផង​ដែរ ហើយ​តាមរយៈ​ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​នេះ យើង​មើល​ឃើញ​ថា គុណ​ផល និង​កម្រិត​បច្ចេកទេស​របស់​ពួក​គាត់​មាន​សក្តានុពល​ខ្ពស់​ណាស់»។

អគ្គលេខាធិការ​រូប​នេះ បាន​បន្ត​ថា៖ ​«គ្រូ​បង្វឹក​មក​ពី​បរទេស ដែល​បាន​អង្គុយ​មើល​ការ​ប្រកួត​នេះ គាត់​មាន​ការ​កោត​សរសើរ​ដល់​ក្រុម​បាល់​បោះ​ជិះ​រទេះ​នារី​​របស់​យើង ដោយ​គាត់​បាន​វាយ​តម្លៃ​ថា ទៅ​ថ្ងៃ​អនាគត​ពួក​គេ​នឹង​ក្លាយ​ជា​ជើង​ឯក នៅ​អាស៊ី​នឹង​អាច​ទៅ​ដណ្តើម​បាន​មេដាយ​ពិភព​លោក​បាន​ទៀត។

លោក​បាន​បញ្ជាក់​ថា៖ ​«​ខ្ញុំ​វាយ​តម្លៃ​ខ្ពស់​ថា សម្រាប់​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី ​១០ នេះ គឺ​បើ​សិន​យើង​អាច​យក​ឈ្នះ​ថៃ យើង​នឹង​ដណ្តើម​បាន​មេដាយ​មាស ព្រោះ​ឥឡូវ​នេះ​គូ​ប្រកួត​របស់​យើង នៅ​ក្នុង​តំបន់​អាស៊ាន​នេះ មាន​តែ​​ថៃ​មួយ​ទេ ដែល​យើង​គិត​ថា អាច​ស៊ី​យើង​បាន ប៉ុន្តែ​ក្រៅ​ពី​នេះ​នៅ​ឆ្ងាយ​ពី​កម្ពុជា​អ៊ីចឹង​​កម្ពុជា បើ​មិន​បាន​មេ​ដាយ​​មាស គឺ​មេដាយ​​ប្រាក់ លើ​វិញ្ញាសា​បាល់​បោះ​ជិះ​រទេះ​នារី​នេះ»៕